ប្រមុខការពារជាតិអាមេរិក៖ ដាណាម៉ាកនឹងផ្តល់មីស៊ីលប្រឆាំងនាវាមុជទឹកដល់អ៊ុយក្រែនទប់ទលនឹងរុស្ស៊ី

វ៉ាស៊ីនតោន៖ រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក ល្លយដ៍ អូស្ទីន បានអះអាងថា ប្រទេសដាណឺម៉ាកនឹងផ្តល់មីស៊ីលប្រឆាំងនាវាមុជទឹកដល់អ៊ុយក្រែន។

លោក អូស្ទីន បានធ្វើការអត្ថាធិប្បាយបែបនេះ ខណៈពេលកំពុងថ្លែងទៅកាន់អ្នកសារព័ត៌មាន បន្ទាប់ពីលោកបានរៀបចំកិច្ចប្រជុំតាមប្រព័ន្ធអ៊ីនធើណិតមួយ នៃក្រុមទំនាក់ទំនងការពារជាតិអ៊ុយក្រែន នៅក្នុងថ្ងៃចន្ទដើមសប្តាហ៍នេះ។ ក្រសួងការពារជាតិអាមេរិកបានបញ្ជាក់ថា ប្រទេសចំនួន ៤៧ បានចូលរួម។ នាឱកាសនោះ លោក អូស្ទីន បាននិយាយថា លោកបានថ្លែងអំណរគុណជាពិសេសចំពោះប្រទេសដាណឺម៉ាក ដែលបានប្រកាសនៅថ្ងៃនេះថា ខ្លួននឹងផ្តល់ប្រព័ន្ធមីស៊ីលការពារឆ្នេរសមុទ្រ Harpoon រួមទាំងគ្រាប់មីស៊ីល ដើម្បីជួយអ៊ុយក្រែនការពារឆ្នេរសមុទ្ររបស់ខ្លួន។

កន្លងមក ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានស្នើសុំប្រព័ន្ធមីស៊ីលការពារឆ្នេរសមុទ្រ Harpoon ពីសម្ព័ន្ធមិត្ត ខណៈពេលដែលកំពង់ផែសមុទ្រខ្មៅត្រូវបានរារាំងដោយនាវារុស្ស៊ី ហើយការនាំចេញគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែនក៏ត្រូវបានរំខាន។ ជុំវិញបញ្ហានេះ លោក អូស្ទីន ក៏បាននិយាយផងដែរថា ប្រទេសប្រមាណ ២០ បានចេញមុខប្រកាសពីការផ្តល់កញ្ចប់ជំនួយយោធាថ្មីសម្រាប់អ៊ុយក្រែន។ លោកថា ប្រទេសអ៊ីតាលី ក្រិក ន័រវែស និងប៉ូឡូញ បានប្រកាសផ្តល់ជំនួយប្រព័ន្ធកាំភ្លើងធំ និងគ្រាប់រំសេវ៕ ប្រភព៖ NHK ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner