ឯកឧត្តម សាយ សំអាល់ អញ្ជើញជួបសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយបងប្អូនកម្មករកំពង់ផែស្វយ័តខេត្តព្រះសីហនុ

ព្រះសីហនុ៖ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ បានអញ្ជើញជួបសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយបងប្អូនកម្មករកំពង់ផែស្វយ័ត នាល្ងាចថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២។

ក្នុងឱកាសសំណេះសំណាលនេះ ឯកឧត្តមរដ្ឋមន្ត្រី សាយ សំអាល់ បានសម្តែងក្តីសោមនស្សរីករាយ ក៏ដូចជាកោតសរសើរនូវវីរភាពនៃមន្ត្រីគ្រប់លំដាប់ថ្នាក់ក្នុងកំពង់ផែស្វយ័តខេត្តព្រះសីហនុ ដែលបានបំពេញការងារប្រកបដោយវិជ្ជាជីវៈ មានវិន័យ ច្បាស់លាស់ និងការទទួលខុសត្រូវខ្ពស់ ដែលជាផ្នែកមួយក្នុងការចូលរួមរក្សានូវកំណើនសេដ្ឋកិច្ចក្នុងខេត្តព្រះសីហនុ និងទូទាំងប្រទេសផងដែរ។

ជាមួយគ្នានេះ ឯកឧត្តមគូសបញ្ជាក់ប្រាប់ដល់បងប្អូនកម្មករឱ្យដឹងបន្ថែមទៀតថា រាជរដ្ឋាភិបាលបាននិងកំពុងគាំទ្រដល់ការអភិវឌ្ឍខេត្តព្រះសីហនុឱ្យក្លាយជាខេត្តគំរូសេដ្ឋកិច្ចពហុបំណង តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ប្រព័ន្ធចម្រោះទឹកកខ្វក់ ការរៀបចំទីក្រុងបានល្អស្អាត ហើយមានព្រលានយន្តហោះខ្នាតអន្តរជាតិ ដែលជាសក្តានុពលសេដ្ឋកិច្ចយ៉ាងសំខាន់សម្រាប់ការអភិវឌ្ឍប្រទេសកម្ពុជា និងរួមចំណែកផ្តល់ប្រយោជន៍ដល់ប្រជាពលរដ្ឋនៅក្នុងខេត្តព្រះសីហនុ នាពេលបច្ចុប្បន្ន និងទៅអនាគត។

គួរបញ្ជាក់ឱ្យដឹងថា ពិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ថ្នាក់ដឹកនាំក្រសួងបរិស្ថាន និងស្ថាប័នពាក់ព័ន្ឋ ដែលជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តព្រះសីហនុ និងបងប្អូនកម្មករកំពង់ផែស្វយ័តខេត្តព្រះសីហនុ ជាងមួយពាន់នាក់៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner