មេដឹកនាំចិន-បារាំង យល់ស្របលើដំណោះស្រាយដោយសន្តិវិធីជុំវិញជម្លោះនៅអ៊ុយក្រែន

ប៉េកាំង៖ ក្នុងកំលុងការសន្ទនាតាមទូរស័ព្ទនៅថ្ងៃអង្គារសប្តាហ៍នេះ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង និងសមភាគីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង បានបញ្ជាក់ថា ជម្លោះនៅអ៊ុយក្រែន គួរត្រូវបានដោះស្រាយតាមរយៈមធ្យោបាយដោយសន្តិវិធី។

បើតាមក្រសួងការបរទេសចិន មេដឹកនាំទាំងពីរបានព្រមព្រៀងគ្នាថា ភាគីពាក់ព័ន្ធគួរតែគាំទ្ររុស្ស៊ី និងអ៊ុយក្រែនក្នុងការស្តារសន្តិភាពឡើងវិញតាមរយៈការចរចា។

ក្រសួងបន្តថា លោក ស៊ី បានជំរុញឱ្យមានការប្រុងប្រយ័ត្នប្រឆាំងនឹងការប្រឈមមុខដាក់គ្នាក្នុងប្លុក ដែលបង្កការគំរាមកំហែងកាន់តែធំដល់សន្តិសុខ និងស្ថិរភាពពិភពលោក។ ការថ្លែងបែបនេះ របស់ លោក ស៊ី ត្រូវបានគេជឿជាក់ថា ចង់សំដៅដល់ការផ្តល់ជំនួយយោធាដល់អ៊ុយក្រែនដោយ សហរដ្ឋ អាមេរិក និងសមាជិកណាតូផ្សេងទៀត។

ដោយឡែក បើតាមការិយាល័យប្រធានាធិបតីបារាំង លោក ម៉ាក្រុង បានរំលឹកឡើងវិញនូវការគាំទ្រ របស់ខ្លួនដល់អ៊ុយក្រែន ដោយនិយាយថា ប្រជាជននៅក្នុងប្រទេសអ៊ុយក្រែនកំពុងប្រឈមមុខនឹង ស្ថានភាពធ្ងន់ធ្ងរដោយសារតែការឈ្លានពានរបស់រុស្ស៊ី។

លោក ម៉ាក្រុង បានស្វាគមន៍ចំពោះការសម្រេចចិត្តរបស់ប្រទេសចិន ក្នុងការផ្តល់សច្ចាប័ន លើអនុសញ្ញាចំនួនពីររបស់អង្គការពលកម្មអន្តរជាតិស្តីពីការលុបបំបាត់ពលកម្មដោយបង្ខំ។

ប្រភពបានឱ្យដឹងថា លោក ម៉ាក្រុង បានប្រាប់លោក ស៊ី ថា អនុសញ្ញានេះគួរតែត្រូវបាន អនុវត្តយ៉ាងពេញលេញនៅទូទាំងប្រទេសចិន ជាពិសេសនៅក្នុងតំបន់ស្វយ័តស៊ីនជាំង ជាទីដែលមានការចោទប្រកាន់ថា មានការធ្វើការងារដោយបង្ខំ៕
ប្រភព៖ NHK ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner