គ.ជ.បចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការបិទផ្សាយបញ្ជីបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២

ភ្នំពេញ ៖ នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២ គណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត (គឃ.សប) ទូទាំងប្រទេស បានរៀបចំបិទផ្សាយជាសាធារណៈនូវបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២១ នៅទីស្នាក់កា របស់ខ្លួន សម្រាប់បម្រើឱ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ដែល នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ ។

ប្រជាពលរដ្ឋដែលបានចុះឈ្មោះបោះឆ្នោតរួចហើយ អាចអញ្ជើញទៅពិនិត្យឈ្មោះ ទិន្នន័យ និងព័ត៌មានផ្សេងៗរបស់ខ្លួនក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២១ ដែលបានបិទផ្សាយ ព្រមទាំង អាចស្វែងរកឈ្មោះ ទិន្នន័យ និងព័ត៌មានផ្សេងៗរបស់ខ្លួនក្នុងបញ្ជីបោះឆ្នោត តាមរយៈគេហទំព័រ របស់ គ.ជ.ប voterlist.nec.gov.kh ឬកម្មវិធីទូរសព្ទដៃទំនើប (App) NEC KH ឬតាមរយៈ ប័ណ្ណព័ត៌មានអ្នកបោះឆ្នោត ដែលកំពុងដំណើរការចែកជូនប្រជាពលរដ្ឋតាមភូមិនីមួយៗនៃឃុំ សង្កាត់ ទូទាំងប្រទេស ។

សូមជម្រាបជូនថា ដើម្បីបោះឆ្នោតបាន ប្រជាពលរដ្ឋត្រូវមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ផ្លូវការ ឆ្នាំ២០២១ និងមានអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ (អ.ខ) ដែលមានសុពលភាព ។ ប្រសិនបើប្រជាពលរដ្ឋមិនទាន់មាន អ.ខ ឬ អ.ខ របស់ខ្លួនអស់សុពលភាព ឬបាត់ ឬខូច ឬ កែតម្រូវ សាមីខ្លួនអាចស្នើសុំឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត (ឯ.អ) ពី គឃ.សប និងអាជ្ញាធរឃុំ សង្កាត់ នៃឃុំ សង្កាត់ដែលខ្លួនត្រូវបោះឆ្នោត ដើម្បីយកទៅប្រើប្រាស់ នៅថ្ងៃបោះឆ្នោត។ ការស្នើសុំ ឯ.អ មានរយៈពេល ៣០ថ្ងៃ ចាប់ពីថ្ងៃទី៥ ខែឧសភា រហូតដល់ ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង ៥:៣០នាទីល្ងាច ៕ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner