ស្ស៊ីគំរាមវាយប្រហារលើយានជំនិះ របស់ណាតូណា ដែលផ្តល់ជំនួយយោធា នៅអ៊ុយក្រែន
ម៉ូស្គូ៖ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក សឺហ្គេ ស៊យហ្គូ បានអះអាងក្នុងថ្ងៃពុធថា យានជំនិះណាមួយរបស់អង្គការណាតូ ដែលទៅដល់អ៊ុយក្រែនជាមួយនឹងអាវុធ ឬសម្ភារៈសឹកសម្រាប់តម្រូវការរបស់កងទ័ពអ៊ុយក្រែន ត្រូវបានចាត់ទុកថា ជាគោលដៅវាយប្រហារស្របច្បាប់។
លោក ស៊យហ្គូ បានកត់សម្គាល់បែបនេះនៅក្នុងកិច្ចប្រជុំជាមួយមន្ត្រីការពារជាតិកំពូលៗរបស់រុស្ស៊ី ដោយចង់សំដៅទៅលើសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តណាតូរបស់ពួកគេ ដែលកំពុងបន្តផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែន។
បើតាមប្រមុខការពារជាតិរុស្ស៊ីរូបនេះ ទាហានរុស្ស៊ី រួមជាមួយកងកម្លាំងផ្តាច់ខ្លួនក្នុងតំបន់ លូហាន់ក៍ និងដូណេតក៍ កំពុងគ្រប់គ្រងតំបន់ ដុនបាស់ បន្ថែមទៀត ហើយពួកគេនឹងបន្តបំពេញភារកិច្ចរបស់ខ្លួន។
លោក ស៊យហ្គូ បានបញ្ជាក់ទៀតថា សម្រាប់ការជម្លៀសជនស៊ីវិលដោយសុវត្ថិភាពចេញពីតំបន់ប្រយុទ្ធវិញ ច្រករបៀងមនុស្សធម៌ត្រូវបានបើកជារៀងរាល់ថ្ងៃ ដោយលោកបានបន្ថែមថា កងកម្លាំងប្រដាប់អាវុធរុស្ស៊ីកំពុងផ្តល់ជំនួយមនុស្សធម៌យ៉ាងសកម្មដល់ប្រជាជនដែលរស់នៅក្នុងទីក្រុងដែលគ្រប់គ្រងដោយកងកម្លាំងរបស់ខ្លួន៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ទីណា និងបុត្រា