ចក្រភពអង់គ្លេស នឹងប្រកាសពីជំនួយយោធាបន្ថែមជាង ៣៧៦លានដុល្លារដល់អ៊ុយក្រែន

កៀវ ៖ វិមាន Downing Street បានបញ្ជាក់ថា នាយករដ្ឋមន្ត្រីអង់គ្លេសលោក បូរីស ចនសុន នឹងប្រកាសពីការផ្តល់កញ្ចប់ជំនួយយោធាបន្ថែមចំនួន ៣៧៦លានដុល្លារ ក្នុងកំលុងពេលថ្លែងសុន្ទរកថាទៅកាន់សមាជិកសភាអ៊ុយក្រែន ខណៈដែលប្រទេសនេះនៅតែបន្តប្រយុទ្ធជាមួយកងកម្លាំងរុស្ស៊ី។

លោក ចន សុន នឹងក្លាយជាមេដឹកនាំពិភពលោកដំបូងគេដែលថ្លែងទៅកាន់សភាអ៊ុយក្រែន ចាប់តាំងពីការចាប់ផ្តើមនៃការវាយប្រហារដោយយោធារបស់រុស្ស៊ីកាលពីខែកុម្ភៈមក។

នៅក្នុងសុន្ទរកថាដែលលោកនឹងថ្លែងតាមរយៈការផ្សាយផ្ទាល់តាមវីដេអូនៅថ្ងៃអង្គារសប្តាហ៍នេះ លោក ចនសុន នឹងសង្កត់ធ្ងន់ថា ចក្រភពអង់គ្លេសមានមោទនភាពដែលបានក្លាយជាមិត្តរបស់អ៊ុយក្រែន។

ជាមួយគ្នានេះ នៅក្នុងសេចក្តីប្រកាសព័ត៌មានពីការិយាល័យនាយករដ្ឋមន្ត្រីអង់គ្លេសបានបញ្ជាក់ថា លោក ចនសុន នឹងផ្តល់ព័ត៌មានលម្អិតអំពីកញ្ចប់ជំនួយយោធាដែលមានតម្លៃ ៣០០លានផោន ឬជិត ៣៧៦លានដុល្លារ ដែលក្នុងនោះរួមមានទាំងបរិក្ខារនៃប្រព័ន្ធ electronic warfare និងប្រព័ន្ធរ៉ាដាផងដែរ ដើម្បីគាំទ្រការការពារដែលកំពុងបន្តរបស់អ៊ុយក្រែន ប្រឆាំងនឹងការឈ្លានពានខុសច្បាប់របស់រុស្ស៊ី ។

នាយករដ្ឋមន្រ្តីអង់គ្លេសរូបនេះត្រូវបានគេរំពឹងថា នឹងហៅជម្លោះក្នុងពេលបច្ចុប្បន្ននេះថា ជា “ជំពូកវីរភាព” នៅក្នុងប្រវត្តិសាស្រ្តអ៊ុយក្រែន ដែលនឹងត្រូវបានចងចាំទុកក្នុងចិត្ត និងរាប់ឡើងវិញសម្រាប់មនុស្សជំនាន់ក្រោយៗ ៕ ប្រភព៖ RT ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner