សមត្ថកិច្ចជំនាញតាមចាប់ខ្លួនជនសង្ស័យ ២នាក់ ក្នុងចំណោមបក្ខពួក ៦នាក់ ពាក់ព័ន្ធករណីយកកាំបិតកាប់ស្ត្រីម្នាក់ឱ្យរបួស ប្លន់យកម៉ូតូមិនសម្រេច
ភ្នំពេញ ៖ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ បានសហការជាមួយកម្លាំងនគរបាលខេត្តកំពតស្រាវជ្រាវចាប់ខ្លួនជនសង្ស័យ ២នាក់ ក្នុងចំណោមបក្ខពួក ៦នាក់ នាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ បន្ទាប់ពីបានធ្វើសកម្មភាពយកកាំបិតកាប់ស្ត្រីម្នាក់ឱ្យរបួស ប្លន់យកម៉ូតូមិនសម្រេច នៅមុខដីឡូត៍គ្មានលេខ ផ្លូវលេខ១១០ ភូមិព្រែកថ្មី១ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ បង្កឡើងនៅថ្ងៃទី០៨ មិថុនាឆ្នាំ២០២២ ម៉ោង០៤និង៤៥នាទីទៀបភ្លឺ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ធន់ ចាន់រី ភេទស្រី អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុនវឌ្ឍនៈ ស្នាក់នៅភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រងរបួសស្មាខាងស្តាំ និង ជាំដៃខាងស្តាំ ។ ចំណែកជនសង្ស័យ ០២នាក់ឃាត់ខ្លួនបានរួមមាន ១-ឈ្មោះ ថេង ប្រុស ហៅអាស្វិត ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ និង ២-ឈ្មោះ សាវ៉ាន់ ម៉េងហាក់ ហៅអាកណ្តុរ ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា មុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូម៉ាកហុងដា សេ ១២៥ ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1HS-2895 លុះមកដល់ចំណុចកើតហេតុស្រាប់តែមានជនសង្ស័យ ០៦នាក់ រួមមានឈ្មោះ ថេង ប្រុស, ឈ្មោះ សាវ៉ាន់ ម៉េងហាក់, ឈ្មោះ គូ, ឈ្មោះ ម៉េង, ឈ្មោះ តេវ និងឈ្មោះ ជាតិ ជិះម៉ូតូ ០៣គ្រឿង មកពីក្រោយធាក់ និងកាប់ជនរងគ្រោះដួលលើផ្លូវ របួសស្មាខាងស្តាំ និង ជាំដៃខាងស្តាំ ,ពេលនោះជនរងគ្រោះស្រែក«ចោរៗ» ក៏មានកម្មករបូមខ្សាច់ដើរមកដល់ពួកជនសង្ស័យក៏ទុកម៉ូតូជនរងគ្រោះនៅកន្លែងកើតហេតុ នាំគ្នាជិះម៉ូតូគេចខ្លួនអស់ទៅ។
លុះដល់វេលាម៉ោង២រសៀល ថ្ងៃទី១៤ មិថុនា ឆ្នាំ២០២២ ប៉ូលិសខណ្ឌច្បារអំពៅ សហការជាមួយប៉ូលិសខេត្តកំពតឃាត់ខ្លួនបានជនសង្ស័យ ០២នាក់ ឈ្មោះ ថេង ប្រុស និងឈ្មោះ សាវ៉ាន់ ម៉េងហាក់ ដកហូតម៉ូតូ ០១គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ស ស្លាកលេខ ភ្នំពេញ 1JH-9723 ប្រគល់ជូនប៉ូលិសខណ្ឌច្បារអំពៅ ចាត់ការបន្ត។ បន្ទាប់មកប៉ូលិសស្រាវជ្រាវដកហូតបានដាវ ៣ដើម និង ម៉ូតូ០១គ្រឿងទៀត ម៉ាកហុងដា សេ១២៥ ពណ៌ក្រហម ស្លាកលេខ កំពង់ចាម 1Y-2872 ។
បច្ចុប្បន្ន ជនសង្ស័យទាំង ២នាក់ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕ ដោយ ៖ ភារ៉ា និងប៊ុនធី