CAMSOC ប្តេជ្ញាចិត្ត រៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ជាប្រវត្តិសាស្រ្តរៀបចំលើកដំបូង នៅកម្ពុជាឲ្យទទួលបានជោគជ័យ ខណៈនៅសល់១ឆ្នាំគត់
យោងតាមការបញ្ជាក់ ពី ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំកីឡាអាស៊ីអាគ្នេយ៍ឆ្នាំ២០២៣ ហៅកាត់ថា CAMSOC បានបញ្ជាក់តាមសារជាសម្លេងថា ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលជាព្រឹត្តិការ ប្រវត្តិសាស្រ្តរៀបចំលើកដំបូងនៅកម្ពុជា គិតមកត្រឹមថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២នេះ គឺនៅសល់តែរយៈពេលមួយឆ្នាំគត់ ៣៦៥ថៃ្ង ។
ឯកឧត្តម វ៉ាត់ ចំរើន បានប្តេជ្ញាចិត្ត នឹងខិតខំរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តរៀបចំលើកដំបូងនៅកម្ពុជា ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំផ្ទាល់របស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំកីឡាអាស៊ីអាគ្នេយ៍ និង ការអនុវត្តន៍តាមដែនត្រួតពិនិត្យការងារជាប្រចាំ ក្រោមភាពជាអ្នកដឹកនាំរបស់ ឯកឧត្តម បណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិរៀបចំកីឡាអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣ ឲ្យទទួលបាននូវកិត្តិយស និងសេចក្តីថ្លៃថ្នូរ ហើយទទួលបានជោគជ័យ និងធ្វើឲ្យកម្ពុជាទទួលបានឧត្តមភាព ការកោសសើរពីបណ្តាប្រទេសចូលរួមស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៥-១៧ ខែឧសភា ឆ្នាំ២០២៣ ដោយគ្រោងដាក់កីឡាចន្លោះពី ៣៥ ទៅ ៤០ប្រភេទក្នុងកម្មវិធីប្រកួត។ រីឯការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ គ្រោងនឹងធ្វើចាប់ពីថ្ងៃទី០៣-០៩ ខែមិថុនា ឆ្នាំ២០២៣ ដដែល ៕ អត្ថបទ៖ ជាវ ចន្ធូ