ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត

សៀមរាប ៖ នៅថ្ងៃទី៦ខែឧសភាឆ្នាំ២០២២ លោក គង់ សំអឿន ក្របខ័ណ្ឌមន្ត្រីថ្នាក់លេខ២ត្រូវបានប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តសៀមរា ជំនួស លោក អោ ម៉ៅ ត្រូវបានផ្ទេរភារកិច្ចទៅបម្រើការងារនៅទីស្តីការក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា ។

ពិធីប្រកាសផ្ទេរមុខដំណែងនេះ បានប្រព្រឹត្តិទៅនៅសាលាខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ទៀសីហា អភិបាលនៃគណៈអភិបាលខេត្ត ។

ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប មានប្រសាសន៍ថា ការប្រកាសចូលកាន់មុខតំណែង ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត នាពេលនេះ គឺជាការប្រគល់ភារកិច្ច និងជាការផ្តល់នូវការទទួលខុសត្រូវមួយថែមទៀត ដែលតម្រូវឱ្យសាមីខ្លួនត្រូវតែបញ្ចេញឱ្យអស់ពីសមត្ថភាព លទ្ធភាព និងទេពកោសល្យ ដើម្បីជំនះបានរាល់ភាពលំបាកនានា ដែលកើតមានឡើងកន្លងមក ហើយដែលចាំបាច់ត្រូវសហការជាមួយថ្នាក់ដឹកនាំ និងមន្រ្តីក្រោមឱវាទ ដើម្បីធ្វើឱ្យអង្គភាព មានការប្រែប្រួលមុខមាត់ថ្មី សំដៅធានារ៉ាប់រងបាននូវភារកិច្ចស្នូលទាំងឡាយ ដែលអង្គភាពត្រូវបំពេញ និងទទួលខុសត្រូវចំពោះមុខស្ថាប័ន និងភារកិច្ចទាំងឡាយផ្សេងៗទៀត ទៅតាមការចាំបាច់ដែលរដ្ឋបាលខេត្តប្រគល់ជូន។

ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មានប្រសាសន៍ថា មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់តែងតែធ្វើការផ្លាស់ប្តូរភារកិច្ចតាមតម្រូវការជាក់ស្តែងរបស់ក្រសួងនិងខេត្ត ជារឿងធម្មតា ។ ឯកឧត្តម បានណែនាំឱ្យ ប្រធានមន្ទីរថ្មីត្រូវឈរលើគោលការណ៍ភាពជាអ្នកដឹកនាំ ជាដំបូងត្រូវរក្សាឱ្យបាននូវស្មារតីសាមគ្គីភាពផ្ទៃក្នុង យកចិត្តទុកដាក់ដឹងសុខទុក្ខរបស់មន្ត្រីក្រោមឱវាទឱ្យមានសុខដុមរមនាជាមួយគ្នា មានទំនួលខុសត្រូវខ្ពស់លើតួនាទីភារកិច្ច ត្រូវមានទំនាក់ទំនងសហការជិតស្និទ្ធជាមួយបណ្តាមន្ទីរអង្គភាពស្ថាប័ននានាក្នុងខេត្តឱ្យបានល្អជាប្រចាំ និងត្រូវអនុវត្ត និងគោរពតាមគោលការណ៍ណែនាំពីថ្នាក់ដឹកនាំអាជ្ញាធរខេត្ត ឬក្រសួងដើម្បីឱ្យចរន្តការងារស្នូលរបស់យើងទទួលបានលទ្ធផលល្អទាំងអស់គ្នា។

ឯកឧត្តម បានជំរុញដល់មន្ទីរសង្គមកិច្ច អតីតយុទ្ឋជននិងយុវនិតិសម្បទាខេត្តសៀមរាប និងអាជ្ញាធរមូលដ្ឋាន សមត្ថកិច្ចពាក់ព័ន្ធ រួមសហការគ្នាបន្តពិនិត្យ វាយតម្លៃនិងកំណត់ឱ្យបានច្បាស់លាស់ទៅលើជនអាណាថា និងជនវិប្បល្លាសស្មារតី នូវប្រវត្តិសាវតានិងអត្តសញ្ញាណទីកន្លែងដើមរបស់ក្រុមគ្រួសារគាត់ដើម្បីនាំគាត់ទៅរស់នៅក្នុងមូលដ្ឋានគាត់វិញ បើឃើញថាគាត់ក្រីក្រពិតមែនត្រូវរៀបចំឯកសារផ្តល់ប័ណ្ណក្រីក្រជូនពួកគាត់ដើម្បីទទួលបានការឧបត្ថម្ភគោលរបបសម្រាប់ជនក្រីក្រ ចៀសវាងការបាត់សណ្តាប់ធ្នាប់របៀបរៀបរយក្នុងសង្គម និងបង្កការរំខានដល់អ្នកទេសចរណ៍នានាដែលមកទស្សនាតំបន់អង្គរនៃខេត្តសៀមរាប ។ ចំពោះវិប្បល្លាសបុគ្គលពិតប្រាកដ យើងត្រូវពិគ្រោះជាមួយក្រុមគ្រួសារនិងអាជ្ញាធរមូលដ្ឋានបំពេញឯកសារតាមនិតិវិធីបញ្ជូនគាត់ទៅមណ្ឌលស្តារនិតិសម្បទានិងព្យាបាលជនវិប្បល្លាសថ្នាក់ជាតិដែលក្រសួងបានរៀបចំរួចហើយ ៕ ដោយ ស៊ាន សុផាត

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner