អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង បើកកិច្ចប្រជុំស្តីពីការបើកកិច្ចសវនកម្មផ្ទៃក្នុង ការិយបរិច្ឆេទ២០២១ និងបណ្តាឆ្នាំពាក់ព័ន្ធសម្រាប់ភូមិភាគ៣

បាត់ដំបង ៖ អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង បានបើកកិច្ចប្រជុំស្តីពីការបើកកិច្ច សវនកម្មផ្ទៃក្នុង ការិយបរិច្ឆេទ២០២១ និងបណ្តាឆ្នាំពាក់ព័ន្ធសម្រាប់ភូមិភាគ៣ ដែលរួមមាន ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ខេត្តប៉ៃលិន និងខេត្តបន្ទាយមានជ័យ(ផ្នែករដ្ឋបាលស៊ីវិល ផ្នែកសន្តិសុខសាធារណៈ និងផ្នែកពន្ធនាគារ)ក្រោមអធិបតីភាព ឯកឧត្តម ឡាំ ជា រដ្ឋលេខាធិការទទួលបន្ទុក អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២នេះ។

ឯកឧត្តម រដ្ឋលេខាធិការ មានមតិស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះគណៈអធិបតី និង អង្គ ពិធីទាំងមូល និងបានពាំនាំអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ក្នុ ងការជំរុញការបង្កើន ល្បឿន កំណែទម្រង់នានាលើគ្រប់វិស័យ ដែលស្ថិតក្នុងដែនសមត្ថកិច្ចក្រសួងមហាផ្ទៃ។ ក្នុងន័យនេះ ការពង្រឹងប្រសិទ្ធភាពនៃការអនុវត្តការងាររបស់យន្តការសវនកម្មផ្ទៃក្នុង ទទួលបានការគាំទ្រ យ៉ាង ពេញទំហឹងពីសំណាក់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ។

ឯកឧត្តម រដ្ឋលេខាធិការ មានប្រសាសន៍បន្ថែមទៀតថា សវនកម្មផ្ទៃក្នុង ក្រសួង មហាផ្ទៃ ផ្តោតសំខាន់លើការពង្រឹងអភិបាលកិច្ច និងសុចរិតភាពនៃការគ្រប់គ្រងបុគ្គលិក ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ការគ្រប់គ្រងជនជាប់ឃុំ ។ល។ ព្រមទាំងការអភិវឌ្ឍសមត្ថភាពអង្គភាព ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលស្ថិតក្រោមដែនសមត្ថកិច្ចក្រសួងមហាផ្ទៃ សំដៅរួមចំណែកពង្រឹងអភិបាលកិច្ចល្អ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

ឯកឧត្តម រដ្ឋលេខាធិការ ក៏បានមានប្រសាសន៍ណែនាំដល់ក្រុមប្រតិភូទាំងអស់ ត្រូវបន្តពង្រឹងសមត្ថភាពជំនាញវិជ្ជាជីវៈសវនកម្មជាប់ជាប្រចាំ, អនុវត្តកិច្ចការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ ពិសេសត្រូវធ្វើបច្ចុប្បន្នភាពលើច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនានាក្នុងវិស័យរដ្ឋបាលស៊ីវិល សន្តិសុខសាធារណៈ និងពន្ធនាគារ, ត្រូវត្រួតពិនិត្យរាល់ឯកសារ កិច្ចប្រតិបត្តិការទាំងអស់របស់សវនដ្ឋានឱ្យបានច្បាស់លាស់ និងដាក់ចេញនូវអនុសាសន៍កែលម្អចំណុចខ្វះខាតជាក់ស្ដែងដែលកើតមាននៅសវនដ្ឋាន និងត្រូវយកចិត្តទុកដាក់តាមដានរាល់អនុសាសន៍ដែលបានដាក់ជូនសវនដ្ឋាន ដើម្បីកំណត់ពេលពេលវេលាក្នុងរយៈពេល ៦ខែ ឬយ៉ាងយូរបំផុត ១២ខែ ឱ្យសវនដ្ឋានអនុវត្តតាមអនុសាសន៍ និងត្រូវមានរបាយការណ៍។

ជាងនេះទៅទៀត បន្ទាប់ពីបានបញ្ចប់ការងារសវនកម្មផ្ទៃក្នុងនៅគ្រប់សវនដ្ឋានគោលដៅទាំងអស់រួចរាល់ អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ត្រូវរៀបចំរបាយការណ៍ពិសេសមួយឬមួយចំនួន អំពីករណីដែលខ្លួនរកឃើញថា មានហានិភ័យខ្ពស់ ដែលចាំបាច់ត្រូវមានដំណោះស្រាយជាបន្ទាន់ ដើម្បីគោរពរាយការណ៍ផ្ទាល់ជូន សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងគោរពស្នើសុំអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ ៕ ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner