បុរសម្នាក់បើកត្រាក់ទ័រភ្ជួរដី ជាន់គ្រាប់មីនតោនផ្ទុះរងរបួសធ្ងន់ ដោយឡែកត្រាក់ទ័រ រងការខូចខាតទាំងស្រុង

ព្រះវិហារ ៖ បុរសម្នាក់ បានរងរបួសធ្ងន់ ខណៈពេលកំពុងបើកបរត្រាក់ទ័រភ្ជួរដី ដោយសារជាន់មីនតោន ផ្ទុះផ្អើលប្រជាពលរដ្ឋ ដោយឡែកអាត្រាក់ទ័រ បានរងការខូចខាតទាំងស្រុង ។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១៥ និង២០នាទី ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ ត្រង់ចំណុចអូរសឹង ស្ថិតនៅក្នុងភូមិកន្ទួត ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ចំងាយប្រហែល ៣ គីឡូម៉ែត្រពី ភូមិ ។

យោងតាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានអង្គុយបើកត្រាក់ទ័រភ្ជួរដីស៊ីឈ្នួលគេ នៅក្នុងភូមិសាស្ត្រកើតហេតុខាងលើ។ ខណៈពេលកំពុងភ្ជួរៗ ក៏បានប៉ះចំលើគ្រាប់មីនតោន ចំនួនមួយគ្រាប់ តែសំណាងល្អគ្រាប់មីន មួយនោះមិនផ្ទុះ ឃើញដូច្នោះជនរងគ្រោះបានបញ្ជារឲ្យម្ចាស់ដី រកឈើដោតធ្វើជាសញ្ញា ដើម្បីផ្តល់ដំណឹងទៅអាជ្ញាធរមានសមត្ថកិច្ច។ រួចជនរងគ្រោះ ក៏បើកត្រាក់ទ័រភ្ជួរដីបន្ត ប៉ុន្តែជាអកុសល ក៏ប្រទះចំលើគ្រាប់មីនតោនទី២ ផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់ ផ្នែកក្បាល និងបាក់ឆ្អឹងខ្មងជើងស្តាំ ។ រីឯត្រាក់ទ័របានរងនូវការខូចខាតទាំងស្រុង ។

ជនរងគ្រោះមានឈ្មោះ ហុី សៀក ភេទប្រុស អាយុ 43ឆ្នាំ មុខរបរកសិករ បច្ចុប្បន្នរស់នៅភូមិចំបក់សែនជ័យ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ក្រោយកើតហេតុជនរងគ្រោះ ក៍ត្រូវបានបងប្អូនសាច់ញាតិ ដឹកនាំយកទៅជួយសង្គ្រោះបឋម នៅមន្ទីរពេទ្យកងពលតូចអន្តរាគមន៍លេខ៨ និងធ្វើការបញ្ជូនបន្តទៅកាន់មន្ទីរពេទ្យខេត្តសៀមរាប ៕ សួន លីណា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner