យុទ្ធសាស្រ្ដ បី ដំណាក់កាល និងការរើបម្រះត្រដរខ្យល់របស់ ប៉ុល ពត

បន្ទាប់ពីរបបកម្ពុជាប្រជាធិបតេយ្យ (ខ្មែរក្រហម) របស់ខ្លួន ដួលរលំ កម្លាំងទ័ពរបស់ ប៉ុល ពត បានបាក់ទ័ពរត់ខ្ចាត់ខ្ចាយស្ទើរទាំងស្រុង។ ប៉ុល ពត ខិតខំប្រវេប្រវាប្រមូលកម្លាំងដែលនៅសេសសល់តែក្បាលម៉ាស៊ីនប៉ុន្មាននាក់ និងកៀរប្រជាជនខ្លះ ដើម្បីបង្កើតជាកម្លាំងឈ្លប និងទ័ព ដើម្បីធ្វើការតស៊ូវាយដណ្តើមអំណាចមកវិញ។ ជាមួយគ្នានេះ ការប៉ុនប៉ងវាយបកដណ្ដើមរដ្ឋអំណាចដោយកម្លាំងយោធារបស់ពួក ប៉ុល ពត នាដំណាក់កាលដំបូង មិនអាចអនុវត្តបានឡើយ ដូច្នេះពួក ប៉ុល ពត បានផ្លាស់ប្តូរយុទ្ធសាស្ត្រទៅកាន់ចរិត និងរូបភាពសង្រ្គាម “ទន្ទ្រាន និងផ្ដួលរំលំ”។ ក្នុងការអនុវត្តនូវយុទ្ធសាស្ត្រសង្គ្រាមទន្ទ្រាន និងផ្ដួលរំលំ ពួក ប៉ុល ពត បានបែងចែកសកម្មភាពសង្រ្គាមរបស់វា ជាបីដំណាក់កាល ដែលហៅថា «យុទ្ធសាស្ត្រ បី ដំណាក់កាល»។

តាមផែនការស្រមើស្រមៃរបស់ ប៉ុល ពត ក្នុងរដូវវស្សាឆ្នាំ១៩៧៩ ត្រូវចាត់តាំងកសាងឱ្យបានកងឈ្លបពី ៥ ទៅ ៦ ម៉ឺននាក់ និងកសាងកងទ័ពឱ្យបានពី ២៥០០០ ទៅ ៣៥០០០ នាក់។ ពួកវាភ្លេចគិតទៅដល់អ្វី ដែលពួកវាបានធ្វើចំពោះប្រជាជន មុនពេលដែលពួកវាត្រូវធ្លាក់ពីអំណាច។ បើប្រជាជនស្អប់ខ្ពើមវាយ៉ាងនេះ តើវាមានលទ្ធភាពឯណាដើម្បីប្រមូលប្រជាជនចូលកងឈ្លប ចូលបម្រើក្នុងជួរកងទ័ពដ៏សន្ធឹកសន្ធាប់យ៉ាងនេះបាន?ដោយមានការវាយតម្លៃខុស ពួក ប៉ុល ពត បានចាប់ផ្តើមផ្ទេរដំណាក់កាលពីការរក្សាការពារជាយុទ្ធសាស្ត្រ ដែលសំខាន់គឺ ការកសាងកម្លាំង ធ្វើសកម្មភាពឈ្លប ទៅកាន់ដំណាក់កាលប្រទាញប្រទង់ជាយុទ្ធសាស្ត្រ។ ការរើបម្រះលើកទី១ នេះ ទោះបីជា ពួក ប៉ុល ពត បានខិតខំប្រមូលអស់នូវលទ្ធភាព និងកម្លាំងរាប់ទាំងសកម្មភាពផ្នែកទូតនៅខាងក្រៅផងក៏ដោយ ក៏ទីចុងបំផុត ពួកវាត្រូវទទួលយកបរាជ័យយ៉ាងសែនឈឺចាប់ មិនត្រឹមតែមិនបានទទួលជោគជ័យប៉ុណ្ណោះទេ តែថែមទាំងទទួលនូវការខូចខាតយ៉ាងធ្ងន់ធ្ងរទៀតផង។ ការរើបម្រះត្រដរខ្យល់លើកទី១ ត្រូវបរាជ័យ ដូចនេះ ផែនការផ្ទេរដំណាក់កាលមិនអាចអនុវត្តបាន បន ប៉ុល ពត ត្រូវស្ថិតក្នុងដំណាក់កាលកសាងកម្លាំង ហើយវាយឈ្លបតូចតាចបន្តទៅទៀតប៉ុណ្ណោះ៕

#សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #យុទ្ធសាស្ត្របីដំណាក់កាល #ខ្មែរក្រហម #កម្ពុជាប្រជាធិបតេយ្យ #ប៉ុលពត #ប្រវត្ដិសាស្រ្ដខ្មែរ

Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ

Telegram Channel

ly-bunheng
ly-bunheng
លី ប៊ុនហេង ប្រធានផ្នែកប្រតិបត្ដិការទូទៅនៃកម្មវិធីសច្ចធម៌ប្រវត្ដិសាស្រ្ដ
ads banner
ads banner
ads banner