ជីវភាពប្រជាពលរដ្ឋនៅភូមិព្រះដាក់ មានភាពល្អប្រសើរ ដោយសារការប្រកបរបរលក់សម្ភារៈធ្វើពីផ្ដៅ រពាក់ និងឫស្សី

សៀមរាប ៖ ជីវភាពគ្រួសារ របស់ប្រជាពលរដ្ឋនៅភូមិព្រះដាក់ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប មានភាពល្អប្រសើរគួរឱ្យកត់សម្គាល់ ដោយសារតែការប្រកបមុខរបរលក់សម្ភារធ្វើអំពីផ្ដៅ រពាក់ និងឬស្សី មានដូចជា ជើងពាន អង្រុត ហឹបស្លា កន្ត្រក ជាល ល្អី កញ្ច្រែងរែងអង្ករ និងសម្ភារផ្សេងៗជាច្រើនទៀត។

អ្នកស្រី ស៊ន ហ៊ុច បាននិយាយថា អ្នកស្រីប្រកបមុខរបរនេះរយៈពេលជិត ៤០ឆ្នាំហើយ ដោយរបរនេះអាចជួយសម្រួលដល់ជីវភាពគ្រួសារមួយចំណែក។ សម្ភារៈដែលយកលក់នេះ គឺយកមកពីតាមភូមិមួយចំនួនស្រុកបន្ទាយស្រី និងខាងក្របីរៀល មានដូចជា ជើងពាន អង្រុត ហឹបស្លា កន្ត្រក ជាល និងល្អី ដែលសុទ្ធសឹងជាផលិតផលធ្វើដោយស្នាដៃរបស់ខ្មែរ។ អ្នកស្រីបន្តថា ការប្រកបរបរនេះមានភាពនឿយហត់បន្តិច ប៉ុន្តែសប្បាយចិត្ត ដោយរបរនេះធ្វើនៅផ្ទះខ្លួនស្រាប់ និងមានការងាយស្រួលក្នុងការមើលថែទាំកូនចៅ និងដាំស្លរផងដែរ។

សម្ភារៈដែលដាក់លក់មានចាប់ពីតម្លៃ៤,០០០រៀល រហូតដល់ជាង ១០,០០០រៀល តាមទំហំសម្ភារៈប្រើប្រាស់មួយៗ។ ចំណែកលោកយាយ រីក មានអាយុ ៦៦ឆ្នាំ បានឱ្យដឹងថា លោកយាយលក់សម្ភារៈធ្វើអំពីផ្ដៅ រពាក់ និងឬស្សីនេះ រយៈពេល៧ឆ្នាំហើយ ប៉ុន្តែក្រុមគ្រួសារលោកយាយចេះធ្វើសម្ភារៈទាំងនេះ ជាយូរឆ្នាំមកហើយ គឺតាំងឪពុកម្តាយលោកយាយមកម្ល៉េះ។ សព្វថ្ងៃលោកយាយដើរបោចរពាក់តាមព្រៃជិតផ្ទះ និងទិញពីគេក្នុង១០០ដើម តម្លៃ ១៣,០០០រៀល។ ក្នុងមួយថ្ងៃលោកយាយអាចធ្វើជារពាក់បានចំនួន ៥ ដែលមួយតម្លៃ ៥,០០០រៀលផងដែរ។

លោកយាយ រីក និងអ្នកស្រី ស៊ន ហ៊ុច ក៏បានអំពាវនាវភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកកម្សាន្តនៅខេត្តសៀមរាប ឱ្យជួយទិញសម្ភារៈដែលជាសិប្បកម្មដោយដៃរបស់អ្នកស្រុកអង្គរ ដើម្បីឲ្យពួកគាត់មានការងារធ្វើ និងអាចជួយសម្រួលដល់ជីវភាពគ្រួសារគាត់បានមួយកម្រិតទៀត៕ ប្រភព៖ Freshnews ដោយ៖ ទីណា និងបុត្រា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner