ឯកឧត្តម ឱម យ៉ិនទៀង៖ សន្លឹកឆ្នោតមួយសន្លឹកមានតម្លៃណាស់ ព្រោះវាជាការកំណត់ជោគវាសនារបស់ប្រទេសជាតិ ជោគវាសនាឃុំ-សង្កាត់របស់បងប្អូន
ភ្នំពេញ៖ ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខណ្ឌទួលគោក បានថ្លែងផ្តាំផ្ញើទៅកាន់សមាជិក សមាជិកាថ្មីរបស់គណបក្សប្រជាជនកម្ពុជា ថា ត្រូវយកចិត្តទុកដាក់ចំពោះនិតិវិធីក្នុងការបោះឆ្នោតនាពេលខាងមុខ ដោយត្រៀមឯកសារឱ្យបានគ្រាប់គ្រាន់នៅមុនថ្ងៃបោះឆ្នោត ព្រោះសន្លឹកឆ្នោតមួយសន្លឹករបស់បងប្អូន គឺមានតម្លៃណាស់ ប្រសិនបងប្អូនមានកំហុសឆ្គងណាមួយមិនបានបោះឆ្នោត ឬ បោះឆ្នោតហើយតែជាសន្លឹកឆ្នោតមិនបានការ ដោយសារតែបងប្អូនធ្វើឲ្យមានកំហុសលើសន្លឹកឆ្នោត នោះគឺជាការសោកស្តាយមួយ ព្រោះ ៥ឆ្នាំទើបបោះឆ្នោតម្តង ខណៈសន្លឹកឆ្នោតរបស់បងប្អូន គឺជាការកំណត់ជោគវាសនារបស់ប្រទេសជាតិ ជោគវាសនាឃុំសង្កាត់របស់បងប្អូន។
ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង បានថ្លែងបែបនេះក្នុងពិធីប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាថ្មីក្នុងសង្កាត់ផ្សារដេប៉ូ១ ,ផ្សារដេប៉ូ ២ និងផ្សារដេប៉ូ ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ចំនួន ៧៦៦នាក់ នាថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២ នៅសាលមហោស្រពចេនឡា ។
ឯកឧត្តម ឱម យ៉ិនទៀង បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះសមាជិកថ្មីទាំង ៧៦៦នាក់ដែលបានសម្រេចចិត្តយ៉ាងត្រឹមត្រូវបំផុតក្នុងការចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សនយោបាយមួយមានវ័យចំណាស់ជាងគេ, ជាគណបក្សមានអាទិភាពជាងគេក្នុងសង្គមកម្ពុជា, ជាគណបក្សដែលមានធនធានមនុស្សច្រើនសំបូរបែប ។
ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិតបានថ្លែងថា ការជ្រើសគណបក្សត្រូវ គឺប្រៀបដូចជាជ្រើសរើសដំណើរជីវិតបានត្រឹមត្រូវដែរ ព្រោះក្នុងការដឹកនាំប្រទេសជាង ៣០ឆ្នាំកន្លងមកនេះ គណបក្សប្រជាជនកម្ពុជា ឈ្នះឆ្នោតរហូត គឺដោយតែគណបក្សបានគិតពីផលប្រយោជន៍ប្រជាជនជាធំ, គណបក្ស ថែរក្សាបាននូវសុខសន្តិភាព និងការអភិវឌ្ឍប្រទេសប្រជាពលរដ្ឋរស់នៅប្រកបដោយសុខ ដុមរមនាអ្នកណាក៏អាចនៅជាមួយបានដែរ ។
គណបក្សប្រជាជនកម្ពុជា ខុសពីគណបក្សផ្សេង ដោយគណបក្សផ្សេងមិនទាន់ទាំងឈ្នះឆ្នោតផង បានប្រកាសជាមុនថា «មានឯងអត់អញ, មានអញអត់ឯង» បានសេចក្តីថា នៅពេលដែលគេឈ្នះឆ្នោត អ្នកដែលធ្លាប់ធ្វើការជាមួយគណបក្សប្រជាជនកម្ពុជាទាំងអស់ និងត្រូវគេបណ្តេញចេញ និងដាក់អ្នកថ្មីដែលជាក្រុមបក្សរបស់គេមកជំនួសទាំងអស់ ដូចដែលនយោបាយ «ទឹកឡើងត្រីស៊ីស្រមោច ទឹកហោចស្រមោចស៊ីត្រី» គឺជានយោបាយមួយដែលបង្កមហន្តរាយសម្រាប់ប្រទេសជាតិ, ដូច្នេះបងប្អូនត្រូវចាំទុក គណបក្សប្រជាជនឈ្នះឆ្នោត ប្រជាពលរដ្ឋរស់នៅដោយភាពសុខដុម គ្មានការរើសអើង និង ប្រកាន់គណបក្ស ជាតិសាសន៍ ព័ណ៌សប្បុរ សាសនា អ្វីឡើយ ។
ឯកឧត្តមប្រធានក្រុមការងារ ក៏បានលើកឡើងពីស្នាដៃធំៗដែលគណបក្សប្រជាជនកម្ពុជាសម្រេចបានដូចជា៖ ការចូលរួមដណ្ដើមឯករាជ្យពីបារាំង, ការរំដោះប្រទេសពីរបបប្រល័យពូជសាសន៍ប៉ុលពត, ការកសាងប្រទេសពីបាតដៃទទេ, ការចរចាស្វែងរកការបង្រួបបង្រួមជាតិ និងការគាំទ្រដំណើរការបោះឆ្នោតឆ្នាំ១៩៩៣ ដែលនាំមកនូវលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងរបបរាជានិយមអាស្រ័យធម្មនុញ្ញ ,ការផ្ដួចផ្ដើម និងអនុវត្តនយោបាយឈ្នះឈ្នះ នាំមកនូវសុខសន្តិភាព ឯកភាពជាតិនិងទឹកដី, ការបន្តថែរក្សា ការ ពារសុខសន្តិភាព ស្ថិរភាពនយោបាយនិងសង្គម ដើម្បីបង្កឱកាសដល់ការអភិវឌ្ឍជាតិដូចបច្ចុប្បន្ន ហើយថ្មីៗនេះទៀត គឺការប្រយុទ្ធប្រឆាំងកូវីដ១៩ ដែលរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានខិតខំស្វែងរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋបានទាន់ពេលវេលា,មិនតែប៉ុណ្ណោះ រាជរដ្ឋាភិបាលបានគិតគូទៅដល់ប្រជាពលរដ្ឋដែលជួបប្រទះការលំបាក តាមរយៈការផ្តល់ជូនថវិកា និងស្បៀងដោយមិនទុកឲ្យប្រជាជនណាម្នាក់ត្រូវស្លាប់ដោយអត់ឃ្លាននោះទេ ។
ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ក៏បានស្នើឲ្យសមាជិកសមាជិកាគណបក្សដែលចូលរួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា ត្រូវមានភាពស្មោះត្រង់ចំពោះបក្ស និងជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែបានគិត គូពីសុខទុក្ខប្រជាពលរដ្ឋជាធំគ្រប់កាលៈទេសៈ និងមិនដែមមានប្រវត្តិរត់ចោលប្រជាជនឡើយ រហូតប្រជាពលរដ្ឋពោលពាក្យថា៖ «ទីណាមានទុក្ខ មានមុខសម្តេច ហ៊ុន សែន » «មានសម្តេច ហ៊ុន សែន ប្រទេសមានសុខសន្តិភាព» «មានសន្តិភាពមានអ្វីទាំងអស់» ៕ ដោយ វណ្ណលុក








