លោក ចូ បៃដិន៖ ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនជាបញ្ហាសកល

តូក្យូ៖ នៅក្នុងកិច្ចប្រជុំកំពូលក្រុមប្រទេសក្វាដ (Quad) នៅទីក្រុងតូក្យូ ប្រទេសជប៉ុន នៅថ្ងៃអង្គារនេះ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានអះអាងថា វិបត្តិនៅអ៊ុយក្រែនគឺជាបញ្ហាសកល ដែលត្រូវតែបង្កើនសារៈសំខាន់នសការរក្សាសណ្តាប់ធ្នាប់អន្តរជាតិ បូរណភាពទឹកដី និងអធិបតេយ្យភាព។

បន្ថែមលើនេះ លោក ចូ បៃដិន បានបញ្ជាក់ដូច្នេះថា គោលការណ៍ជាមូលដ្ឋាននៃសណ្តាប់ធ្នាប់អន្តរជាតិ, បូរណភាពទឹកដី និងអធិបតេយ្យភាព, ច្បាប់អន្តរជាតិ រួមទាំងសិទ្ធិមនុស្ស ត្រូវតែត្រូវបានការពារជានិច្ច។

លោក បៃដិន បានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកនឹងប្ដេជ្ញាឈរជាមួយដៃគូរបស់ខ្លួន ដើម្បីឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ ដោយលោកបន្ថែមថា ការឈ្លានពានរបស់រុស្ស៉ីលើអ៊ុយក្រែន គឺជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សណ្តាប់ធ្នាប់អន្តរជាតិ បូរណភាពទឹកដី និងអធិបតេយ្យភាព។

នាឱកាសនោះដែរ នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា ដែលជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលនេះ បាននិយាយថា ព្រឹត្តិការណ៍ថ្មីៗបានគូសបញ្ជាក់អំពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការរក្សាសន្តិភាព និងស្ថិរភាព។

លោក គីស៊ីដា បន្ថែមថា ការឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែន គឺជាបញ្ហាប្រឈមដោយផ្ទាល់ចំពោះគោលការណ៍របស់អង្គការសហប្រជាជាតិ។ យើងមិនត្រូវទុកឲ្យស្ថានការណ៍ដូចគ្នានេះកើតឡើងក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកឡើយ៕ ប្រភព៖ NHK និង Reuters ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner