រដ្ឋមន្ត្រីការបរទេសកម្ពុជា និងទូតចិនចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីមូលនិធិពិសេសសម្រាប់គម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២២

ភ្នំពេញ៖ ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្ដម វ៉ាង វិនធាន (WANG Wentian) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា អញ្ជើញចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីមូលនិធិពិសេសសម្រាប់គម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២២ នៅទីស្ដីការក្រសួង នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២នេះ។

ក្រោមក្របខ័ណ្ឌមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង គម្រោងកម្ពុជា ចំនួន១៣ នឹងត្រូវបានគាំទ្រ និងផ្តល់មូលនិធិ ដែលមានទឹកប្រាក់ចំនួន៤.៣៣៥.៩០០ដុល្លារអាមេរិក ភាគច្រើនគ្របដណ្តប់លើសកម្មភាពក្នុងវិស័យបច្ចេកវិទ្យាព័ត៌មាន អភិវឌ្ឍន៍ជនបទ ទេសចរណ៍ បរិស្ថាន ការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ អន្តោប្រវេសន៍និងការគ្រប់គ្រងព្រំដែន ការស្រាវជ្រាវ អាកាសចរណ៍ ក៏ដូចជាការអភិរក្សបេតិកភណ្ឌ ក្នុងចំណោមវិស័យដទៃទៀត។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានមានប្រសាសន៍ថា ចាប់តាំងពីដាក់ឱ្យប្រើប្រាស់នៅឆ្នាំ២០១៦មក មូលនិធិពិសេសនេះបានផ្ដល់នូវលទ្ធផលជាក់ស្ដែង និងបានរួមចំណែកក្នុងការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៃប្រទេសមេគង្គ-ឡានឆាង។ យើងបានបង្រួមគម្លាតនៃការអភិវឌ្ឍរបស់យើងបន្ថែមទៀត តាមរយៈសមាហរណកម្ម និងអន្តរ-ទំនាក់ទំនងនៃការអភិវឌ្ឍ និងបានពង្រឹងសមត្ថភាពរបស់យើងក្នុងការឆ្លើយតបឱ្យកាន់តែប្រសើរឡើងទៅនឹងតម្រូវការរបស់ប្រជាជនយើង។ ប៉ុន្តែសំខាន់បំផុត យើងបានបង្ហាញពីភាពជាអ្នកជិតខាងល្អ និងមិត្តភាព ព្រមទាំងការផ្តោតលើការបំពេញបន្ថែមរបស់យើង សំដៅពង្រឹងទំនុកចិត្ត ការយោគយល់គ្នាទៅវិញទៅមក និងអត្ថប្រយោជន៍នៃកិច្ចសហប្រតិបត្តិការ។

ឆ្លៀតយកឱកាសនេះសាជាថ្មី ដើម្បីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការបន្តរួមចំណែក និងការគាំទ្ររបស់ប្រជាជន និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ផ្តល់ជូនរាជរដ្ឋាភិបាលកម្ពុជា។ នៅឆ្នាំនេះកម្ពុជាបានទទួលគម្រោងថ្មីចំនួន១៣បន្ថែមទៀត ដែលមានថវិកាប្រមាណជាង៤លានដុល្លារអាមេរិក។ គម្រោងថ្មីៗទាំងនេះនឹងរួមចំណែកបន្ថែមទៀតក្នុងការដោះស្រាយតម្រូវការអភិវឌ្ឍន៍នៅកម្ពុជា លើវិស័យអភិវឌ្ឍន៍ជនបទ ធនធានទឹក កសិកម្ម បរិស្ថាន ការកសាងសមត្ថភាព និងបេតិកភណ្ឌវប្បធម៌។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបន្តថា រយៈកាលកន្លងទៅ តាមរយៈមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងនេះ កម្ពុជាទទួលបានអត្ថប្រយោជន៍ពីគម្រោងជាក់ស្ដែងចំនួន៨០ ដែលមានឥទ្ធិពលវិជ្ជមានយ៉ាងធំធេងទៅលើការរស់នៅរបស់ប្រជាជន តាមរយៈការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមដ៏រឹងមាំ និងធន់ ក៏ដូចជារួមចំណែកដល់ការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជននៅទូទាំងអនុតំបន់ផងដែរ។ រដ្ឋមន្ត្រីការបរទេសកម្ពុជាបានបញ្ជាក់ថា បើទោះជារងនូវផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ-១៩ រួមជាមួយបញ្ហាប្រឈមនានានៅក្នុងតំបន់ និងសកលយ៉ាងណាក៏ដោយ យើងបានជួបជុំគ្នានៅទីនេះថ្ងៃនេះ ដើម្បីអបអរសាទរ និងបង្ហាញពីភាពធន់របស់យើង តាមរយៈព្រឹត្តិការណ៍ជាទៀងទាត់នេះ ក្នុងគោលបំណងបញ្ជាក់ឡើងវិញនូវជំនឿចិត្ត និងការប្ដេជ្ញាចិត្តរបស់យើង នៅក្នុងកិច្ចសហប្រតិបត្តិការពហុភាគី ដែលផ្ដោតលើការអភិវឌ្ឍ។ នៅខែក្រោយ ខ្ញុំនឹងធ្វើដំណើរទៅកាន់ទីក្រុងបាហ្កាន ប្រទេសមីយ៉ាន់ម៉ា ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងលើកទី៧ ហើយយើងនឹងបន្តរិះរកគ្រប់មធ្យោបាយថែមទៀត ដើម្បីសម្រេចនូវលទ្ធផលជាក់ស្ដែងសម្រាប់ប្រទេសមេគង្គ។ ក្នុងន័យនេះ ឯកឧត្តមសូមថ្លែងអំណរគុណចំពោះឯកឧត្ដមឯកអគ្គរដ្ឋទូត វ៉ាង និងក្រុមការងារ ព្រមទាំងភ្នាក់ងារ/ស្ថាប័នអនុវត្តគម្រោងទាំងអស់ សម្រាប់ការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយលេខាធិការដ្ឋានជាតិនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងរបស់យើង នៅក្នុងការអនុវត្តគម្រោងទាំងនេះ។

រដ្ឋមន្ត្រីការបរទេសកម្ពុជាបានបញ្ជាក់ទៀតថា ជាមួយនឹងការបញ្ជាក់សាជាថ្មីនូវការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយមិត្តចិន និងប្រទេសមេគង្គទាំងអស់ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឱ្យឡើងដល់កម្រិតខ្ពស់ថ្មីមួយ សំដៅកសាងសហគមន៍មួយឱ្យកាន់តែបើកចំហ ប្រកបដោយបរិយាប័ន្ន និងដែលមានអនាគតរួមគ្នាប្រកបដោយសន្តិភាព វិបុលភាព និងការអភិវឌ្ឍប្រកបដោយចីរភាព៕
ដោយ៖ពលជ័យ
រូបភាព៖ក្រសួងការបរទេស

ads banner