ប្រធានាធិបតីអ៊ុយក្រែន អំពាវនាវទៅកាន់ប្រមុខអ.ស.ប ឱ្យបន្តជួយ ដល់កិច្ចខិតខំប្រឹងប្រែងជម្លៀសមនុស្សបន្ថែមទៀតចេញពីរោងចក្រទីក្រុងម៉ារីយូប៉ូល

កៀវ៖ ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាន ស្នើសុំឱ្យអគ្គលេខាធិការអង្គការសហប្រជាជាតិលោក អាន់តូនីញ៉ូ ហ្គូធឺរែស បន្តជំនួយក្នុងការជម្លៀសមនុស្សចេញពីរោងចក្រដែកថែប អាហ្សូវស្តល់ (Azovstal) ក្នុងទីក្រុងម៉ារីយូប៉ូល ភាគខាងកើត អ៊ុយក្រែន ។

ការិយាល័យប្រធានាធិបតីអ៊ុយក្រែនបានរាយការណ៍នៅលើគេហទំព័រផ្លូវការរបស់ខ្លួនក្នុងថ្ងៃពុធថា លោក ហ្សេលេនស្គី បានស្នើសុំបែប នេះក្នុងកំលុងពេលសន្ទនាតាមទូរស័ព្ទជាមួយលោក ហ្គូធឺរែស ។

ការិយាល័យនេះបានបញ្ជាក់ថា លោក ហ្សេលេនស្គី បានថ្លែង អំណរគុណចំពោះលោក ហ្គូធឺរែស ដោយផ្ទាល់ចំពោះការ ខិត ខំ ប្រឹងប្រែងរបស់គាត់ ក្នុងការជម្លៀសពលរដ្ឋចេញពីរោងចក្រដែកថែប អាហ្សូវស្តល់។

ការិយាល័យនេះបានដកស្រង់សម្តីរបស់លោក ហ្សេលេនស្គីថា ជីវិត របស់មនុស្សដែលនៅទីនោះគឺមានគ្រោះថ្នាក់។ មនុស្សគ្រប់គ្នាមាន សារៈសំខាន់ណាស់ចំពោះយើង។ យើងសុំជំនួយរបស់អ្នកក្នុងការ ជួយសង្គ្រោះពួកគេ។

បើតាមលោក ហ្សេលេនស្គី ដំណាក់កាលទីពីរនៃប្រតិបត្តិការជម្លៀស មនុស្សចេញពីទីក្រុងម៉ារីយូប៉ូល ត្រូវបានបញ្ចប់ក្នុងថ្ងៃពុធម្សិលមិញ ដោយលោកបាននិយាយថា មនុស្ស៣៤៤នាក់ត្រូវបានជួយ សង្គ្រោះ ចេញពីទីក្រុង និងជាយក្រុងនេះ ហើយពួកគេបានចាកចេញទៅកាន់ ហ្សាប៉ូរីសហ្សៀ នៅភាគអាគ្នេយ៍។

លោកបន្ថែមថា ស្ត្រី និងកុមារនៅតែបន្តស្ថិតនៅក្នុងទីក្រុងម៉ារីយូប៉ូល និងនៅរោងចក្រដែកថែប អាហ្សូវស្តល់ ហើយថា ប្រទេសរបស់លោក កំពុងចរចាដើម្បីជួយសង្គ្រោះពួកគេ៕
ប្រភព៖ NHK ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner