ប្រព័ន្ធផ្សព្វផ្សាយគឺជាចលករមួយសំខាន់ ក្នុងការរួមចំណែកជម្រុញឲ្យព្រឹត្តិការណ៍ស៊ីហ្គេម អាស៊ានប៉ារ៉ហ្គេមឆ្នាំ២០២៣ នៅកម្ពុជាទទួលបានជោគជ័យ

នាព្រឹកថ្ងៃទី៧ ខែ ឧសភា ឆ្នាំ២០២២ ក្រសួងព័ត៌មាន សហការជាមួយគណៈកម្មាធិការជាតិរៀបចំកីឡាអាស៊ីអាគ្នេយ៍ឆ្នាំ២០២៣ ហៅកាត់ថា CAMSOC បានធ្វើសន្និសិទសារព័ត៌មាន ស្តីពីដំណើរឆ្ពោះទៅព្រឹត្តិការណ៍កីឡាស៊ីហ្គេម អស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅក្នុងពហុកីឡដ្ឋានមរតកតេជោ ក្រោមវត្តមាន ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និង ឯកឧត្តម ផុស សុវណ្ណ ប្រភិភូរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទូទស្សន៍ និងជាប្រធានគណៈកម្មការព័ត៌មាន និងផ្សព្វផ្សាយ។

សន្និសិទសារព័ត៌មាននេះ បានធ្វើឡើងក្នុងគោលបំណង ឲ្យស្ថានប័នសារព័ត៌មានជាតិដែលជាសារព័ត៌មាននៅក្នុងស្រុកចូលរួមផ្សព្វផ្សាយឲ្យបានផុសផុល និងអធឹកអធម ដើម្បីឲ្យព្រឹត្តិការណ៍កីឡាស៊ីហ្គេម អាស៊ានប៉ារ៉ាហ្គេម ដែលជាព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តរៀបចំលើកដំបូងនៅកម្ពុជាបានប្រព្រឹត្តិទៅដោយរលូន និងបានជ្រូតជ្រាបយ៉ាទូលំទូលាយដល់សាធារណៈជន និងមានការចូលរួមពីកីឡាករកីឡាការិនី ប្រជាពលរដ្ឋគ្រប់ស្រទាប់មហាជន ទាំងក្នុងប្រទេស និងក្រៅប្រទេស។

ការបើកយុទ្ធនាការផ្សព្វផ្សាយស្តីពីការរៀបចំកីឡាស៊ីហ្គេម អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ស្ថាប័នព័ត៌មានជាតិទាំងអស់ ត្រូវធ្វើការផ្សព្វផ្សាយនៅក្នុងកម្មវិធីរបស់ខ្លួន ជាពិសេស ការប្រកួតកីឡាជាតិឲ្យបានផុសផុលចាប់ពីពេលនេះតទៅ ដើម្បីបំផុស្មារតី និងលើកទឹកចិត្តដល់កីឡាករកីឡាការិនីឲ្យខិតខំហ្វឹកហាត់ត្រៀមលក្ខណៈចូលរួមប្រកួតកាន់តែសកម្មថែមទៀត និងបំផុសស្មារតីដល់យុវជន និងប្រជាពលរដ្ឋយើងឲ្យគាំទ្រ និងស្នេហាវិស័យកីឡា ដើម្បីលើកទឹកចិត្តដល់កីឡាករកីឡាការិនីយើងកាន់តែមានឆន្ទៈប្រកួតដណ្តើមជោគជ័យជូនជាតិ មាតុភូមិក្រោមពាក្យស្លោក កីឡារស់ក្នុងសន្តិភាព កីឡានាំមកនូវមិត្តភាព កីឡានាំមកនូវមោទកភាពជាតិ កម្ពុជាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។

ឯកឧត្តម វ៉ាត់ ចំរើន មានប្រសាសន៍ថា ការចូលរួមចំណែកបំផុសផ្សព្វផ្សាយពីស្ថាប័នសារព័ត៌មានក្នុងស្រុកទាំងវិស័យរដ្ឋនិងឯកជនពិតជាមានសារៈសំខាន់ខ្លាំងណាស់ ព្រោះការផ្សព្វផ្សាយ គឺជាការបញ្ជូនសាទៅកាន់ប្រជាពលរដ្ឋ ឲ្យចូលរួមគាំទ្រចំពោះព្រឹត្តិការណ៍កីឡាស៊ហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលជាប្រវត្តិសាស្រ្តរៀបចំលើកដំបូងនៅព្រះរាជាណាចក្រកម្ពុជាឲ្យទទួលបានជោគជ័យ ។ ឯកឧត្តម អះអាងថា ការចូលរួមផ្សព្វផ្សាយពីស្ថាប័នព័ត៌មាន គ្រប់ស្ថាប័ន វានឹងធ្វើប្រជាពលរដ្ឋដែលជាម្ចាស់ផ្ទះ ម្ចាស់ព្រឹត្តិការណ៍ កែប្រែឥរិយាបទ ងាកមកត្រៀមខ្លួន និងលប់បំបាត់នូវភាពអសកម្មមួយចំនួនជះឥទ្ធិពលមិនល្អនៅក្នុងសង្គម ប្រែមកជួយរៀបចំធ្វើឲ្យកម្ពុជាក្លាយជាប្រទេសល្អស្អាត ទាំងបរិស្ថាន អនាម័យ ចរចរណ៍។

ឯកឧត្តម វ៉ាត់ ចំរើន បានគូបញ្ជាក់ទៀតថា ពិតណាស់ការទទួលធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ដ៏ធំនេះ វាមិនត្រឹមលើកមុខមាត់រាជរដ្ឋាភិបាលកម្ពុជាឲ្យមានកេរ្តិ៍នៅលើឆាកអន្តរជាតិប៉ុណ្ណោះទេ ពោលវាថែមទាំងលើកកម្ពស់សេដ្ឋកិច្ច និងធួរៈកិច្ចផងដែរ។ ឯកឧត្តម ខៀវ កាញារីទ្ធ បានលើកឡើងថា ព្រឹត្តិការណ៍កីឡាស៊ីហ្គេម អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ ប្រសិនបើគ្មានប្រព័ន្ធព័ត៌មានផ្សព្វផ្សាយជួយជម្រុញបន្ថែមនោះទេ ព្រឹត្តិការណ៍ជាកំណត់ត្រាប្រវត្តិសាស្រ្តនេះ ក៏មិនអាចជោគជ័យទៅបានដែរ។

ដូច្នោះ ទាមទាឲ្យស្ថាប័នព័ត៌មានជួយធ្វើយ៉ាងផ្សព្វផ្សាយពីសកម្មភាពគ្រប់យ៉ាងនៃការត្រៀមខ្លួនរបស់យើងផ្សព្វផ្សាយឲ្យបានផុសផុលចាប់ពីពេលនេះតទៅ ដើម្បីជាការផ្សព្វផ្សាយកាន់ពលរដ្ឋបានត្រៀមខ្លួន និងគាំទ្រ បំផុលឲ្យព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនេះ ក្លាយជាព្រឹត្តិការណ៍ល្បីល្បាញទទួលបានការកោតសសើរលើឆាកអន្តជាតិ។ទន្ទឹមជាមួយគ្នានោះដែរ ឯកឧត្តម រដ្ឋមន្រ្តី ក៏បានសូមពរ ឲ្យពិធីករពិធិការិនី តាមកម្មវិធីនីមួយៗធ្វើការផ្សព្វផ្សាយពាក់និងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ តាមរយៈការផ្ញើរសារដាស់តឿន ក្រើនរំលឹកជាប្រចាំ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នឹងចាប់ផ្តើមនៅថ្ងៃទី៥ ខែ ឧសភា ឆ្នាំ២០២៣ ដែលកម្ពុជាគ្រោងដាក់៣៩ប្រភេទកីឡាឲ្យបណ្តាប្រទេសក្នុងតំបន់អាស៊ានបញ្ជូនអត្តពលិកមកចូលរួមប្រកួតប្រជែងដណ្តើមមេដាយក្នុងទឹកដីដ៏អស្ចារ្យរបស់កម្ពុជា៕ អត្ថបទ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner