អគារសិក្សា និងទីចាត់ការចំនួន ០២ខ្នង ដែលជាអំណោយរបស់អ្នកឧកញ៉ា តាំង ផេងប៉ោ បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ
ខេត្តឧត្តរមានជ័យ ៖ អគារសិក្សា១ខ្នង មាន៤បន្ទប់ អគារទីចាត់ការ១ខ្នង ២បន្ទប់ បង្គន់អនាម័យ១ខ្នង ៤បន្ទប់ របង និងដងទង់ជាតិ ដែលជាអំណោយចូលរួមកសាងសាលា របស់អ្នកឧកញ៉ា តាំង ផេងប៉ោ និងលោកជំទាវ ឃុន ណៃ ព្រមទាំងបុត្រាបុត្រី រួមជាមួយសប្បុរសជនដទៃទៀត ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ ២០២២ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី ទទួលបេសកកម្មពិសេសនិងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តឧត្តរមានជ័យ ឯកឧត្ដម ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ នៅបរិវេណសាលាបឋមសិក្សាថ្គាមរមាស ស្ថិតនៅភូមិជើងភ្នំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។
ឯកឧត្ដម នាយឧត្តមសេនីយ៍ គន់ គីម បានបង្ហាញសេចក្តីរីករាយ និងកោតសរសើរនូវទឹកចិត្តដែលអ្នកឧកញ៉ា តាំង ផេងប៉ោ និងលោកជំទាវ បានរួមចំណែកជួយនូវការអភិវឌ្ឍន៍វិស័យអប់រំ។ ឯកឧត្ដម ទេសរដ្ឋមន្ត្រីថ្លែងថា បច្ចុប្បន្នខេត្តឧត្តរមានជ័យ កំពុងមានអភិវឌ្ឍគ្រប់ទីកន្លែងដូចជា មផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ មណ្ឌលសុខភាព ព្រមទាំងអគារសំណង់ជាច្រើន ដែលទំាងនេះគឺជាការឆ្លើយតបតាមសំណូមពររបស់ពលរដ្ឋ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធ ដែលរាជរដ្ឋាភិបាលកំពុងជំរុញការយកចិត្តទុក្ខដាក់តបណ្តាញពង្រីកសេវ៉ាពីក្រុងមកជនបទស្ទើគ្រប់ទីកន្លែង។
ក្នុងឱកាសនោះផងដែរ អ្នកឧកញ៉ា តាំង ផេងប៉ោ និងលោកជំទាវ បានបង្ហាញអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង ដែលលោក បានរួមចំណែកជួយដល់សង្គមជាតិ ព្រោះការសាងសង់អគារសិក្សា ដ៏មានគុណភាពរឹងមាំ និងសុវត្ថិភាពខ្ពស់ តែងតែជាសកម្មភាពមួយដ៏ល្អប្រពៃបំផុត ព្រោះប្អូនៗនឹងទទួលបានឱកាសសិក្សាគ្រប់ៗគ្នា ដែលជាកត្តាជំរុញដល់ការអភិវឌ្ឍន៍ប្រទេស ដូចនេះ ខ្ញុំសង្ឍឹមថា ការរួមចំណែកមួយនេះ នឹងផ្តល់ផលជាវិជ្ជមានយូរអង្វែងដល់កុមារាកុមារីគ្រប់ជំនាន់ ។
ជួសមុខឱ្យថ្នាក់ដឹកនាំអប់រំ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងសហគមន៍មាតាបិតាសិស្ស លោកអភិបាលស្រុក បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះម្ចាស់ជំនួយ ដែលបានផ្តល់នូវអគារអប់រំដ៏រឹងមាំថ្មីនាពេលនេះ និងសូមសន្យាថា ប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធទាំងនេះ ឱ្យចំគោលដៅ និងថែរក្សាឱ្យបានគង់វង្សយូរអង្វែងផងដែរ៕ ដោយ៖ស៊ី សែង