អាមេរិក​​នឹង​​បញ្ជូន​​កាំភ្លើង​​ធំ​​បន្ថែម​​ទៀត​​ទៅ​​ជួយ​​អ៊ុយក្រែន​​ទប់​ទល់​​ការ​​វាយ​​ប្រហារ​​របស់​​រុស្ស៊ី​

សហរដ្ឋ​អាមេរិក​​និយាយ​ថា​ ខ្លួន​នឹង​បញ្ជូន​កាំភ្លើង​ធំ​បន្ថែម​ទៀត​​ទៅ​អ៊ុយក្រែន​ ដើម្បី​ជួយ​ទប់​ទល់​នឹង​ការ​បង្កើន​ការ​វាយ​លុក​យោធា​ជា​ថ្មី​របស់​រុស្ស៊ី​ ដែល​បញ្ជូន​ទ័ព​រាប់​ពាន់​នាក់​ទៅ​ភាគ​ខាង​ត្បូង​ និង​ជា​ពិសេស​តំបន់​ភាគ​ខាង​កើត​ដុនបាស​ និង​ក្រុង​ខាកៀវ​។​  ​

បញ្ចាក់​ពី​លើ​ចម្លើយ​ទៅ​អ្នក​កាសែត​របស់​លោក​ប្រធានាធិបតី​ ចូ ​បៃដិន​ កាល​ពី​អង្គារ​ ​អ្នក​នាំ​ពាក្យ​មន្ទីរ​បញ្ចកោណ​ លោក​ ចន​ ឃឺរប៊ី​ (John Kirby) ​​និយាយ​ថា​៖​ «​ប្រសិន​បើ​ប្រជាជន​អ៊ុយក្រែន​ ចង់​បាន​ការ​គាំទ្រ​កាំភ្លើង​ធំ​បន្ថែម​ទៀត​ នោះ​យើង​នឹង​ធ្វើ​អ្វី​ដែល​យើង​អាច​ធ្វើបា​ន ​ដើម្បី​ផ្តល់​ការ​គាំទ្រ​​​»​។ ​

មន្ត្រី​ការពារ​ជាតិ​ជាន់​ខ្ពស់​​អាមេរិក​ម្នាក់​និយាយ​ជា​អនាមិក​កាល​ពី​ថ្ងៃ​អង្គារ​ថា​ ជំនួយ​សព្វាវុធ​ ដែល​ជា​ផ្នែក​មួយ​នៃ​កញ្ចប់​អាវុធ​តម្លៃ​ ៨០០ ​លានដុ​ល្លារ ​ដែល​រដ្ឋបាល​បៃដិន​អនុម័ត​កាល​ពី​សប្តាហ៍​មុន​ រួម​មាន​ប្រព័ន្ធ​កាំភ្លើង​ធំ​ កាំភ្លើង​ធំ​ នាវា​ផ្ទុក​ពាស​ដែក​ និង​ឧទ្ធម្ភាគចក្រ​ នឹង​បញ្ជូន​ទៅ​អ៊ុយក្រែន​។​ ​

អ្នកស្រី ជេន សាគី (Jen Psaki) អ្នក​នាំ​ពាក្យ​សេតវិមាន​​និយាយ​ថា​ លោក ​បៃដិន​ និង​មេដឹក​នាំ​បស្ចិម​លោក​ដទៃ​ទៀត​ រួម​មាន​ទាំង​ជប៉ុន​ មេ​ដឹក​នាំ​នៃ​ក្រុម​ប្រឹក្សា​អឺរ៉ុប​ ណាតូ​ និង​គណៈកម្មការ​អឺរ៉ុប​ ​បាន​ពិភាក្សា​គ្នា​កាល​ពី​ថ្ងៃ​អង្គារ​​អំពី​ការ​បង្កើន​ការ​គាំទ្រ​ផ្នែក​យោធា​ដល់​អ៊ុយក្រែន​។​

ការ​សន្យា​ផ្តល់​អាវុធ​បន្ថែម​ទៀតធ្វើ​​ឡើង​នៅ​ពេល​ដែល​ប្រធានាធិបតី​អ៊ុយក្រែន​លោក​ វ៉ូឡូឌីមៀ​ ហ្សេឡេនស្គី​  (Volodymyr Zelensky) ​​និយាយ​ថា​ ជំនួយ​យោធា​លោក​ខាង​លិច​​​ខ្វះ​មិន​អាច​បំពេញ​តម្រូវ​ការ​របស់​ប្រទេស​។​ ​​សហរដ្ឋ​អាមេរិក​ ​សន្យា​ផ្តល់​ជំនួយ​ចំនួន​ ២,៥ ​ប៊ី​លាន​ដុល្លារ​ដល់​អ៊ុយក្រែន​ចាប់​តាំង​​សង្រ្គាម​ផ្ទុះ​ឡើង​នៅ​ចុង​ខែ​កុម្ភៈ​មក​។​

រុស្ស៊ី​ ដែល​ហៅ​ជំនួយ​សព្វាវុធ​លោក​ខាង​លិច​ថាអូស​បន្លាយ​​សង្គ្រាម​​ឈ្លាន​ពាន​របស់​ខ្លួន​ បញ្ជាក់​កាល​ពី​ថ្ងៃ​អង្គារ​ថា​ ខ្លួន​​ចាប់​ផ្តើម​ការ​វាយ​លុក​​​នៅ​​តំបន់​ដុនបាស​ ​ដើម្បី​រំដោះ​ទាំង​ស្រុង​នូវ​សាធារណ​រដ្ឋ​ប៉ះបោរ​ដុនណែតស៍​ និង​លូហានស្ក៍​ ដែល​ខ្លួន​គាំទ្រ​។​ លោក​ ហ្សេឡេនស្គី ​​និយាយ​ថា​ សមរភូមិ​ដុនបាស​បាន​ចាប់​ផ្តើម​កាល​ពី​ថ្ងៃ​ចន្ទ​។​

​មន្រ្តី​សន្តិសុខ​អ៊ុយក្រែន​និយាយ​ថា​ នា​ពេល​នេះ​កង​ទ័ព​រុស្ស៊ី​​កំពុង​ព្យាយាម​ទម្លុះ​ទីតាំង​របស់​អ៊ុយក្រែន​ «​តាម​ខ្សែ​បន្ទាត់​​ជួរ​មុខ​ស្ទើរ​តែ​ទាំង​មូល​នៃ​តំបន់​ដុនណែតស៍​ និង​លូហានស្ក៍​ និង​ទីក្រុង​ខាកៀវ​»​​​។ ​​មន្រ្តី​សហរដ្ឋ​អាមេរិក​និយាយ​ថា​ រុស្ស៊ី​ប្រមូល​ផ្ដុំ​ទ័ព​​រាប់​ពាន់​នាក់​នៅ​ទាំង​តំបន់​ភាគ​ខាង​ត្បូង​ និង​ភាគ​ខាង​កើត​ ហើយ​ប្រសិន​បើ​រុស្ស៊ី​អាច​យក​ឈ្នះ​នៅ​តំបន់​  Mariupol នោះ​​វា​នឹង​អាច​ដោះ​លែង​ទាហាន​ដែល​អ៊ុយក្រែន​ចាប់​បាន​រាប់​ពាន់​នាក់​ទៀត​ ដើម្បី​ប្រយុទ្ធ​នៅ​តំបន់​ដុនបាស​ទាំង​មូល​។​ ​

ទោះបី​មេ​ដឹក​នាំ​រុស្ស៊ី​ លោក​ វ្ល៉ាឌីមៀ​ ពូទីន​ អះ​អាង​ថា​ គោល​បំណង​នៃកា​រ​លុក​លុយ​​ គឺ​​ដណ្តើម​យក​តំបន់​ដុនបាស​ក្ដី​ មន្ត្រី​អ៊ុយក្រែន​បារម្ភ​ថា​ ការ​វាយ​លុក​នេះ​អាច​ឈាន​ទៅ​ដល់​ការ​ប៉ុនប៉ង​ដណ្តើម​យក​ទឹក​ដី​ក្នុង​ប្រទេស​ផ្សេង​ទៀត​។​ គិត​ត្រឹម​ថ្ងៃ​អង្គារ​ រុស្ស៊ី​បាន​ចូល​កាន់​កាប់​ក្រុង​ Kreminna ​​​ក្នុង​តំបន់​ភាគ​ខាង​កើត​ ដែល​មាន​ប្រជាជន​រស់​នៅ​ជាង ​១៨ ០០០ ​នាក់​ បន្ទាប់​ពី​កង​ទ័ព​អ៊ុយក្រែន​បាន​ដក​ខ្លួន​ចេញ​​​។

ប្រភព៖ FT

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner