ប្រធានប្រតិបត្តិនៃវេទិកាសេដ្ឋកិច្ចពិភពលោក ចង់បង្កើតនូវមជ្ឈមណ្ឌលមួយនៅកម្ពុជា ដែលអាច ទាញយកអត្ថប្រយោជន៍ច្រើនពីបដិវត្តន៍ឧស្សាហកម្មទី៤

ស្វីស៖ ស្ថាបនិក និងជាប្រធានប្រតិបត្តិនៃវេទិកាសេដ្ឋកិច្ចពិភពលោក បានបង្ហាញពីបំណង ចង់ ឃើញនូវការបង្កើតមជ្ឈមណ្ឌលមួយ ដែលបង្កើតឡើងដោយវេទិកាសេដ្ឋកិច្ចពិភពលោក នៅក្នុង ប្រទេសកម្ពុជា ដែលមជ្ឈមណ្ឌលនេះ មានសារៈសំខាន់ ក្នុងការទាញយកអត្ថប្រយោជន៍ច្រើនពី បដិវត្តន៍ឧស្សាហកម្មទី៤ ។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម បណ្ឌិត កៅ គឹមហួន រដ្ឋមន្ត្រីបរតិភូអមនាយករដ្ឋមន្ត្រី ក្រោយពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម សាស្ត្រាចារ្យ ក្លោស ឆ្វាប់ ស្ថាបនិក និងជាប្រធានប្រតិបត្តិនៃវេទិកាសេដ្ឋកិច្ចពិភពលោក នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ ពីទីក្រុងដាវ៉ូស ប្រទេសស្វីស ។

ក្នុងជំនួបនេះ ឯកឧត្តម សាស្ត្រាចារ្យ ក្លោស ឆ្វាប់ បានស្វាគមន៍សម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលអញ្ជើញមកទីក្រុងដាវ៉ូស នឹងបានអញ្ជើញចូលរួមនៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកនេះ។ សម្ដេចតេជោ បានមានប្រសាសន៍អរគុណឯកឧត្តម សាស្ត្រាចារ្យ ក្លោស ឆ្វាប់ ដែលមានពេល វេលាសម្រាប់ជំនួបនេះ ហើយជាពិសេស ស្របពេលការអញ្ជើញរបស់វេទិកាសេដ្ឋកិច្ចពិភពលោក មកទីក្រុងដាវ៉ូស ក្នុងឆ្នាំ ២០២២ ដែលក្នុងឆ្នាំនេះ កម្ពុជា ធ្វើជាប្រធានអាស៊ាន ផងដែរ ។

សម្តេចតេជោ ហ៊ុន សែន បានឆ្លៀតយកឱកាសនេះ អញ្ជើញឯកឧត្តម សាស្ត្រាចារ្យ ក្លោស ឆ្វាប់ ដោយផ្ទាល់ មកចូលរួមនៅក្នុងកិច្ចសន្ទនាអាស៊ាន-ពិភពលោក លើកទី២ ដែលគ្រោងធ្វើនៅក្នុង រាជធានីភ្នំពេញ នាខែវិច្ឆិកាឆ្នាំ២០២២ ។ សម្ដេចក៏បានរំលឹកដែរថា កាលពីឆ្នាំ២០១២ ពេលកម្ពុជា ធ្វើជាប្រធានអាស៊ាន កម្ពុជា ក៏បានរៀបចំនូវវេទិកាដែលហៅថា កិច្ចសន្ទនាអាស៊ាន-ពិភពលោក លើកទី១ ដោយក្នុងនោះមានការចូលរួមពីប្រធានស្ថាប័នមួយចំនួនដូចជា៖ IMF, ធនាគារពិភព លោក ក៏ដូចជាធនាគារអភិវឌ្ឍន៍អាស៊ីជាដើម។ លើសពីនេះ កិច្ចសន្ទនាអាស៊ាន-ពិភពលោក លើកទី២ ដែលគ្រោងធ្វើនៅខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន សូមអញ្ជើញ ឯកឧត្តមសាស្ត្រាចារ្យ ក៏ដូចជាវេទិកាសេដ្ឋកិច្ចពិភពលោក ដើម្បីចូលរួមក្នុងកិច្ចប្រជុំខាងមុខនេះ ដោយសារវេទិកាសេដ្ឋកិច្ចពិភពលោក គឺមានចំនុចជាច្រើន ដែលកន្លងមកនេះ ធ្វើការងារប្រទាក់ ក្រឡាដែលមានអត្ថប្រយោជន៍ដល់អាស៊ាន ដូច្នេះការអញ្ជើញចូលរួមពីវេទិកាសេដ្ឋកិច្ចពិភពលោក ក៏ដូចជាលោកសាស្ត្រាចារ្យ ក្លោស ឆ្វាប់ ពិតជាមានសារៈសំខាន់។

ជាការឆ្លើយតប ឯកឧត្តម សាស្ត្រាចារ្យ ពិតជាអរគុណសម្ដេចតេជោ ដែលបានអញ្ជើញលោកដោយ ផ្ទាល់ ។ ឯកឧត្តម សាស្ត្រាចារ្យ ក៏ដូចជាវេទិកាសេដ្ឋកិច្ចពិភពលោក ចាត់ទុកអាស៊ាន មាន សារៈសំខាន់ ណាស់សម្រាប់វេទិកាសេដ្ឋកិច្ចពិភពលោក ហើយជាពិសេសទៀត ឯកឧត្តម សាស្ត្រាចារ្យ បានគូសបញ្ជាក់ថា នៅពេលនេះ សម្ដេចតេជោបានដើរតួនាទីយ៉ាងសំខាន់ ជាពិសេស ដោយសារសម្ដេចតេជោ មិនមែនត្រឹមតែជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាទេ តែក៏ជា ប្រធានអាស៊ាន ផងដែរ។

ឯកឧត្តម សាស្ត្រាចារ្យ ក៏បានមានប្រសាសន៍ដែរថា លោកក៏បានទទួលការអញ្ជើញពីក្រុម បណ្ដា ប្រទេស G20 ដើម្បីចូលរួមក្នុងកិច្ចប្រជុំ G20 នៅប្រទេសឥណ្ឌូនេស៊ីផងដែរ។ ឯកឧត្តម សាស្ត្រាចារ្យ ក៏បានឆ្លើយតបផងដែរថា ឯកឧត្តម នឹងអញ្ជើញចូលរួមនូវកិច្ចប្រជុំនេះ ដែលនឹងធ្វើ ឡើងនៅរាជធានីភ្នំពេញ ហើយឯកឧត្តម បានគូសបញ្ជាក់ថា នេះក៏ជាឱកាសដ៏ល្អសម្រាប់លោក ទៅទស្សនកិច្ចនៅប្រទេសកម្ពុជាក្នុងការឃើញវឌ្ឍនភាពនៃការរីកចម្រើនរបស់ប្រទេសកម្ពុជាផងដែរ។

ជាការឆ្លើយតប សម្តេចតេជោ បានមានប្រសាសន៍ថា សម្រាប់ឯកឧត្តមសាស្ត្រាចារ្យ ក៏អាចទៅ ទស្សនកិច្ចនៅកម្ពុជា ដែលនឹងឃើញពីការរីកចម្រើន ក្រោយប្រទេសកម្ពុជាទទួលរងការខ្ទេច ខ្ទាំដោយសារសង្គ្រាម ដូច្នេះនេះ គឺជាឱកាសដែលអាចឃើញផ្ទាល់នូវការអភិវឌ្ឍការរីកចម្រើន និងសមិទ្ធផលទាំងឡាយរបស់កម្ពុជា។

មិនត្រឹមតែប៉ុណ្ណោះ ឯកឧត្តម សាស្រ្តាចារ្យមានប្រសាសន៍ថា លោកពិតជាចង់ឃើញនូវការបង្កើត នូវមជ្ឈមណ្ឌលមួយដែលបង្កើតដោយវេទិកាសេដ្ឋកិច្ចពិភពលោក ដែលកន្លងមក បានធ្វើនៅបណ្ដា ប្រទេសមួយចំនួនដូចជា៖ នៅអាមេរិក នៅចិន និងជប៉ុនជាដើម ក៏ដូចជាបណ្ដាប្រទេសផ្សេងទៀត ហើយក្នុងការងារនេះ ឯកឧត្តម សាស្ត្រាចារ្យគិតថា អ្វីដែលសំខាន់នោះ គឺវាអាចទាញយក អត្ថប្រយោជន៍ពីបដិវត្តន៍ឧស្សាហកម្មទី៤នេះ ដែលប្រើប្រាស់បច្ចេកវិទ្យាច្រើន ហើយមិនត្រឹមតែ ប៉ុណ្ណោះទេ ការបង្កើតនូវមជ្ឈមណ្ឌលនេះ គឺអាចជាមជ្ឈមណ្ឌលមួយនៃការជួយ ប្រើប្រាស់នូវ បច្ចេកវិទ្យាចុងក្រោយ ដូចដែលលោកធ្លាប់ធ្វើនៅក្នុងប្រទេសផ្សេងៗទៀត ឧទាហរណ៍ថា ការប្រើប្រាស់ដ្រូនក្នុងការដឹកជញ្ជូនថ្នាំពេទ្យជាបន្ទាន់ទៅទីតាំងដែលជាតំបន់ដាច់ស្រយាលជាដើម ក៏ដូចជាការប្រើប្រាស់ដើម្បីកសិកម្ម ហើយក៏អាចមានការងារផ្សេងៗទៀតដែលទាក់ទងនឹង បច្ចេកវិទ្យា និងធនាគារជាដើម។ ក្នុងន័យនេះដែរ ឯកឧត្តម សាស្ត្រាចារ្យ បានមានប្រសាសន៍ ជម្រាបជូនសម្តេចតេជោថា ឯកឧត្តមរពឹងថា យើងអាចធ្វើការជាមួយគ្នា ហើយ នឹងចុះ កិច្ច ព្រមព្រៀង មួយ ដើម្បីសហការរវាងកម្ពុជាជាមួយនឹងវេទិកាសេដ្ឋកិច្ចពិភពលោកនាពេលខាងមុខនេះជាពិសេស ក្នុងពេលដែលលោកសាស្ត្រាចារ្យ អញ្ជើញទៅបំពេញទស្សនកិច្ចនៅកម្ពុជាតែម្ដង។

ជាការឆ្លើយតប សម្ដេចតេជោ នឹងចាត់មន្ត្រីឲ្យធ្វើការងារជាមួយនឹងមន្ត្រីនៃវេទិកាសេដ្ឋកិច្ច ពិភពលោក ៕ ដោយ ៖វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner