កូនអណ្តើកហ្លួងចំនួន ៣០ក្បាលទៀតបានញាស់នៅក្នុងមជ្ឈមណ្ឌលអភិរក្សសត្វល្មូនខេត្តកោះកុង

កោះកុង៖កូនអណ្តើកហ្លួងចំនួន ៣០ក្បាល បានញាស់ចេញពីសម្បុកនៅលើឆ្នេរខ្សាច់សិប្បនិម្មិតក្នុងមជ្ឈមណ្ឌលអភិរក្សសត្វល្មូនកោះកុងកាលពីសប្តាហ៍កន្លងទៅ។ នេះគឺជាលើកទីពីរហើយ ដែលអណ្តើកហ្លួងចិញ្ចឹមក្នុងមជ្ឈមណ្ឌលនេះបានពងកូន។

ក្នុងរដូវពងកូនឆ្នាំ ២០២២នេះ ក្រុមអណ្តើកហ្លួងចិញ្ចឹមសម្រាប់បង្កាត់ពូជនៅក្នុងមជ្ឈមណ្ឌលអភិរក្សសត្វល្មូន កោះកុង ពងបានចំនួន ប្រាំបួនសម្បុក ស្មើ ៨១ពង ហើយញាស់បានចំនួន ៣០កូន បើប្រៀបធៀបទៅនឹងរដូវពងកូនឆ្នាំ២០២១ គឺញាស់បានតែមួយក្បាលគត់ក្នុងចំណោមពង៥សម្បុកដែលមាន ៧១ពង។

លោក សោម ស៊ីថា ប្រធានគម្រោងអភិរក្សអណ្តើកហ្លួងនៃអង្គការ WCS បានបញ្ជាក់ឱ្យដឹងនៅថ្ងៃទី ២០ ខែ ឧសភា ឆ្នាំ ២០២២ថា “ មេអណ្តើកចិញ្ចឹមចំនួនពីរក្បាលនៅឯមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះដែលជាមជ្ឈមណ្ឌលថែរក្សា និងបង្កាត់ពូជសត្វកម្រទីពីរនិងជាដៃគូរបស់អង្គការ WCS ពងបាន២សម្បុក (ស្មើ ១៦ពង)។ទោះបីយ៉ាងណាវា ញាស់បានតែមួយក្បាលប៉ុណ្ណោះ ហើយកូនអណ្តើកនោះបានបញ្ជូនទៅកាន់មជ្ឈមណ្ឌលអភិរក្សសត្វល្មូនកោះកុង។ ដូច្នេះកូនអណ្តើកហ្លួងញាស់បានក្នុងរដូវពងកូនឆ្នាំនេះសរុបមានចំនួន ៣១ក្បាល”។

លោកបានឱ្យដឹងបន្ថែមថា«ស្របពេលដែលការបង្កកំណើតនៅក្នុងធម្មជាតិកំពុងមានការថយចុះ យើងទទួលបានជោគជ័យលើកម្មវិធីបង្កាត់ពូជរបស់យើង ដែលជាការធានាដល់ការរស់រានយូរអង្វែងរបស់ប្រភេទអណ្តើកហ្លួង។ នៅរដូវពងកូនឆ្នាំនេះ ក្រុមការងារមិនបានរកឃើញសម្បុកអណ្តើកហ្លួងនៅលើឆ្នេរខ្សាច់តាមប្រព័ន្ធព្រែកស្រែអំបិលក្នុងតំបន់គ្រប់គ្រងជលផលស្ថិតក្នុងខេត្តកោះកុង និងព្រះសីហនុ ទេ”។

