​សង្រ្គាម​អ៊ុយក្រែន​ ធ្វើឱ្យ​​រាំង​ស្ទះ​​ប្រទេស​ធំ​ៗ​​ ក្នុង​​ការ​ប្ដេជ្ញា​ចិត្ត​ប្រឆាំង​នឹង​បម្រែ​បម្រួល​អាកាសធាតុ​

អស់​រយៈ​ពេល​ ៤ ​ខែ​ រាប់​តាំង​ពី​រុស្ស៊ី​ចាប់​ផ្ដើម​​ឈ្លាន​ពាន​អ៊ុយក្រែន​ ការ​ប្រជែង​គ្នា​ដើម្បី​រក​អ្នក​ផ្គត់​ផ្គង់​ឥន្ធនៈ​ហ្វូស៊ីល​ជំនួស​រុស្ស៊ី​​បាន​ក្លាយ​ជា​បញ្ហា​មួយ​ផ្ទុយ​ពី​អ្វី​ដែល​សកម្មជន​អាកាស​ធាតុ​រំពឹង​ចង់​បាន​ តាម​រយៈ​ការ​តស៊ូ​មតិ ​និង​ការ​ប្រឆាំង​តវ៉ា​របស់​ខ្លួន​ ដើម្បី​កាត់​បន្ថយ​ការ​បំភាយ​ឧស្ម័ន​សកល​។​

ខណៈ​មេដឹកនាំ​ក្រុម​ប្រទេស​ឧស្សាហកម្ម​ទាំង ​៧ ​(G-៧)​ជួប​គ្នា​នៅ​រដ្ឋ​​Bavaria ​ប្រទេស​អាល្លឺម៉ង់​​ ដើម្បី​កិច្ច​ប្រជុំ​មួយ​ដែល​​​គេ​សន្មត់​ថា​នឹង​ពង្រឹង​ការ​ប្តេជ្ញា​ចិត្ត​របស់​G-៧​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​នោះ​ ឥន្ធនៈ​ហ្វូស៊ីល​ក្លាយ​ជា​ប្រធាន​បទ​ក្ដៅ​​សារ​ជា​ថ្មី​ក្រោយ​​​សង្រ្គាម​ផ្ទុះ​ឡើង​ពេល​​មេ​ដឹក​នាំនានា​ផ្តោ​ត​លើ​ការ​ទម្លាក់​តម្លៃ​ប្រេង​ និង​ឧស្ម័ន​ ជា​ជាង​ការ​កាត់​​បន្ថយ​ការ​បំភាយ​ឧស្ម័ន​។​

ផ្ទុយ​ពី​​ផែនការ​បញ្ឈប់​ការ​ដុត​ធ្យូង​ថ្ម​ ប្រទេស​នានា​កំពុង​ស្វែក​រក​ប្រេង​បន្ថែម​ទៀត​ ហើយ​ក៏​កំពុង​ធ្វើ​ការ​ប្តេជ្ញា​ចិត្ត​លើ​គម្រោង​រាប់​ពាន់​លាន​លើ​ការ​​បង្កើត​ស្ថានីយ​ស្តុក​ឧស្ម័ន​ធម្មជាតិ​​ (LNG)។ ​ក្រុមហ៊ុន​ឥន្ធនៈ​ហ្វូស៊ីល​​កំពុង​ផ្តល់​ទុន​លើ​ការ​ភ័យ​ខ្លាច​អំពី​​សុវត្ថិភាព​ថាមពល​ និង​បញ្ចុះ​បញ្ចូល​ឱ្យ​មាន​ការ​ខិត​ខំ​ប្រឹង​ប្រែង​សម្រាប់​ការ​វិនិយោគ​ហេដ្ឋា​រចនា​សម្ព័ន្ធ​រយៈ​ពេល​វែង​កាន់​តែ​ខ្លាំង​ ដែល​ប្រថុយ​នឹង​ការ​បង្ខូច​គោលដៅ​អាកាស​ធាតុ​អន្តរជាតិ​ដែល​​ព្រម​ព្រៀង​គ្នា​នៅ​ក្រុង​Glasgow ​កាល​ពី​ឆ្នាំ​មុន​។​

​ការ​លុក​លុយ​របស់​រុស្ស៊ី​ដាក់​ផែនការ​ផ្លាស់​ប្តូរ​ថាមពល​នៅ​ត្រង់​ផ្លូវ​បំបែក​។​ ការ​ប្រឈម​មុខ​នឹង​​​អ្នក​បង្កើត​គោល​នយោបាយ​គឺ​ថា​​ ការ​ងាក​ចេញ​​ឆ្ងាយ​ពី​ឥន្ធនៈ​ហ្វូស៊ីល​មាន​សារៈ​សំខាន់​ណាស់​ដើម្បី​ជៀស​វាង​សេណារីយ៉ូ​អាកាសធាតុ​មហន្តរាយ​។​

