ទណ្ឌិត សម រង្ស៊ី វ៉ៃប្រហារលើ កឹម សុខា យ៉ាងចាស់ដៃរឿងអត់ទៅបោះឆ្នោត

ភ្នំពេញ៖ ទណ្ឌិត សម រង្ស៊ី បានវ៉ៃប្រហារយ៉ាងចាស់ដៃ និងចំៗទៅលើលោក កឹម សុខា ដែលជាដៃគូរបស់ខ្លួន ដែលមិនបានចេញទៅបោះឆ្នោត និងបានចោទប្រកាន់ថា លោក កឹម សុខា បានប្រមាថអ្នកប្រជាធិបតេយ្យ អ្នកស្នេហាជាតិ ដែលបានគាំទ្រសង្គ្រោះជាតិ ហើយជាការសោកស្តាយ។ អ្វីដែលលោ កឹម សុខា ធ្វើនេះ គឺខុសធ្ងន់ណាស់។ ការវ៉ៃប្រហារលើលោក កឹម សុខា បានធ្វើឡើងតាមរយ:វិទ្យុអាស៊ីសេរី កាលលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២។

ទណ្ឌិត សម រង្ស៊ី មេក្លោងឧទ្ទាមក្រៅច្បាប់បានធ្វើការវ៉ៃប្រហារថា លោក កឹម សុខា បានធ្វើសេចក្តីថ្លែងការណ៍ប្រាប់ថា គាត់អត់ទៅចូលរួមការបោះឆ្នោតទេ ពីព្រោះគាត់អត់ឃើញគណបក្សណាដែលគាត់ពេញចិត្ត គាត់អត់ទៅបោះឆ្នោត មានន័យថាគាត់ចាត់ទុកថា គណបក្សប្រជាជនកម្ពុជាក៏គាត់មិនពេញចិត្ត គណបក្សភ្លើងទៀន ក៏គាត់មិនពេញចិត្ត គាត់ចាត់ទុកថា គណបក្សប្រជាជនកម្ពុជាដូចតែគណបក្សភ្លើងទៀន គណបក្សភ្លើងទៀនដូចតែគណបក្សប្រជាជនកម្ពុជា គាត់អត់ពេញចិត្តអ្នកណាទាំងអស់ គាត់និយាយបែបនេះខុសធ្ងន់ណាស់ គាត់មិនគួរប្រៀបធៀប។ អ្នកដែល បោះឆ្នោតឱ្យភ្លើងទៀនពាក់កណ្តាលនគរ ស្រាប់តែគាត់ថា គណបក្សភ្លើងទៀនដូចជាគណបក្សប្រជាជនកម្ពុជា គណបក្សប្រជាជនកម្ពុជាឈ្នះក៏ឈ្នះទៅ អត់មានអីគួរឱ្យព្រួយបារម្មចាប់អារម្មណ៍ទេ គណបក្សភ្លើងទៀនមិនបានសម្រេច ក៏ហីទៅចុះ គាត់និយាយអ៊ីចឹងខុសហើយ គាត់មិនត្រូវបំភ្លេចវីរៈភាពអ្នកប្រជាធិបតេយ្យ ហើយគាត់ដូចជាជេរប្រមាថអ្នកប្រជាធិបតេយ្យ អ្នកស្នេហាជាតិ ដែលបានគាំទ្រសង្គ្រោះជាតិ ជាការសោកស្តាយ ហើយសង្ឃឹមថា លោកកឹម សុខា នឹងភ្ញាក់រលឹក។

ចំណែកលោក សូ ណារ៉ូ ដែលមាននិន្នាការគាំទ្រលោក កឹម សុខា បានហៅការនិយាយរបស់ទណ្ឌិត សម រង្ស៊ី ថា បែបមនុស្សឡប់សតិ។ លោក សូ ណារ៉ូ បានសរសេរតបនៅលើបណ្តាញសង្គមថា នៅក្នុងពិភពលោកទាំងមូល គ្រប់ប្រទេសទាំងអស់មិនដែលមានករណីប្រធានគណបក្សមួយបែរជាស្ម័គ្រចិត្តទៅបោះឆ្នោតគាំទ្រឱ្យគណប្សមួយទៀតទេ។ បើពិតជាមានមែននោះ គឺមានតែប្រធានបក្សហ្នឹងជាមនុស្សឡប់សតិ ឬវិកលចរិកទើបក្បត់គណបក្សខ្លួនឯងដើម្បីទៅគាំទ្រគណបក្សដទៃ។

លោកបន្តថា តាមពិតមានដែរនៅកម្ពុជា មានករណីពិសេសតែ១គត់ក្នុងលោកនេះ គឺបុគ្គលម្នាក់ដែលតាំងខ្លួនជាប្រធានស្តីទីនៃគណបក្សមួយបែរជាឡប់សតិទៅឃោសនាបោះឆ្នោតគាំទ្រពេញទំហឹងឱ្យគណបក្សមួយទៀត។ បើគាត់ជាមនុស្សមានសតិធម្មតា ឬចេះខ្មាស់គេតែបន្តិច គឺគាត់ច្បាស់ជាចាកចេញទៅរួមរស់ជាមួយបក្សដែលគាត់គាំទ្រហើយ មិនមែនកំសាកនៅជិះទូក២នោះទេ។ មានតែមនុស្សឡប់សតិទេ ទើបអាចនិយាយទាំងមិនចេះខ្មាស់គេថា លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិមានកំហុសធ្ងន់ណាស់ដែលគាត់មិនចេញទៅបោះឆ្នោតក្នុងស្ថានការណ៍ដែលលោក កឹម សុខា នៅមិនទាន់មានសេរីភាពពេញលេញ ហើយគណបក្សសង្គ្រោះជាតិក៏គ្មានឈ្មោះក្នុងសន្លឹកឆ្នោតផងនោះ។ ឬមួយគាត់ចង់ឱ្យលោក កឹម សុខា ក្បត់បក្សខ្លួនដោយចេញមុខដូចគាត់ ឬជាការញុះញង់ឲ្យអតីតអ្នកគាំទ្រស្អប់លោក កឹម សុខា? ឡប់សតិហើយពិសពុលទៀត៕
ដោយ៖ពលជ័យ

ads banner