រដ្ឋមន្រ្តីក្រសួងកសិកម្ម ចុះពិនិត្យមើលការងារបង្កបង្កើនផល របស់ប្រជាពលរដ្ឋ ក្នុងខេត្តបាត់ដំបង
ភ្នំពេញ៖ កាលរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នំា២០២២ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ អម ដំណើរ ដោយលោកប្រធានមន្ទីរកសិកម្មខេត្តបាត់ដំបង បានអញ្ជើញ ចុះពិនិត្យ ការងារបង្កបង្កើនផលស្រូវ នៅតំាងបីផ្សេងគ្នា។ក្នុងនោះទីតាំង ទី១- នៅភូមិ ក្រពើត្បូង ឃុំភ្នំសំពៅ ស្រុកបាណន់ ទី២- ភូមិសូភី ឃុំអន្លង់រុន, និងទី៣- នៅភូមិពពាលខែ ឃុំអូរតាគី ស្រុកថ្មគោល។
ប្រភពក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ខណៈជួបជាមួយ ម្ចាស់ស្រែ ឯកឧត្តម វេង សាខុន បានសួរនាំអំពី ការ លំបាក លក្ខណៈ ងាយស្រួល បញ្ហាប្រឈម ដោយពួកគាត់ បានលើក ឡើងថា ប្រសិនបើលក្ខខណ្ឌធម្មជាតិអំណោយផល ហើយ តម្លៃស្រូវឡើងថ្លៃ នោះប្រជាកសិករអាចចំណេញ។ តាមការគិតទុក របស់កសិករព្រួយបារម្ភថាឆ្នាំនេះពីតម្លៃស្រូវ និងទន្ទឹមនឹងនេះ កសិករក៏កំពុងជួបបញ្ហា ដោយសារប្រេងសាំង ជី និងធាតុចូល ផ្សេងៗទៀតឡើងថ្លៃ។
យល់ច្បាស់ពីបញ្ហា លំបាករបស់ប្រជាកសិករ ឯកឧត្តមរដ្ឋមន្ត្រីបាន ផ្តល់ជាគំនិតគិតពិចារណាជូនកសិករថា គួរកាត់បន្ថយការប្រើជីគីមី គួរបែមកប្រើជីធម្មជាតិ ឬជីកុំប៉ុស្តិវិញខ្លះ រួមជាមួយនឹងកាត់បន្ថយ ពូជស្រូវ ប្រើពូជស្រូវដែលទីផ្សារត្រូវការខ្ពស់ និងត្រូវចុះស្រែមើល ថែស្រូវឲ្យបានជាប់ជាប្រចាំប្រយ័ត្នខ្យង ក្តាម និងកណ្តុរកាត់ស៊ីស្រូវ ពិសេសមើលទឹកក្នុងស្រែ។
ទាក់ទងនឹងរបបទឹក ភ្លៀង ជួនជន់លិច ជួនរាំងស្ងួត ដែលជាដើម ចម ធ្វើឲ្យប៉ះពាល់ដល់ផលិតកម្មស្រូវ ឯកឧត្តមរដ្ឋមន្ត្រីបានជូន មតិដល់កសិករថា គួរប្តូរមុខដំណាំឲ្យស្របតាមធនធានទឹក ដែលមានជាក់ស្តែងស្រាប់ ហើយមិនគួរពង្រីកផ្ទៃដីដាំដុះទេ បើគ្មានទឹកគ្រប់គ្រាន់។ ជាក់ស្តែងទាំងក្នុងស្រុកបាណន់ និងស្រុកថ្មគោល ស្ថានភាពផលិតកម្មស្រូវខុសៗគ្នាខ្លះមានទឹក សាបព្រួស និងដុះលូតលាស់បានល្អ ផ្ទុយទៅវិញតំបន់ខ្លះទៀត រាំងស្ងួត ខ្វះទឹក រង់ចាំតែភ្លៀងធ្លាក់ នឹងរួតរះចាប់ផ្តើមភ្ជួរ ព្រោះ ស្រូវឲ្យបានទាន់ពេលវេលា៕ ដោយ៖ ជា សេឌី








