ប្រមុខការពារជាតិអាល្លឺម៉ង់៖ ប្រព័ន្ធកាំភ្លើធំ ហោវីតហ្សឺ ត្រៀមរួចរាល់សម្រាប់ការប្រើប្រាស់ក្នុងសង្គ្រាមអ៊ុយក្រែននាពេលឆាប់ៗនេះ

ប៊ែរឡាំង ៖ រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់លោកស្រី គ្រីស្ទីន ឡំប្រ៊ិច នៅថ្ងៃអង្គារសប្តាហ៍នេះ បានបញ្ជាក់ថា ការហ្វឹកហ្វឺនកងទ័ពអ៊ុយក្រែនប្រើប្រព័ន្ធកាំភ្លើងធំ ហោវីតហ្សឺ (Howitsers) របស់អាល្លឺម៉ង់នឹងត្រូវបញ្ចប់ក្នុងពេលឆាប់ៗនេះ ដោយត្រួសត្រាយផ្លូវសម្រាប់ការប្រើប្រាស់សព្វាវុធនេះក្នុងសង្គ្រាមនៅអ៊ុយក្រែន។

លោកស្រី ឡំប្រ៊ិច បានប្រាប់អ្នកយកព័ត៌មានក្នុងកំលុងទស្សនកិច្ចទៅកាន់មូលដ្ឋានយោធាមួយនៅទីក្រុង រ៉េនបាច់ ភាគខាងលិចប្រទេសអាល្លឺម៉ង់ថា ការហ្វឹកហ្វឺនប្រើប្រាស់ប្រព័ន្ធកាំភ្លើងធំ Panzerhaubitze 2000 នឹងត្រូវបញ្ចប់ក្នុងពេលឆាប់ៗនេះ ដើម្បីឱ្យវាអាចប្រើបានក្នុងការប្រយុទ្ធនៅប្រទេសអ៊ុយក្រែន។ Panzerhaubitze 2000 គឺជាអាវុធកាំភ្លើងធំដ៏មានឥទ្ធិពលបំផុតមួយរបស់អាល្លឺម៉ង់ ដែលអាចវាយប្រហារគោលដៅនៅចម្ងាយ ៤០គីឡូម៉ែត្រ។

ប្រទេសអាល្លឺម៉ង់ កាលពីខែឧសភាកន្លងទៅ បានសន្យាផ្គត់ផ្គង់ដល់ទីក្រុងកៀវ ជាមួយនឹងប្រព័ន្ធកាំភ្លើងធំចំនួន ៧គ្រឿង ដោយបន្ថែមប្រព័ន្ធកាំភ្លើងធំចំនួន៥គ្រឿងទៀតដែលប្រទេសហូឡង់បានសន្យា។

អ៊ុយក្រែនបានអង្វរលោកខាងលិចឱ្យបញ្ជូនប្រព័ន្ធកាំភ្លើងធំកាន់តែច្រើន និងកាន់តែទំនើបថែមទៀត ខណៈដែលប្រទេសនេះអស់គ្រាប់កាំភ្លើងសម្រាប់ឃ្លាំងអាវុធកាលពីសម័យសូវៀតដែលមានស្រាប់របស់ខ្លួន ដែលត្រូវបានរុស្សីបំផ្លាញ។ ប្រទេសលោកខាងលិចបានសន្យាថា នឹងបំពាក់អាវុធស្តង់ដាររបស់អង្គការណាតូ ប៉ុន្តែការដាក់ពង្រាយត្រូវការពេលវេលា៕ ប្រភព៖ Reuters ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner