ការនាំចេញកម្ពុជាកើនឡើងក្នុងត្រីមាសទី១ (Video Inside)
ការនាំចេញរបស់កម្ពុជាសម្រេចបានទឹកប្រាក់ជិត ៦ពាន់លានដុល្លារ កើនឡើងជិត២៦% ក្នុង រយៈពេល៣ខែដើមឆ្នាំនេះ ។ យោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្នុងត្រីមាសទី១ ឆ្នាំ២០២២នេះ កម្ពុជាបាននាំចេញទំនិញសម្រេចបានទឹកប្រាក់ ៥ពាន់៧១៦ លានដុល្លារអាមេរិក ដែលកើនឡើង២៥.៧% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២១ ។ កាលពីឆ្នាំ២០២១, ការនាំចេញរយៈពេល៣ខែដើមឆ្នាំ មានចំនួន៤ពាន់៥៤៩លានដុល្លារ។
ទីផ្សារសំខាន់ៗដែលកម្ពុជានាំចេញផលិតផល រួមមាន៖ នាំចេញទៅសហរដ្ឋអាមេរិកមាន ទឹកប្រាក់ជាង ២ពាន់១៥០លានដុល្លារ ដែលកើនឡើង៤៣.៧%, នាំចេញទៅវៀតណាម ចំនួន ៧៥៨លានដុល្លារ កើនឡើង៣.៩%, នាំចេញទៅថៃចំនួន៣១៨ កើនឡើង២៨%, នាំចេញ ទៅ ប្រទេសចិនចំនួន៣២១លានដុល្លារ និងការនាំចេញទៅជប៉ុនចំនួន ៣០៥លានដុល្លារ។
ក្នុងរយៈពេលបីខែនេះ កម្ពុជានៅបាននាំចេញសំលៀកបំពាក់តម្លៃ ២ពាន់១៣៧លានដុល្លារ, ធញ្ញជាតិ ៤០៤ លានដុល្លារ, សម្ភារៈធ្វើពីស្បែកសត្វចំនួន ៤៩៥លានដុល្លារ, ស្បែកជើងចំនួន ៤២១លានដុល្លារ, ម៉ាស៊ីន និងឧបករណ៍អគ្គិសនីតម្លៃ ៣៦៥លានដុល្លារ, ផ្លែឈើ ២៣៤លាន ដុល្លារ, បន្លែចំនួន២១៩លានដុល្លារ, គ្រឿងសង្ហារឹមចំនួន១៦៨លានដុល្លារ , គុជខ្យង និងត្បូង មានតម្លៃ ចំនួន ៩១លានដុល្លារ ,កៅស៊ូ ចំនួន១១៧លានដុល្លាររួមនឹងផលិតផលសំខាន់ៗ ផ្សេងទៀត។ អនុប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី បណ្ឌិត ឆេង គឹមឡុង បានឲ្យដឹងថា កំណើននៃការនាំ ចេញទំនិញក្នុងត្រីមាសទី១នេះ គឺដោយសារការបញ្ជាទិញកាលពីឆ្នាំមុន បន្ទាប់ពីប្រទេស ធំៗមួយចំនួន បានចាប់ផ្តើមបើកប្រទេសឡើងវិញ ដែលនាំឱ្យមានតម្រូវការទំនិញកើនឡើង។