លោក អ៊ុក វិបុល ប្រធាននាយកដ្ឋានអភិរក្សជលផល បានឱ្យដឹងថា «យើងមានមោទនភាពណាស់ដែលទទួលលទ្ធផលដ៏អស្ចារ្យនេះ។ រដ្ឋបាលជលផលសូមធ្វើការលើកទឹកចិត្តនិងគាំទ្រពេញទំហឹង និងបន្តកិច្ចការស្រាវជ្រាវនេះទៀតដើម្បីសម្រេចគោលដៅក្នុងពេលអនាគត ហើយយើងសង្ឃឹមថា អណ្តើកហ្លួងដែលជាប្រភេទជិតផុតពូជនេះនឹងមានវត្តមានរស់នៅយូរអង្វែងសម្រាប់កូនចៅជំនាន់ក្រោយៗទៀត។»

លោក ស្ទីវឹន ផ្លាត (Steven G. Platt) អ្នកជំនាញផ្នែកឧរង្គសត្វនិងថលជលិក នៃអង្គការ WCS ប្រចាំតំបន់អាស៊ីអាគ្នេយ៍ បានថ្លែងថា «នេះគឺជាជោគជ័យមួយក្នុងការងារអភិរក្សអណ្តើកហ្លួងនៅកម្ពុជា។ កូនអណ្តើកហ្លួងដែលបានញាស់ដោយជោគជ័យយ៉ាងច្រើននេះ បង្ហាញអំពីក្តីសង្ឃឹមចំពោះការរស់រានរបស់អណ្តើកហ្លួងរយៈពេលវែងនាពេលអនាគត”។

លោកស្រីបណ្ឌិត សុនចា លូហ្ស៍ (Dr Sonja Luz) អនុប្រធានប្រតិបត្តិនៃអង្គការ Mandai Nature បានសម្តែងនូវការរីករាយចំពោះដំណឹងនៃការញាស់របស់កូនអណ្តើកហ្លួងទាំងនេះ។

ជោគជ័យនៃការដែលអាចបង្កាត់ពូជបានកូនញាស់ទាំងនេះដែរ នឹងមិនអាចសម្រេចបានទេ ប្រសិនបើគ្មានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ រួមទាំងក្រុមការងារអនុវត្តផ្ទាល់នៅទីវាល និងការគាំទ្រពីដៃគូផ្សេងៗទៀត។

គួរបញ្ជាក់ថាបច្ចុប្បន្ន មជ្ឈមណ្ឌលអភិរក្សសត្វល្មូនកោះកុង មានអណ្តើកហ្លួងចំនួន ១៨៦ក្បាល។ អណ្តើកហ្លួងជំទង់ចំនួន ១៤៧ក្បាល ត្រូវបាលលែងចូលទៅក្នុងទីជម្រកធម្មជាតិវិញចាប់តាំងពីឆ្នាំ ២០១៥មក បូករួមទាំងអណ្តើកហ្លួង ៥១ក្បាលដែលបានលែងកាលពីចុងឆ្នាំ ២០២១។ អណ្តើកស្ទើរជំទង់និងជំទង់នៅក្នុងមជ្ឈមណ្ឌលនេះ ត្រូវបានចិញ្ចឹមថែទាំនៅក្នុងស្រះបង្កាត់ពូជចំនួន ៤។ ចំណែកឯ អណ្តើកតូចៗ ត្រូវបានដាក់ចិញ្ចឹមនៅក្នុងអាងធំធ្វើពីប្លាស្ទីក មុននឹងផ្ទេរចូលទៅក្នុងស្រះបង្កាត់ពូជ។ កូនអណ្តើកហ្លួងដែលទើបនឹងញាស់ទាំងនេះ នឹងត្រូវចិញ្ចឹមថែទាំនៅក្នុងមជ្ឈមណ្ឌលរយៈពេលប្រហែល ៤ឆ្នាំ រហូតដល់វាធំល្មមអាចសម្របខ្លួននឹងធម្មជាតិ និងការពារខ្លួនឯងបាន ទើបលែងចូលទៅក្នុងទីជម្រកធម្មជាតិតាមប្រព័ន្ធព្រែកស្រែអំបិលវិញ៕

ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner