មនុស្ស​​ ១៦ ​នាក់​ត្រូវ​បាន​សម្លាប់​ ក្នុង​ការ​វាយ​ប្រហារ​ដោយ​មីស៊ីល​របស់​រុស្ស៊ី​លើ​កន្លែង​ទិញ​ទំនិញ​មួយ​នៅ​អ៊ុយក្រែន​

ក្រុមម​ន្ត្រី​អ៊ុយក្រែន​និយាយ​ថា​ មីស៊ីល​របស់​រុស្ស៊ី​ចំនួន​២​បាន​វាយ​ប្រហារ​ទៅ​លើ​កន្លែង​ទិញ​ទំនិញ​មួយ​​​នៅ​កណ្ដាល​ទីក្រុង​ក្រឹមមិនឆូក​ (​Kremenchuk) ​នៃ​ភាគ​កណ្ដាល​ប្រទេស​កាល​ពី​ថ្ងៃ​ចន្ទ​ ដោយ​សម្លាប់​មនុស្សយ៉ា​ង​ហោច​ណាស់​១៦​នាក់​ និង​របួស​៥៩ ​នាក់​។

លោក​ប្រធានាធិបតី​អ៊ុយក្រែន​ វ៉ូឡូឌីមៀរ​ ហ្សេលេនស្គី​ និយាយ​ថា​ ​មាន​មនុស្ស​ជាង​១ ០០០ ​នាក់​ស្ថិត​នៅ​ក្នុង​អាគារ​ផ្សារ​នៅ​ពេល​មីស៊ីល​វាយ​ប្រហារ​។​ វិឌីអូ​ដែល​ចែក​ចាយ​លើ​បណ្ដាញ​សង្គម​ក្រោយ​ការ​វាយ​ប្រហារ​ បង្ហាញ​ពី​ភ្លើង​សន្ធោ​សន្ធៅ​ឆាប​ឆេះ ​និង​មាន​ផ្សែង​ខ្មៅ​ហុយ​ទ្រលោម​ទៅ​លើ​មេឃ​។​

សេវា​សង្គ្រោះ​បន្ទាន់​​អ៊ុយក្រែន​​និយាយ​ថា​​មនុស្ស​យ៉ាង​ហោច​ណាស់​១៦​ នាក់​ត្រូវ​បាន​សម្លាប់​ ខណៈ​៥៩​នាក់​ផ្សេង​ទៀត​រង​របួស​។​​នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ​។​

លោក​ហ្សេលេនស្គី​សរសេរ​នៅ​លើ​កម្មវិធី​ផ្ញើ​សារ​តេឡេក្រាម​ថា​៖​ «​វា​មិន​អាច​ទៅ​រួច​ទេ​ក្នុង​ការ​ស្រមៃ​មើល​ចំនួន​ជនរ​ង​គ្រោះ​។​វា​គ្មាន​ប្រយោជន៍​ទេ​ក្នុង​ការ​សង្ឃឹម​ពីភា​ព​សមរម្យ​ និង​ភាព​ជា​មនុស្ស​ជាតិ​ពី​​រុស្ស៊ី​»។​​

ក្រុង​ក្រឹមមិនឆូក​គឺ​ជា​ទីក្រុង​ឧស្សាហកម្ម​ដែល​មាន​ប្រជាជន​ចំនួន​២១៧ ០០០ ​នាក់​ មុន​ការ​ចាប់​ផ្ដើម​ការ​វាយ​លុក​របស់​រុស្ស៊ី​នៅ​ចុង​ខែកុ​ម្ភៈ​។​ ទីក្រុង​ភាគ​កណ្ដាល​មួយ​នេះ ​ស្ថិត​នៅ​លើ​ទន្លេ ​Dnipro ​ក្នុង​តំបន់​ប៉ូលតាវ៉ា​(Poltava)​និង​ជា​ទីតាំង​នៃ​រោង​ចក្រ​ចម្រាញ់​ប្រេង​ដ៏​ធំ​បំផុត​របស់​អ៊ុយក្រែន​។​

លោក​ឌ្មីត្រូ ​លូនីន​ (Dmytro Lunin)​អភិបាល​​តំបន់​ប៉ូលតាវ៉ា​ភាគ​កណ្តាល​ សរសេរ​នៅ​លើ​តេឡេក្រាម​ថា​វា​ឆាប់​ពេក​ក្នុង​ការ​និយាយ​អំពី​ចំនួន​អ្នក​ស្លាប់​ចុង​ក្រោយ​ ខណៈ​​ក្រុម​អ្នក​ជួយ​សង្គ្រោះ​​បន្ត​ប្រតិបត្តិការ​របស់​ខ្លួន​តាម​គំនរ​បាក់​បែក​។​ លោក​និយាយ​ដាច់​ដោយ​ឡែក​ថា​៖ ​«​​​វា​​​ជា​​អំពើ​​ភេរវកម្ម​​ប្រឆាំង​​នឹង​​ជន​​ស៊ីវិល​​​»​ដោយ​លើក​ឡើង​ថា​ គ្មាន​គោលដៅ​យោធា​ណា​នៅ​ទីនោះ​ ដែល​រុស្ស៊ី​ត្រូវ​វាយ​ប្រហារ​នោះ​ទេ​។​

បញ្ជាការ​កង​ទ័ព​អាកាស​​អ៊ុយក្រែន​និយាយ​ថា​​អាវុធ​ដែល​យក​ធ្វើ​ការ​វាយ​ប្រហារ​កន្លែង​ទិញ​ទំនិញ​​ទាំង​២​គ្រាប់​គឺ​ជា​មីស៊ីល​X-22 ​រយៈ​ចម្ងាយឆ្ងា​យ​​ដែល​បាញ់​ចេញ​ពី​យន្តហោះ​ទម្លាក់​គ្រាប់​បែក​​Tu-22M3 ​ដែល​​ហោះ​ចេញ​ពី​អាកាស​យាន​ដ្ឋាន​Shaykovka​ក្នុងតំ​បន់​កាលូហ្គា​របស់​រុស្ស៊ី​។​

ឯក​អគ្គរដ្ឋ​ទូត​រង​របស់​រុស្ស៊ី​ប្រចាំ​អង្គការ​សហប្រជាជាតិ​ លោក ​ឌ្មីទ្រី​ ប៉ូលយ៉ែនស្គី​ (Dmitry Polyanskiy)​សរសេរ​នៅ​លើ​ធ្វីតធឺរ​ដោយ​មិន​បញ្ជាក់​ពី​ភស្តុតាង​ថា​ ការ​វាយ​ប្រហារ​នេះ​គឺ​ជាកា​រប​ង្ក​ហេតុ​របស់​អ៊ុយក្រែន​។​​

កន្លង​មក​ រុស្ស៊ី​ដែល​ចោទ​អ៊ុយក្រែន​ថា​យក​ជន​ស៊ីវិល​ជា​ខែល​រង​គ្រាប់​ តែង​ធ្វើ​ការ​វាយ​ប្រហារ​ដោយ​មីស៊ីល​ជារឿយៗ​លើ​អាគារ​រស់​នៅ​របស់​ប្រជាជន​តាំង​ពី​ការ​ឈ្លាន​ពាន​ចាប់​ផ្ដើម​ ដោយ​និយាយ​ថា​ មាន​គោលដៅ​យោធា​នៅ​ទីនោះ។​ រុស្ស៊ី​ថា​​ខ្លួន​មិន​​ដាក់​​គោលដៅ​លើ​ជន​ស៊ីវិល​ទេ​ ទោះ​បី​ជា​មាន​សូម្បី​តែ​ការ​ទម្លាក់​គ្រាប់​បែក​លើ​សាលារៀន​ដែល​មាន​ជន​ស៊ីវិល​ជ្រក​កោន​ក្ដី​។​

នៅ​រយៈ​ពេល​ចុង​ក្រោយ​នេះ​ រុស្ស៊ី​ហាក់​បង្កើន​ការ​វាយ​លុក​ដោយ​អាកាស​ ខណៈ​ដណ្ដើម​យក​បាន​ទីក្រុង​ស៊ីវីរ៉ូដុនណិតស្ក៍​នៃ​តំបន់​លូហានស្ក៍​កាល​ពី​សប្ដាហ៍​មុន​។​ ​មីស៊ីល​រុស្ស៊ី​បាន​វាយ​ប្រហារ​ប្លុក​អាផាតមិន​​​​ ហើយ​​ធ្លាក់​នៅជិ​ត​សាលា​មត្តេយ្យ​មួយ​ក្នុង​រដ្ឋ​ធានី​កៀវ​កាល​ពី​ថ្ងៃ​អាទិត្យ​ ដោយស​ម្លាប់​មនុស្ស​ម្នាក់​ និង​របួស​ជាច្រើ​ន​នាក់​ទៀត​។

ប្រភព៖ Reuters

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner