បួនខែដើមឆ្នាំ២០២២ ការនាំចេញគ្រាប់ស្វាយចន្ទី ពីកម្ពុជាទៅវៀតណាម ធ្លាក់ចុះជាង ៤០%

ភ្នំពេញ៖ រយៈពេល ៤ខែ ដើមឆ្នាំ២០២២នេះ វិបត្តិអាកាសធាតុនៅឆ្នាំ២០២២នេះ បានធ្វើឱ្យទិន្នផលគ្រាប់ស្វាយចន្ទីធ្លាក់ចុះជិតពាក់កណ្តាល ដែលធ្វើឱ្យការនាំចេញគ្រាប់ស្វាយចន្ទីទៅប្រទេសវៀតណាម ធ្លាក់ជាង ៤០%។ នេះបើតាមប្រធានសមាគមស្វាយចន្ទីកម្ពុជា។

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជាបានឱ្យដឹងនាពេលថ្មីៗនេះថា ការនាំចេញគ្រាប់ស្វាយចន្ទីស្រស់ទៅវៀតណាម ក្នុងរយៈពេល ០៤ខែ ដើមឆ្នាំ២០២២នេះ មានចំនួនជាង ៥០ម៉ឺនតោន ទទួលបានទឹកប្រាក់ជាង ៧៦៧លានដុល្លារ ថយចុះ ៤៣.៤៧% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១។

លោកបានពន្យល់ថា ឆ្នាំនេះសមាគមស្វាយចន្ទីកម្ពុជាបានប៉ាន់ប្រមាណថា ទិន្នផលស្វាយចន្ទីធ្លាក់ចុះរហូតដល់ ៥០% ដោយសារតែបញ្ហាអាកាសធាតុ ពោលគឺកសិករ សមាជិករបស់សមាគម អាចផលិតបានត្រឹមតែក្នុងរង្វង់ពី ៥៧ម៉ឺនតោនទៅ ៦០ម៉ឺនប៉ុណ្ណោះ ក្នុងនោះជាង ៥០ម៉ឺនតោន បានលក់ទៅឱ្យឈ្មួញវៀតណាម និងនៅសល់ក្នុងឃ្លាំងប្រមាណជាង ១០តោនទៀត។

លោកបានបញ្ជាក់ដូច្នេះថា មូលហេតុចម្បងដែលធ្វើឱ្យការនាំចេញគ្រាប់ស្វាយចន្ទីឆៅទៅប្រទេសវៀតណាមធ្លាក់ចុះ គឺដោយសារទិន្នផលនៅក្នុងប្រទេសកម្ពុជាយើងតែម្តង គឺបណ្តាលមកពីការប្រែប្រួលអាកាសធាតុ ។

លោកលើកឡើងថា នៅឆ្នាំនេះកសិករបានប្រឈមនឹងការខាតបង់យ៉ាងខ្លាំង ស្របពេលដែលវិបត្តិពិភពលោកបានធ្វើឱ្យជី ប្រេង និងថ្នាំកសិកម្មឡើងថ្លៃ ខណៈដែលតម្លៃគ្រាប់ស្វាយចន្ទីបានធ្លាក់ថ្លៃ។ បច្ចុប្បន្ននេះតម្លៃគ្រាប់ស្វាយចន្ទីសើម បានធ្លាក់ចុះមកតម្លៃ ចន្លោះពី ២,០០០រៀលទៅ ៣,០០០រៀល និងតម្លៃគ្រាប់ស្ងួត មានតម្លៃចន្លោះ ៥,៨០០រៀល ទៅ ៦៨០០រៀលទៅតាមគុណភាពគ្រាប់។

លោកបញ្ជក់ថា បញ្ហានេះបានធ្វើឱ្យកសិករមួយចំនួន ដែលមានដើមចន្ទីតូចៗអាយុ២ ទៅ៣ឆ្នាំបានសម្រេចចិត្ត ភ្ជួរចោល និងកសិករផ្សេងទៀត បានកាប់ដើមចោលយកទៅដីដំឡូងមីជំនួសវិញ ដែលលោកប៉ាន់ប្រមាណថា មានប្រហែលជា ១០ម៉ឺនហិកតា។ គិតត្រឹមដើមខែឧសភា ឆ្នាំ២០២២នេះ លោកប៉ាន់ប្រមាណថាផ្ទៃដីដាំស្វាយចន្ទី នៅសល់ប្រមាណ ៧០ម៉ឺនហិកតាប៉ុណ្ណោះ ។

លោកបន្ថែមថា ៧០ម៉ឺនហិកតានេះ គឺយើងរក្សាទិន្នន័យនៅដដែល គឺ ៥០ម៉ឺនហិកតា ជាផ្ទៃដីដាំស្វាយចន្ទីផ្តល់ទិន្នផល និង ២០ម៉ឺនហិកតាទៀត ជាចន្ទីដែលមិនផ្តល់ទិន្នផល ហើយផ្ទៃដែលមិនផ្តល់ទិន្នផលក៏ប្រឈមនឹងការបាត់បង់ដែរ ដោយសារតែពួកគាត់ងាកទៅដាំដំឡូវមី ព្រោះដំឡូងមីមានហាងឆេងជាង ហើយគាត់អាចបង្វិលលុយបានលឿនជាងស្វាយចន្ទី ហើយស្វាយចន្ទីរង់ចាំ៥ ទៅ៦ឆ្នាំទើបបានផល ព្រោះជាដំណាំរយៈពេលវែង។

យោងតាមទិន្នន័យដែលសមាគមស្វាយចន្ទីកម្ពុជា ថតតាមរយៈផ្កាយរណបកន្លងមកបង្ហាញថា ប្រទេសកម្ពុជាមានផ្ទៃដីដាំស្វាយចន្ទីប្រមាណ ៨០ម៉ឺនហិកតា ប៉ុន្តែសម្រាប់ទិន្នន័យផ្លូវការរមានប្រមាណត្រឹម ៤៩ម៉ឺនហិកតាប៉ុណ្ណោះ៕ ប្រភព៖ Freshnews ដោយ៖ ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner