រដ្ឋមន្រ្តីក្រសួងអប់រំអញ្ជើញសម្ភោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានា នៅវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ស្ពឺ

កំពង់ចាម៖ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ នូវសមិទ្ធផលនានា នៅវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ស្ពឺ ក្រោម អធិបតីភាព ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្ដម ហ៊ុន ម៉ានិត នាយករងខុទ្ទកាល័យសម្តេចតេជោ ព្រមទាំង ឯកឧត្ដម លោកជំទាវ និងអង្គភាពពាក់ព័ន្ធទាំងអស់បានចូលរួមនៅព្រឹកថ្ងៃទី១៩ខែឧសភាឆ្នាំ២០២២នៅវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ស្ពឺ ស្រុកចំការលើខេត្តកំពង់ចាម ។

សមិទ្ធផលថ្មីនេះគឺជាចំណងដៃដ៏ថ្លៃថ្លារបស់ សម្ដេចតេជោ និងលោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន រួមមាន អគារសិក្សាមួយខ្នង កម្ពស់ ៤ជាន់ ចំនួន ២៤បន្ទប់ ផ្ទះសំណាក់គ្រូបង្រៀន ១ខ្នង កម្ពស់ ២ជាន់ ចំនួន ២០បន្ទប់ និងទីចាត់ការ ១ខ្នង ចំនួន ៤បន្ទប់។ តាមរយៈសមិទ្ធផលដែលទទួលបាននេះ នឹងជួយបម្រើដល់ការងាររបស់គណៈគ្រប់គ្រងសាលា ជួយកាត់បន្ថយក្នុងការចំណាយលើជីវភាពរស់នៅដូចជាការធ្វើដំណើរ និងស្នាក់នៅ របស់លោកគ្រូអ្នកគ្រូ ជាពិសេសជួយដល់ការបង្រៀន និងរៀនរបស់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សឱ្យកាន់តែមានភាពប្រសើរឡើង ។

ក្នុងពិធីសម្ពោធនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ដល់ក្រុមការងារគ្រប់លំដាប់ថ្នាក់ ជាពិសេសអាជ្ញាធរថ្នាក់មូលដ្ឋាន ដែលជាផ្នែកមួយផ្ដល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋ ព្រមទាំងជួយគាំទ្រដល់សាលារៀន និងមន្ទីរពេទ្យជាដើម ។

ស្របតាមការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការបង្កើតសមិទ្ធិផលថ្មីនានានៅតាមសាលារៀននេះដែរ ឯកឧត្ដមបណ្ឌិត បានផ្ដាំផ្ញើដល់សិស្សានុសិស្សទាំងអស់ខិតខំរៀនសូត្រ ដើម្បីអោយក្លាយពលរដ្ឋល្អ ពលរដ្ឋឆ្នើម មានចំណេះដឹងពេញលេញក្នុងការចូលរួមអភិវឌ្ឍន៍ជាតិឲ្យកាន់តែរីកចម្រើននាពេលខាងមុខ៕ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner