គណៈប្រតិភូសភាជាន់ទាបឥណ្ឌា នឹងអញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការ នៅកម្ពុជាចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែមេសា

ភ្នំពេញ៖ គណៈប្រតិភូសភាជាន់ទាបឥណ្ឌា ដឹកនាំដោយឯកឧត្តម អូម ប៊ីឡា (O M BIRLA) ប្រធានរដ្ឋសភា និងអញ្ជើញមកដល់ព្រះរាជាណាចក្រកម្ពុជានៅយប់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២នេះ តបតាមការអញ្ជើញរបស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម អំ ប៊ីឡា (OM BIRLA) ប្រធានសភាជាន់ទាប នៃសាធារណរដ្ឋឥណ្ឌានឹងអញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២។

នេះបើយោងតាមការជូនដំណឹងរបស់រដ្ឋសភានៅថ្ងៃទី២១ ខែមេសានេះ បានឱ្យដឹងថា តាមកម្មវិធីនៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ស្អែកនេះ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានិងអញ្ជើញទទួលបដិសណ្ឋាកិច្ចប្រធានរដ្ឋសភាជាន់ទាបឥណ្ឌានៅមុខវិមានរដ្ឋសភា និងអញ្ជើញអមដំណើរទៅបន្ទប់ជួបសវនាការ។ នៅក្នុងអំឡុងពេល នៃដំណើរទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម អំ បឺរឡា ប្រធានសភាជាន់ទាប នៃសាធារណរដ្ឋឥណ្ឌា នឹងចូលក្រាបបង្គំគាល់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងចូលជួបសម្តែងការគួរសមជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។

រដ្ឋសភាបានបញ្ជាក់ថា ដំណើរទស្សនកិច្ចផ្លូវការ និងមិត្តភាពរបស់គណៈប្រតិភូសភាជាន់ទាប នៃសាធារណរដ្ឋឥណ្ឌា នាពេលនេះ គឺធ្វើឡើងក្នុងឱកាសខួបទី៧០ឆ្នាំ នៃទំនាក់ទំនងមិត្តភាពការទូតប្រទេសទំាងពីរកម្ពុជា-ឥណ្ឌា ដែលនឹងឈានចូលមកដល់ឆាប់ៗនេះ និងដើម្បីពង្រឹងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការប្រទេសទំាងពីរ ទំាងខាងស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិឱ្យកាន់តែរីកចម្រើន រឹងមាំ និងគ្រប់ជ្រុងជ្រោយថែមទៀត។

គួរបញ្ជាក់ថា កម្ពុជាបានភ្ជាប់ទំនាក់ទំនងការទូតជាមួយឥណ្ឌា តាំងពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ១៩៥២ គឺមុនពេលដែលកម្ពុជាទទួលបានឯករាជ្យភាពបរិបូរណ៌ពីបារាំង នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣។ នេះសបញ្ជាក់ឱ្យឃើញថា មិត្តភាពកម្ពុជា-ឥណ្ឌា មានទំនាក់ទំនងល្អតាំងពីយូរលង់ណាស់មកហើយ។

សូមជម្រាបថា មុននឹងបញ្ចប់ដំណើរទស្សនកិច្ច នៅព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម អំ បឺរឡា និងគណៈប្រតិភូ នឹងអញ្ជើញទៅទស្សនាប្រាសាទនានា នាខេត្តសៀមរាបផងដែរ៕

ដោយ៖ពលជ័យ

ads banner