អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាប្រមូលចំណូលពន្ធបានជាង ៨១៧លានដុល្លារក្នុងរយៈពេលបួនខែដើមឆ្នាំនេះ

ភ្នំពេញ៖ រយៈពេលបួនខែ ឆ្នាំ២០២២នេះ អគ្គនាយកដ្ឋានគយ និង រដ្ឋាករកម្ពុជាប្រមូលចំណូលពន្ធ សម្រាប់ថវិកាជាតិ បាន៨១៧.៩ លាន ដុល្លារ ស្មើនឹង៣១.៦៧ភាគរយ នៃផែនការកំណត់ដោយ ច្បាប់ ថវិកាជាតិឆ្នាំ២០២២។

របាយការណ៍ខាងលើនេះត្រូវបានបង្ហាញឱ្យដឹងនៅក្នុងសន្និសីទសារព័ត៌មាន ស្តីពីវឌ្ឍនភាពនៃការអនុវត្តការប្រមូលពន្ធលើ យានយន្តគ្មាន ពន្ធ និងអាករនាំចូលដែលមានស្រាប់ក្នុងប្រទេស ជ្រកក្រោមផ្លាក លេខ ផ្សេងៗ ដែលរៀបចំធ្វើឡើងនៅអគ្គនាយកដ្ឋានគយ និងរដ្ឋាករ កម្ពុជាកាលពីព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២។

នាឱកាសនោះឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអម នាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ កម្ពុជាបានមានប្រសាសន៍ថា ក្នុងនោះក្នុងត្រីមាសទី១ ឆ្នាំ២០២២ នេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាប្រមូលចំណូលបាន ចំនួន ២៣.១៧ភាគរយ នៃផែនការកំណត់ដោយច្បាប់ ដោយ គិតជាទឹក ប្រាក់ មានចំនួនជិត៦០០លានដុល្លារ។

តាមផែនការកំណត់របស់អគ្គនាយកដ្ឋានគយ ការប្រមូលពន្ធត្រូវ សម្រេចឲ្យបានជាង ២,៤០០លានដុល្លារក្នុងឆ្នាំ២០២២នេះ។

ឯកឧត្តមបណ្ឌិតបន្តថា សម្រាប់ផែនការនៃការប្រមូលពន្ធរបស់ អគ្គនាយក ដ្ឋានគយក្នុងឆ្នាំ២០២២ មានស្ថានភាពទាប ជាង ឆ្នាំ២០២១ ដោយសារការរៀបចំផែនការក្នុង កំលុងនៃការផ្ទុះឡើង នៃជំងឺកូវីដ១៩មានការលំបាក។ ក្រៅពីបញ្ហានេះ ក៏មានបញ្ហា តានតឹងមួយទៀត គឺការផ្ទុះឡើងនៃសង្គ្រាមរវាងអ៊ុយក្រែន និងរុស្សី ដែលជះឥទ្ធពលអវិជ្ជមានច្រើននៅតំបន់អឺរ៉ុប និងបានជះឥទ្ធិពល អវិជ្ជមាន ទូទាំងពិភពលោក ធ្វើឱ្យប្រេងសាំង និងទំនិញផ្សេងៗ ជាច្រើន ទៀតឡើងថ្លៃ។

ឯកឧត្តមបណ្ឌិតបន្ថែមថា ចំពោះការប្រមូលចំណូល ក្នុងឆ្នាំនេះ អគ្គនាយក ដ្ឋានគយនឹងប្រឹងប្រែងអនុវត្តន៍ នូវអ្វីដែលបានចែង ក្នុង ផែនការ សកម្មភាពប្រចាំឆ្នាំ សកម្មភាពយុទ្ធសាស្រ្ដកៀរគរ ចំណូល រយៈពេលមធ្យមរបស់រាជរដ្ឋាភិបាល ប៉ុន្ដែទោះជាយ៉ាងនេះក្ដី សេដ្ឋកិច្ច កម្ពុជាត្រូវពឹងផ្អែកលើសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោក។

គួរបញ្ជាក់ផងដែរថា អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្នុងឆ្នាំ ២០២១កន្លងទៅនេះ ប្រមូលចំណូលបាន ៩,២៩៥.៧ប៊ីលានរៀល ដែលស្មើនឹងប្រមាណ ២,២៩៥.២លានដុល្លារ ថយចុះប្រមាណ ៥.១ភាគរយ បើធៀបនឹងចំណូលប្រមូលបានក្នុងឆ្នាំមុន៕
ដោយ៖ ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner