ឯកឧត្តម យី វាសនា ផ្តល់ខ្លឹមសារលំអិតពីកិច្ចប្រជុំត្រៀមអាស៊ានប៉ារ៉ាហ្គេមនៅឥណ្ឌូនេស៊ី

ភ្នំពេញ៖ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាបានរៀបចំកិច្ចប្រជុំលំអិតស្តីពីការត្រៀមខ្លួនចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅប្រទេសឥណ្ឌូនេស៊ី ក៏ដូចជាការត្រៀមខ្លួនទទួលយកទង់សហព័ន្ធកីឡាជនពិការអាស៊ានមកកម្ពុជាដើម្បីត្រៀមខ្លួនធ្វើម្ចាស់ផ្ទះកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣។

កិច្ចប្រជុំពិសេសនេះបានធ្វើឡើងនៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាកាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ ដែលមានវត្តមានឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ (CAMSOC) និងឯកឧត្តម យី វាសនា អគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ព្រមភាគីពាក់ព័ន្ធជាច្រើនរូបទៀត។

ឯកឧត្តម យី វាសនា បានរៀបរាប់ថា កិច្ចប្រជុំពិសេសនេះផ្តោតសំខាន់លើកត្តាសំខាន់ៗជាច្រើនរួមមាន ការត្រៀមខ្លួនរបស់ប្រតិភូកម្ពុជាក្នុងចូលរួមប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅឥណ្ឌូនេស៊ី។ ការត្រៀមរបស់ប្រតិភូកម្ពុជាទៅសិក្សាស្វែងយល់ និងដកស្រង់បទពិសោធន៍ពីការរៀបចំកីឡាអាស៊ានប៉ារ៉ាហ្គេម និង ការត្រៀមពិធីទទួលទង់សហព័ន្ធកីឡាជនពិការអាស៊ាន។

ឯកឧត្តមអគ្គលេខាធិការបានលើកឡើងថា ៖«អ្វីដែលយើងបានពិភាក្សាគ្នាមិនមែនត្រឹមតែថ្ងៃនេះទេ គឺយើងបានធ្វើ២ឆ្នាំហើយដែលបានដឹកនាំក្រោមអធិបតីភាពឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ យើងបានបញ្ជៀបចូលជាច្រើនអំពីការរៀបចំអាស៊ានប៉ារ៉ាហ្គេម។ យើងមានបទពិសោធន៍តាំងពីអាស៊ានប៉ារ៉ាហ្គេម លើកទី១ រហូតដល់អវត្តមានអាស៊ានប៉ារ៉ាហ្គេមលើកទី៩ នៅហ្វីលីពីន ដោយសារវិបត្តិកូវីដ-១៩។

វៀតណាមធ្វើស៊ីហ្គេមឆ្នាំ២០២២នេះក៏អត់បានធ្វើដែរ ដោយសារកូវីដ ប៉ុន្តែឥណ្ឌូនេស៊ី លោកប្រធានាធិបតីមានទឹកចិត្តរីករាយ គិតឃើញថា នេះជាលក្ខខណ្ឌសិទ្ធិមនុស្ស។ ម្យ៉ាងទៀត អ្នកបច្ចេកទេសរបស់យើងផ្នែកប៉ារ៉ាឡាំពិក អត្តពលិកប៉ារ៉ាឡាំពិករបស់យើងមិនទាន់បានប្រកួត ហើយវាចំពេលដែលកម្ពុជាធ្វើម្ចាស់ផ្ទះឆ្នាំ២០២៣ អីចឹងវាសំខាន់ណាស់ដែលយើងត្រូវចេញទៅដកស្រង់បទពិសោធន៍ ដើម្បីយកមកពង្រីកវិសាលភាពរបស់យើង។ ធ្វើយ៉ាងណា ឲ្យការរៀបចំរបស់យើងនៅឆ្នាំ២០២៣បានជោគជ័យ។ សំខាន់ទៀតនោះ យើងទៅមើលថា តើបដិសណ្ឋារកិច្ចរបស់គេយ៉ាងដូចម្តេច ការរៀបចំបច្ចេកទេសរបស់គេដូចម្តេច»។

«ខ្ញុំបានជម្រាប ប្រតិភូមាន៣កម្រិតគឺ ប្រតិភូដឹកនាំដោយរាជរដ្ឋាភិបាល ឯកឧត្តម ហ៊ុន ម៉ានី ជាប្រធាន ហើយប្រតិភូម CAMSOC និងប្រតិភូកីឡាដែលចាប់ផ្តើមពីនាយបេសកកម្ម អត្តពលិក គ្រូបង្វឹក និងអ្នកបច្ចេកទេស។ យើងពិភាក្សាលំអិតពីប្រតិភូ CAMSOC ដែលជាប្រតិភូបច្ចេកទេស។ ដើម្បីដឹកនាំរៀបចំការប្រកួតអាស៊ានប៉ារ៉ាហ្គេមនៅកម្ពុជាបានជោគជ័យ គឺចាំបាច់ប្រតិភូដែលមានសមាជិកប្រមាណ៧០នាក់មកពីគណកម្មការទាំង១៤ទៅឥណ្ឌូនេស៊ីដើម្បីសិក្សារៀនសូត្រ និងដកស្រង់បទពិសោធន៍»។

រឹតតែពិសេសទៀតនោះ អង្គប្រជុំបានពិភាក្សាលំអិតពីការរៀបចំទទួលទង់អាស៊ានប៉ារ៉ាហ្គេមដើម្បីយកទង់មករៀបចំការប្រកួតនៅកម្ពុជាជាផ្លូវការ និងឯកភាពទៅតាមលិខិតដែលបានដាក់ស្នើសុំជាគោលការណ៍របស់សម្តេចតេជោដែលមានជម្រើសច្រើនសម្រាប់ទុកជូនប្រមុខរាជរដ្ឋាភិបាលដើម្បីផ្តល់យោបល់ និងមតិឲ្យសមស្របឲ្យសមតាមមុខមាត់ព្រះរាជាណាចក្រកម្ពុជា។

សូមបញ្ជាក់ថា នាថ្ងៃទី២៨ ខែមិថុនានេះ ប្រតិភូមានទាំងឯកឧត្តម យី វាសនា ផងនឹងធ្វើដំណើរទៅឥណ្ឌូនេស៊ី ដើម្បីចូលរួមសិក្ខាសាលានាយបេសកកម្ម និងចុះឈ្មោះជាបឋម។ កម្ពុជានឹងធ្វើការចុះឈ្មោះដើម្បីឲ្យប្រតិភូបានទៅឥណ្ឌូនេស៊ីគឺទី១ប្រកបដោយសុវត្ថិភាព ទី២គឺការបង់ថ្លៃថវិកាដោយស្នើសុំម្ចាស់ផ្ទះឲ្យមានការបន្ធូរបន្ថយ ពីព្រោះប្រតិភូកម្ពុជាប្រហែលជាច្រើនជាងប្រទេសប្រតិភូប្រទេសដទៃ ស្របពេលកម្ពុជាត្រៀមខ្លួនធ្វើម្ចាស់ផ្ទះនៅឆ្នាំ២០២៣។ ទន្ទឹមជាមួយគ្នា អង្គប្រជុំក៏បានពិភាក្សាគ្នាអំពីការដឹកជញ្ជូនប្រតិភូផងដែរដើម្បីធ្វើយ៉ាងណាឲ្យការធ្វើដំណើរទៅឥណ្ឌូនេស៊ីស្រួលដូចស៊ីហ្គេម នៅវៀតណាម។

ឯកឧត្តម យី វាសនា បញ្ជាក់ថា អង្គប្រជុំបានពិភាក្សាលំអិតនៅពេលទង់សហព័ន្ធកីឡាជនពិការអាស៊ានមកដល់កម្ពុជា តើត្រូវមានពិធីដង្ហែក្បួនបែបណាដើម្បីលើកមុខមាត់ព្រះរាជាណាចក្រកម្ពុជា។ ពីព្រោះបន្ទាប់ពីទទួលទង់ឆ្នាំ២០២៣ត្រូវរង់ចាំ២២ឆ្នាំទៀត អីចឹងហើយបានជានេះជាមោទនភាពរបស់ប្រជាជនកម្ពុជា៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner