​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​នឹង​កាន់តែ​ប៉ះពាល់ខ្លាំង​ជាង​​​សង្គ្រាមអ៊ុយក្រែន បើចិន​វា​​យ​ប្រហារតៃវ៉ាន់​

មាន​ការ​អះអាង​ថា ​​ផល​ប៉ះពាល់​​​លើ​វិស័យ​សេដ្ឋកិច្ច​ជាពិសេស​​រំហូរ​ពាណិជ្ជកម្ម​​​ពិភពលោក​​​នឹង​​កើត​មាន​​​ធំ​ជាង​សង្គ្រាម​ផ្ទុះ​ឡើង​​នៅប្រទេសអ៊ុយ​ក្រែន​​ដែល​​ចាប់​ផ្តើម​​​ដោយ​ប្រទេសរុស្ស៊ី បើ​ប្រទេស​ចិន​​​​​បើក​ការ​វាយ​ប្រហារ​លើ​កោះតៃ​វ៉ាន់​​​។ ​

​បណ្តាញ​សារព័ត៌មាន រ៉យទ័រ បាន​ដកស្រង់​​សម្តី​ លោក ចន ដែង (John Deng) អ្នក​ចរចា​ពាណិជ្ជកម្មកំពូលរបស់​ទីក្រុង​តៃប៉ិ ​​នៃ​​កោះ​​តៃវ៉ាន់​ កាលពី​អង្គារទី១៤ ខែមិថុនា ដោយ​និយាយ​ថា ការវាយ​ប្រហារ​យោធា​របស់​ចិន ទៅលើកោះតៃវ៉ាន់ នឹងមានផលប៉ះពាល់ខ្លាំង លើរំហូរពាណិជ្ជកម្មពិភពលោក ជាងសង្រ្គាម​ដែល​កំពុង​​កើត​មាន​ក្នុង​ប្រទេស​​អ៊ុយក្រែន។

​សង្គ្រាម​​​​នៅប្រទេស​អ៊ុយក្រែន​​ដែលចាប់​ផ្តើម​ដោយ​​​​​លោក វ៉្លាឌីមៀរ​ ពូទីន ប្រធានាធិបតី​​រុស្ស៊ី​ដោយ​ហៅ​​វា​​ជា​ប្រតិបត្តិការ​យោធា​ ដែល​ចាប់​ផ្តើម​​កាល​ពីថ្ងៃ​ទី​២៤​ខែ​កុម្ភៈ​បាន​បង្ក​ឱ្យមាន​ការឡើង​ថ្លៃទំនិញ និងការហាមឃាត់ការនាំចេញអាហារ ដែលនាំ​ឱ្យមាន​ការភ័យ​ខ្លាច​ចំពោះគ្រោះ​ទុរ្ភិក្ស​នៅក្នុង​ប្រទេសក្រីក្រ។

លោក ចន ដែង បាននិយាយថា ប្រសិនបើចិនវាយប្រហារតៃវ៉ាន់ ការរំខាន​ដែល​អាចកើត​មាន​អាចកាន់តែអាក្រក់ ដោយ​លើកឡើង​ពី​ការពឹង​ផ្អែក​របស់​ពិភពលោក​លើ​តៃវ៉ាន់​សម្រាប់​បន្ទះឈីប​ដែល​ប្រើក្នុង​រថយន្តអគ្គិសនី និងទូរស័ព្ទ។

​តៃវ៉ាន់​ដែល​​ជា​កោះ​មួយ​​​​​មាន​ប្រជាជន​​រស់​នៅ​ជាង​​២២​លាន​នាក់ ​ផ្តល់​ទីតាំង​​​​​​សម្រាប់​​​​ការ​គ្រប់គ្រង​ខ្លួន​ឯង​​​តាមបែប​លទ្ធិប្រជាធិបតេយ្យ​​ដោយ​មិន​រណប​​រដ្ឋាភិបាល​​​​ដែន​ដី​គោក​នៃ​ប្រទេសចិន​ដែល​គ្រប់​គ្រង​តាមបែប​កុម្មុយនីស​​ ចាប់តាំង​ពីឆ្នាំ​​១៩៤៩។

យោង​តាម​រ៉យទ័រ រដ្ឋាភិបាល​តៃប៉ិ​បាន​រាយការណ៍​ថា​មិន​មាន​សញ្ញា​នៃ​ការ​វាយប្រហារ​ដែល​ជិត​មក​ដល់ពី​​សំណាក់​ប្រទេសចិននោះទេ ប៉ុន្តែ​តៃវ៉ាន់​បាន​បង្កើន​កម្រិត​ប្រកាស​អាសន្ន​របស់​ខ្លួន​ចាប់តាំង​ពី​សង្រ្គាម​អ៊ុយក្រែន​បាន​ចាប់ផ្តើម​ដោយ​ប្រយ័ត្នប្រយែង​ពីចេតនា​របស់​ទីក្រុង​ប៉េកាំង​ក្នុង​ការ​ក្រសោប​យក​កោះ​នេះ​​តាមរយៈ​សកម្មភាព​យោធា​​​។​

តៃវ៉ាន់​​​​ជា​​កន្លែង​​គ្រប់គ្រង​​​ការ​ផលិត​បន្ទះ​ឈីប​ទំនើប​បំផុត​សម្រាប់​ទីផ្សារ​ពិភពលោក​ ​ដោយ​​​នាំ​ចេញ​​មាន​តម្លៃ ១១៨ ពាន់​លាន​ដុល្លារ កាល​ពី​ឆ្នាំ​មុន។ នេះ​​បើយោង​ទិន្នន័យ​​ដែល​បាន​បង្ហាញ​​​ដោយ​​សារព័ត៌មាន​រ៉យ​ទ័រ។​

យោង​តាម​ការ​ចេញ​ផ្សាយ​របស់​បណ្តាញ​សារព័ត៌មាន  The Straitstimes  ការឈ្លានពាន របស់រុស្សីគឺជាលើកទីមួយហើយក្នុងប្រវត្តិសាស្ត្ររបស់អង្គការឃ្លាំមើលពាណិជ្ជកម្ម​ពិភពលោក​ដែលមានអាយុ ២៧​ឆ្នាំដែល​សមាជិក WTO មួយ​បាន​ឈ្លាន​ពាន​​ប្រទេស​សមាជិក​មួយ​ផ្សេងទៀត។

ប្រភពពាណិជ្ជកម្មបាននិយាយថា ស្ថាប័ននេះសង្ឃឹមថានឹងឈានដល់កញ្ចប់នៃកិច្ចព្រមព្រៀង រួមទាំងសន្តិសុខស្បៀងអាហារ ដើម្បី​បន្ធូរបន្ថយការផ្គត់ផ្គង់ដែលមានភាពតានតឹង ប៉ុន្តែ​ភាពតាន​តឹងដែលបង្កើតឡើងដោយសង្រ្គាមអាចធ្វើឱ្យមានការលំបាកកាន់តែខ្លាំង។ នេះ​យោង​តាម​ចេញ​ផ្សាយដដែល៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner