រដ្ឋបាលខេត្តកណ្ដាល៖ ការរារាំងក្បួនឃោសនារបស់បក្សភ្លើងទៀន ដោយសារបក្សនេះបំពានលក្ខន្តិកៈរបស់ គ.ជ.ប

ភ្នំពេញ៖ រដ្ឋបាលខេត្តកណ្ដាល បានបញ្ជាក់ថា ការរារាំងក្បួនឃោសនារបស់បក្សភ្លើងទៀន ដោយសារបក្សនេះបំពានលក្ខន្តិកៈរបស់ គ.ជ.ប ដែលបានកំណត់ ពោល គឺពួកគេបានហែរក្បួនឃោសនាចូលកន្លែងដែលអាជ្ញាធរ និង គ.ជ.ប ហាមឃាត់។ ការបញ្ជាក់របស់រដ្ឋបាលខេត្តកណ្ដាល តាមរយៈលិខិតដែលបណ្តាញព័ត៌មានទទួលបាននៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ ដោយក្នុងនោះ រដ្ឋបាលខេត្តកណ្តាល បានបដិសេធទាំងស្រុងចំពោះការចេញផ្សាយរបស់វិទ្យុអាស៊ីសេរី (RFA) ដែលបានចោទប្រកាន់មកលើអាជ្ញាធរក្រុងតាខ្មៅថា បានរារាំងក្បួនឃោសនារបស់គណបក្សភ្លើងទៀន ពេលហែរចូលផ្សារក្រុងតាខ្មៅថ្មី ផ្សារក្រុងតាខ្មៅចាស់ និងកន្លែងទីប្រជុំជនដែល មានមនុស្សច្រើននៅថ្ងៃទី២ នៃយុទ្ធនាការឃោសនាបោះឆ្នោតឃុំ-សង្កាត់ កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២ថ្មីៗនេះ។

រដ្ឋបាលខេត្តកណ្តាល ចាត់ទុកថា ការផ្សព្វផ្សាយព័ត៌មានរបស់វិទ្យុ RFA Khmer នេះ គឺគ្មានមូលដ្ឋានច្បាស់លាស់ និងចាត់ទុកទង្វើនេះ ជាការញុះញង់ បំភ្លៃខុសការពិតទាំងស្រុង ធ្វើឱ្យសាធារណជន មានការយល់ច្រឡំ ប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិយស និងការអនុវត្តតួនាទីភារកិច្ចរបស់អជ្ញាធរមានសមត្ថកិច្ច។

ករណីនេះ រដ្ឋបាលខេត្តកណ្តាល សូមបញ្ជាក់ថា កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ គណៈកម្មការរៀបចំការបោះឆ្នោតខេត្តកណ្ដាល បានស្នើសុំកំណត់ទីតាំងហាមឃាត់ធ្វើសកម្មភាពឃោសនាការបោះឆ្នោត របស់គណបក្សនយោបាយក្នុងក្រុងតាខ្មៅ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។

ការចេញមកបកស្រាយ និងបដិសេធរបស់រដ្ឋបាលខេត្តកណ្តាល បានកើតឡើង ដោយសារតែកាលពីថ្ងៃទី២២ ខែឧសភាកន្លងទៅ ក្រុមសកម្មជនគណបក្សភ្លើងទៀន បានដង្ហែក្បួនបំពានលក្ខន្តិកៈ របស់ គ.ជ.ប ដែលបានកំណត់ ពោលពួកគេបានហែរក្បួនឃោសនាចូលកន្លែងដែលអាជ្ញាធរ និង គ.ជ.ប ហាមឃាត់។

សូមរំលឹកថា កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ រដ្ឋបាលខេត្តបានចេញសេចក្តីជូនដំណឹងថា ដើម្បីឱ្យដំណើរការឃោសនារកសំឡេងនោត យុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលនឹងប្រព្រឹត្តិទៅចំនួន១៤ថ្ងៃ ចាប់ពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ ធានាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ ជូនគណបក្សនយោបាយទាំងអស់ល្អប្រសើរ ក៏ដូចជាភ្ញៀវជាតិ-អន្តរជាតិ នោះ រដ្ឋបាលខេត្តបានកំណត់ទីតាំងតាមឃាត់ការដង្ហែក្បួនឃោសនា និងការប្រមូលផ្ដុំតាមផ្លូវ និងទីតាំងរួមមាន៖

-ទី១៖ បរិវេណជុំវិញផ្សារក្រុងតាខ្មៅចាស់ (ផ្លូវលេខ១០៣)
-ទី២៖ សួនច្បារមាត់ស្ទឹងព្រែកត្នោតក្រុងតាខ្មៅ (ផ្លូវលេខ១០២)
-ទី៣៖ បរិវេណជុំវិញពន្ធនាគារខេត្ត
-ទី៤៖ ផ្លូវជុំវិញបន្ទាយសុវត្ថិភាពទួលក្រសាំង ៕ ដោយ :វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner