ប្រធានាធិបតីបារាំង ស្នើឱ្យចាត់វិធានការបន្ថែម ដើម្បីបញ្ឈប់ការ ឈ្លានពាន របស់រុស្ស៊ីលើអ៊ុយក្រែន
ព្រុចសែល៖ ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង បាន ស្វាគមន៍កិច្ចព្រមព្រៀងក្នុងចំណោមមេដឹកនាំសហភាពអឺរ៉ុប ក្នុងការ ដាក់ ទណ្ឌកម្មផ្នែកប្រេងលើប្រទេសរុស្ស៊ី ហើយបានស្នើឱ្យចាត់វិធានការ បន្ថែមទៀត ដើម្បីបញ្ឈប់ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។
លោក ម៉ាក្រុង បានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីកិច្ចប្រជុំកំពូល របស់ សហភាពអឺរ៉ុបនៅទីក្រុងព្រុចសែល នៅថ្ងៃអង្គារសប្តាហ៍នេះថា គ្មាន អ្វីអាចត្រូវបានច្រានចោល ទាក់ទងនឹងការដាក់ទណ្ឌកម្ម បន្ថែម ប្រឆាំង នឹងរុស្ស៊ីនោះទេ។ ជាមួយគ្នានេះ លោកបានចង្អុលបង្ហាញថា លោកនឹង ធ្វើការស្នើសុំដំណោះស្រាយរបស់អង្គការសហប្រជាជាតិ ពាក់ព័ន្ធនឹង រុស្ស៊ី ដើម្បីលុបចោលការបិទច្រកនៅភាគខាងត្បូង នៃកំពង់ផែ អូឌីសា របស់អ៊ុយក្រែន និងក្របខ័ណ្ឌមួយដើម្បីអនុញ្ញាត ឱ្យមានការនាំចេញ គ្រាប់ធញ្ញជាតិ ចំពេលមានការកើនឡើង តម្លៃស្បៀងអាហារទូទាំង ពិភពលោក ដោយសារតែការលុកលុយរបស់រុស្ស៊ី។
លោក ម៉ាក្រុង បានបន្ថែមថា រូបលោកក៏បានប្រាប់ប្រធានាធិបតី រុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន អំពីផែនការខាងលើនេះផងដែរ ក្នុង អំឡុង កិច្ចពិភាក្សាតាមទូរស័ព្ទជាមួយមេដឹកនាំរុស្ស៊ី និងអធិការបតី អាល្លឺម៉ង់ លោក អូឡាហ្វ សូលស៍ កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងទៅ។
លោកថា លោកកំពុងរង់ចាំការឆ្លើយតបពីភាគីរុស្ស៊ីលើចំណុច ទាំងនេះ៕
ប្រភព៖ NHK ប្រែសម្រួល៖ ទីណា និងបុត្រា
![](https://asset.ams.com.kh/central/media/photo_2022-06-01_11-01-18.jpg)
![](https://asset.ams.com.kh/central/media/photo_2022-06-01_11-01-19-1024x577.jpg)
![](https://asset.ams.com.kh/central/media/photo_2022-06-01_11-01-22-1024x682.jpg)