សម្ដេចតេជោ ហ៊ុន សែន ស្វាគមន៍ការបង្កើតរោងចក្រដំឡើង រថយន្ត នៅខេត្តពោធិ៍សាត់ និងលើកទឹកចិត្តឲ្យក្រុមហ៊ុនទាំងអស់ ស្វែងរកសក្ដានុពលអាទិភាពដើម្បីវិនិយោគ
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាន ស្វាគមន៍ការបង្កើតរោងចក្រដំឡើង រថយន្តនៅខេត្តពោធិ៍សាត់ និងលើកទឹកចិត្តឲ្យក្រុមហ៊ុនទាំងអស់ ស្វែងរកសក្ដានុពលអាទិភាព ដើម្បីវិនិយោគនៅកម្ពុជា ។
សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងដូច្នេះក្នុងជំនួបពិភាក្សា ការងារ ជាមួយក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន ដឹកនាំ ដោយឯកឧត្តមឯកអគ្គរដ្ឋទូត ម៉ៃឃល មីឆាឡេក អនុប្រធានជាន់ខ្ពស់ នៃនាយកគ្រប់គ្រងប្រចាំតំបន់ នាព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ នៅវិមានសន្តិភាព ។
នៅក្នុងជំនួបនេះ ឯកឧត្តម ម៉ៃឃល បានថ្លែងអំណរគុណចំពោះ សម្តេចតេជោដែលបានជួយគាំទ្រក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន ហើយបានសំដែងនូវការគាំទ្រ និងអបអរសាទរចំពោះការ ធ្វើជាប្រធានអាស៊ានរបស់កម្ពុជា។ ឯកឧត្តមបានបន្ដថា ភាពដឹកនាំ របស់សម្ដេចតេជោ ក៏បានដើរតួនាទីបានយ៉ាងល្អសម្រាប់តំបន់ ជា ពិសេស សម្រាប់បញ្ហាមីយ៉ាន់ម៉ារ។
ឯកឧត្តម ម៉ៃឃល ក៏បានវាយតម្លៃខ្ពស់ចំពោះការចាត់វិធានការ ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-19 ដែលទទួលបានជោគជ័យ នាំមកដល់ការបើកឡើងវិញនូវសេដ្ឋកិច្ចកម្ពុជា នឹងអនុញ្ញាតឲ្យមាន ជំនួបដោយផ្ទាល់នៅថ្ងៃនេះ។
ជាមួយគ្នានេះ ឯកឧត្តម ម៉ៃឃល បានដឹកនាំក្រុមហ៊ុនចំនួន ១៣ ហើយបានបានចែកចេញជាបីក្រុម និងបានលើកមកពិភាក្សាពី បញ្ហាថាមពល ការបង្កើតរោងចក្រដំឡើងរថយន្តនៅខេត្តពោធិ៍សាត់ ការជំរុញសេដ្ឋកិច្ចឌីជីថល និងវិស័យសុខាភិបាល។ ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ សហរដ្ឋអាមេរិក ដែលបានផ្ដល់វ៉ាក់សាំង Johnson & Johnson និង Pfizer មកដល់កម្ពុជា ។
សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានជម្រាបប្រតិភូនូវស្ថានភាពថាមពល របស់ កម្ពុជា ដែលក្នុងនោះ កម្ពុជាកំពុងតែប្រើប្រាស់អគ្គិសនីផលិត ដោយវារីអគ្គិសនីសរុប ៦១,៣៩ភាគរយ, ថាមពលពីសូឡា ៤,១ ភាគរយ និងជីវឧស្ម័នចំនួន ០,២៨ភាគរយ ។
ឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានសម្តែងនូវការ ស្វាគមន៍ ចំពោះការបង្កើតរោងចក្រដំឡើងរថយន្តនៅខេត្តពោធិ៍សាត់ ហើយបានលើកទឹកចិត្តឲ្យក្រុមហ៊ុនទាំងអស់ បន្តវិនិយោគ និងស្វែង រក សក្ដានុពលអាទិភាព ដើម្បីវិនិយោគនៅកម្ពុជា ៕
ដោយ៖ វណ្ណលុក