អ្នកនាំពាក្យ គ.ជ.ប បញ្ជាក់អំពីការបោះពុម្ពសន្លឹកឆ្នោតជាង ១១លានសន្លឹក និង១៦៥២ប្រភេទ​ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ 

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) គ្រោងនឹងបោះពុម្ពសន្លឹកឆ្នោតជាង១១លានសន្លឹក និងសម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ។ ទម្រង់សន្លឹកឆ្នោតមានចំនួន ១៦៥២ប្រភេទផ្សេងៗគ្នា អាស្រ័យតាមចំនួនគណបក្សនយោបាយដែលបានដាក់បញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត និងលទ្ធផលនៃការចាប់ឆ្នោតកំណត់លំដាប់លេខរៀងបញ្ជីបេក្ខជន នៃគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត នៅតាមឃុំសង្កាត់នីមួយៗ។ 

ឯកឧត្តម សោម សូរីដា អ្នកនាំពាក្យ គ.ជ.ប បានមានប្រសាសន៍ប្រាប់ AMS កាលពីថ្ងៃទី៥ ខែឧសភាថា បើពិនិត្យទៅលើលទ្ធផលនៃការចុះបញ្ជីបេក្ខជនគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតឃើញថា មានគណបក្សនយោបាយចំនួន១៧ បានចូលរួមប្រកួតប្រជែងការបោះឆ្នោត និងបានចុះបញ្ជីបេក្ខជននៅតាមឃុំសង្កាត់នីមួយៗ។ ប៉ុន្តែមានគណបក្សខ្លះបានចុះបញ្ជីបេក្ខជនគ្រប់ឃុំសង្កាត់ទាំងអស់ទូទាំងប្រទេសដែលមានចំនួន១៦៥២ ឃុំ សង្កាត់ និងមានគណបក្សមួយចំនួនទៀតបានចុះទៅតាមលទ្ធភាពរបស់គណបក្សនយោបាយនីមួយៗ។ ឯកឧត្តម សោម សូរីដា បានបន្តថា គិតមកដល់ថ្ងៃទី៥ ខែឧសភានេះ ការចាប់លំដាប់លេខរៀងគណបក្សនយោបាយនៅលើសន្លឹកឆ្នោត គឺរួចរាល់ហើយ ទូទាំង១៦៥២ ឃុំ សង្កាត់។ នៅតែកិច្ចការដែល គ.ជ.ប ត្រូវបន្តអនុវត្ត គឺការរៀបចំសន្លឹកឆ្នោតសម្រាប់ឃុំ សង្កាត់ នីមួយៗ។ សម្រាប់ឃុំ សង្កាត់ ដែលមានចំនួន១៦៥២ ឃុំ សង្កាត់ គឺ គ.ជ.ប នឹងផលិតសន្លឹកឆ្នោតចំនួន១៦៥២ប្រភេទ ដោយសន្លឹកឆ្នោតនីមួយៗ ត្រូវបានរៀបចំឡើងទៅតាមទម្រង់ផ្សេងៗគ្នា ដោយយោងទៅតាមលទ្ធផល នៃការចាប់លំដាប់កំណត់លេខរៀងគណបក្សនយោបាយនៅលើសន្លឹកឆ្នោត និងចំនួនគណបក្សនយោបាយដែលចូលរួមប្រកួតប្រជែង នៅក្នុងឃុំសង្កាត់នីមួយៗ។

អ្នកនាំពាក្យ គ.ជ.ប បានបញ្ជាក់ថា “បើពិនិត្យមើលទៅលើចំនួនអ្នកបោះឆ្នោតនៅក្នុងបញ្ជីបោះឆ្នោតផ្លូវការរបស់ គ.ជ.ប ឆ្នាំ២០២១ដែលប្រើប្រាស់សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២២ មានចំនួន ៩.២០៥.៦៨១នាក់ ចំនួនការិយាល័យបោះឆ្នោតមានចំនួនរហូតទៅដល់២៣.៦០២ ការិយាល័យ។ សន្លឹកឆ្នោតដែលគ្រោងៀផលិតសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ គឺមានចំនួន ១១.៦១១.៤០០សន្លឹកនិងសន្លឹកឆ្នោតបម្រុងមានចំនួន ១.២៣៩.០០០សន្លឹក”។ 

សូមជម្រាបថា​ នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ៨:៣០នាទីព្រឹក គ.ជ.ប គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) នឹងរៀបចំកម្មវិធីបង្ហាញអំពីដំណើរការបោះពុម្ពសន្លឹកឆ្នោត សម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅទីតាំងរោងពុម្ព ណាវីន​ ព្រីនធីង​ ស្ថិតនៅផ្ទះលេខ ៩ ផ្លូវលេខ ៣៤៥ សង្កាត់បឹងកក់ទី១ខណ្ឌទួលគោក រាជធានីភ្នំពេញ ក្រោមអធិបតីភាពរបស់ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ៕

ដោយ៖ពលជ័យ

រូបភាព៖ឯកសារ

ads banner