អ្នក​ស្រី​Jennifer Morgan ​ឯកអគ្គ​រដ្ឋ​ទូត​​ទទួល​បន្ទុក​​បម្រែ​បម្រួល​​អាកាសធាតុ​​ប្រចាំ​​ក្រសួង​ការ​បរទេស​​អាល្លឺម៉ង់​ និង​​​ជា​​អតីត​​ប្រធាន​​អង្គការ​Greenpeace International ​​​និយាយ​​​ថា​​​៖​«​​នោះ​​គឺ​ជា​​សមរភូមិ​​ដែល​​យើង​​កំពុង​​ស្ថិត​​ក្នុង​​ពេល​នេះ​​​។​ យើង​​កំពុង​​ស្ថិត​​ក្នុង​​​ការ​​រំខាន​​​ដ៏​​ធំ​​មួយ​​ដោយ​​សារ​​ការ​​លុក​លុយ​[​របស់​រុស្ស៊ី​​លើ​​អ៊ុយក្រែន​​​]​ ហើយ​​នោះ​​ជា​​ហានិភ័យ​​ធំ​​លើ​​បញ្ហា​អាកាស​​ធាតុ​»​​។

មេ​ដឹក​នាំ​នៃ​ប្រទេស ​G-៧​រួម​ទាំង​សហរដ្ឋ​អាមេរិក​ និង​អាល្លឺម៉ង់​ រក​ឃើញ​ថា​ពួក​គេ​កំពុង​ប្រឈម​មុខ​រវាង​គោល​ដៅ​​មហិច្ឆតាក្នុ​ងកា​រ​ផ្តាច់​ខ្លួន​ចេញ​ពី​ឥន្ធនៈ​ហ្វូស៊ីល ​និង​សម្ពាធ​នយោបាយ​ និង​សេដ្ឋកិច្ច​ភ្លាម​ៗ​ដោយ​សារ​សង្រ្គាម​។​ កង្វល់​ភ្លាម​ៗ​ទាំង​នោះ​​​គ្រប​​ដណ្ដប់​លើ​របៀប​វារៈ​ជាច្រើន​ក្នុង​ជំនួប​នៅ​ ​Bavaria ​ពេល​​មេ​ដឹក​នាំ​ស្វែង​រក​មធ្យោបាយ​ដើម្បី​បន្ធូរ​បន្ថយ​ការ​កើន​ឡើង​នៃ​ថ្លៃ​ថាមពល​​ ​ និង​​ការ​ផ្គត់​ផ្គង់​។​

អាល្លឺម៉ង់​កំពុង​បញ្ចុះ​បញ្ចូល​សមាជិក ​G-៧ ​ផ្សេង​ទៀត​ ឱ្យ​លុប​ចោល​ការ​ប្តេជ្ញា​ចិត្ត​រួម​គ្នា​ក្នុង​ការ​ហាម​ឃាត់​ការ​វិនិយោគ​សាធារណៈ​​ក្នុង​គម្រោង​ឥន្ធនៈ​ហ្វូស៊ីល​នៅ​ក្រៅ​ប្រទេស​នៅ​ចុង​ឆ្នាំនេះ​។​ អ្នក​វិភាគ​ព្រមាន​ថា​ ប្រសិន​បើ​រដ្ឋ​ជា​សមាជិក​យល់​ព្រម​ វា​នឹង​មិន​ត្រឹម​តែ​​ពិបាក​​បញ្ចុះ​បញ្ចូល​ពិភព​លោក​ឱ្យ​កាត់​បន្ថយ​ការ​បំភាយ​ឧស្ម័ន​ហើយ​វិនិយោគ​លើ​ថាមពល​កកើត​ឡើង​វិញ​ប៉ុណ្ណោះ​ទេ​​ ប៉ុន្តែ​នឹង​បង្ក​គ្រោះថ្នាក់​ដល់​គោលដៅ​​ទប់​ស្កាត់​ការ​ឡើង​កម្ដៅ​ផែនដី​មិន​ឱ្យ​លើស​ពី​ ១,៥ ​អង្សាសេ​​។​

សំណើ​មួយ​ទៀត​​ដែល​រំពឹង​ថា​នឹង​បង្ហាញ​​ក្នុង​កិច្ច​ប្រជុំ​កំពូល​នោះ​គឺ​ទាក់​ទង​នឹង​តម្លៃ​ប្រេង​របស់​រុស្ស៊ី​ដោយ​អនុញ្ញាត​ឱ្យ​បណ្តា​​អឺរ៉ុប​អាច​នាំ​ចូល​វា​​បាន​ត្រឹម​​តម្លៃ​ទាប​​។​​វា​អាច​ជួយ​បញ្ចុះ​ថ្លៃ​ប្រេង ​និង​សាំង​នៅទូ​ទាំង​ពិភព​លោក​ហើយ​កាត់​បន្ថយ​ចំណូល​ថាមពល​ ដែល​ជា​ដង្ហើមនៃ​សង្រ្គាម​របស់​លោកប្រធានាធិបតី​ វ៉្លាឌីមៀរ ​ពូទីន​ នៅ​អ៊ុយក្រែន​ និង​ក៏​អាច​លើក​ទឹក​ចិត្ត​ឱ្យរុ​ស្ស៊ី​ផលិត​ប្រេង​កាន់​តែ​ច្រើន​ផង​ដែរ​។​ ​​

អ្នក​ស្រី​JanetYellen​រដ្ឋ​លេខា​ធិការ​រតនាគារ​សហរដ្ឋ​អាមេរិក​ ដែល​ជា​អ្នក​ផ្ដួច​ផ្ដើម​នៃ​គំនិត​នេះ​ និយាយ​ថា ​វា​ជា​រឿង​ល្អ​មួយ​ដែល​មាន​មេដឹកនាំអា​ច​ធ្វើ​ទៅ​បាន​ដើម្បី​កាត់​បន្ថយ​ឱកាស​នៃ​វិបត្តិ​សេដ្ឋកិច្ច​សកល​​​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​ញូវ​យ៉ក​ថែមស៍​ ដែល​ស្រង់​សម្ដី​ប្រភព​ដឹង​អំពី​ព័ត៌មាន​នេះ។​​​

មុន​កិច្ច​ប្រជុំ​កំពូល​នៅ​Bavaria​ធ្វើ​ឡើង ​មេ​ដឹក​នាំ​ប្រទេស​ម្ចាស់​ផ្ទះ​អាល្លឺម៉ង់​ លោក​អធិការបតី​Olaf​ Scholz​បាន​ទទូច​ថា​ការ​ដោះ​ស្រាយ​វិបត្តិ​ថាមពល​រយៈ​ពេល​ខ្លី​ដែល​បង្ក​​ឡើង​ពី​សង្រ្គាម​របស់​រុស្ស៊ី​នឹង​មិន​ធ្វើ​ឱ្យ​ខូច​ដល់​គោលដៅ​អាកាសធាតុ​រយៈ​ពេល​វែង​នោះ​ទេ។​​ ​​

សកម្មជន​អាកាសធាតុ​ ដែល​ប្រមូល​ផ្ដុំ​គ្នា​តវ៉ា​តាំង​ពី​មុន​កិច្ច​ប្រជុំ​ធ្វើ​ឡើង​ និយាយ​ថា​ ពួក​គេ​មិន​អាច​ទទួល​យក​បាន​នោះ​ទេ​។​ នាង​Luisa Neubauer ​សកម្មជន​លេច​ធ្លោ​បំផុត​របស់​​អាល្លឺម៉ង់​​និយាយ​ថា​៖​​«​ជំនួស​ឱ្យ​ការ​ប្រើ​ប្រាស់​ថាមពល​ដែល​កកើត​ឡើង​វិញ​​ យើង​បង្កើន​ការ​ប្រើ​ប្រាស់​ហ្វូស៊ីល​ដ៏​ច្រើន​។​ អាល្លឺម៉ង់​គឺ​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ដែល​ជំរុញ​ឱ្យ​មាន​ការ​បែប​នេះ​ តាម​រយៈ​គោល​នយោបាយ​ក្នុង​ស្រុក​ និង​បរទេស​របស់​យើង​»។​

មុន​ការ​ឈ្លាន​ពាន​របស់​រុស្ស៊ី​ចាប់​ផ្ដើម​ឡើង​នៅ​ចុង​ខែ​កុម្ភៈ​ ប្រទេស ​G-៧ ​​បាន​ធ្វើ​ការ​ប្តេជ្ញា​ចិត្ត​មួយ​ចំនួន​ទាក់​ទង​នឹង​អាកាស​ធាតុ​។​ ក្នុង​នោះ​រួម​មាន​ការ​ងាក​ចេញ​ពី​ការ​ប្រើ​ប្រាស់​​ធ្យូង​ថ្ម​នៅ​ឆ្នាំ​២០៣០ ​ការ​កាត់​ផ្ដាច់​កាបូន​ពីវិ​ស័យ​ថាមពល​នៅ​ឆ្នាំ ​២០៣៥ ការ​​​បង្កើន​ការ​វិនិយោគ​សាធារណៈ​​ក្នុងវិស័យ​​ថាមពល​កកើត​ឡើង​វិញ​និងការ​​បញ្ចប់​ការ​ផ្តល់​មូលនិធិ​សាធារណៈ​លើ​គម្រោង​ឥន្ធនៈ​ហ្វូស៊ីល​​​ក្រៅ​ប្រទេស​ណា​មួយ​នៅ​ចុង​ឆ្នាំ​នេះ។​

ប៉ុន្តែ​ខណៈ​វិបត្តិថាមពល​រវាង​រុស្ស៊ី ​និង​អឺរ៉ុប​ផ្ទុះ​ឡើង ​ការ​ប្ដេជ្ញា​ចិត្ត​ត្រូវ​បាន​ផ្លាស់​ប្ដូរ​ ដែល​នឹង​អាច​ពន្យាពេល​ដល់​ការ​សម្រេច​គោលដៅ​ផ្សេង​ៗ​។​ ​ក្នុង​ខែ​មិថុនា​នេះ ​​រុស្ស៊ី​កាត់​បន្ថយ​ឧស្ម័ន​ធម្មជាតិ​ ៦០ ​ភាគ​រយ​ដែល​បង្ហូរ​តាមបំ​ពង់​Nord Stream 1 ​​ទៅ​កាន់​អាល្លឺម៉ង់ ​និងប្រ​ទេស​ដទៃ​ទៀត​។​ការណ៍​នេះ​​ជំរុញ​​​ឱ្យ​​រដ្ឋាភិបាល​​អឺរ៉ុប​​បើក​​រោងចក្រ​​ធ្យូងថ្ម​​ដែល​​​បិទ​ ឬ​​គ្រោង​​នឹង​​ត្រូវ​​បញ្ឈប់​​​ជា​​ដំណាក់​កាល​ឡើង​វិញ​។​

អាល្លឺម៉ង់​កំពុង​ឧបត្ថម្ភធន​តម្លៃ​ប្រេង​សាំង​ និង​ពន្យារ​ប្រតិបត្តិ​ការ​ម៉ាស៊ីន​ភ្លើង​ដែល​ដើរ​ដោយ​ធ្យូង​ថ្ម​។​ រោង​ចក្រ​ធ្យូង​ថ្ម​របស់​​ហូឡង់​ដែល​ដំណើរ​ការ​ក្នុង​សមត្ថភាព​៣៥​ភាគ​រយ​ ត្រូវ​ដំឡើង​រហូត​ដល់​ ១០០ ​ភាគ​រយ​ដល់​ឆ្នាំ​ ២០២៤។​ ​អូទ្រីស​កំពុង​ដំណើរ​ការ​រោងចក្រ​ធ្យូងថ្ម​ដែល​បិទ​ក្នុង​ឆ្នាំ​២០២០​ឡើងវិ​ញ​​ ខណៈ​អ៊ីតាលី​ក៏​រៀប​ចំ​អនុញ្ញាត​ឱ្យ​រោងចក្រ​ថាមពល​ដុត​ធ្យូង​ថ្ម​​តម្លើង​ផលិតកម្ម​។​ មិន​ខុស​គ្នា​ ​រដ្ឋបាល​របស់​លោក​ប្រធានាធិបតី ​ចូ ​បៃដិន​​បាន​​រំអុក​ឱ្យ​ក្រុម​ហ៊ុន​ផលិត​ប្រេង​ក្នុង​ស្រុក​ និង​ប្រទេស​ផលិត​ប្រេង​ក្រៅ​ស្រុក​តម្លើង​ការ​បូម​ប្រេង​។​

ជាមួយ​គ្នា​នោះ​ គំនិត​នៃ​ការ​ទិញ​ប្រេង​ពី​រុស្ស៊ី​ក្នុង​តម្លៃ​ថោក​ ក៏​ពេញ​និយម​ថា​នឹង​ជួយ​កាត់​បន្ថយ​តម្លៃ​ប្រេង​សាំង​ ទោះ​បី​ជា​ពេល​នេះ​​ប្រទេស​ធំ​ៗ​នៅ​អាស៊ី​ដូច​ជា​ឥណ្ឌា ​និង​ចិន​ ​បង្កើន​ការ​ទិញ​ប្រេង​របស់​រុស្ស៊ី​ ដែល​នៅ​តែ​បន្ត​ឱ្យ​ប្រទេស​នេះ​រក​ប្រាក់​ចំណេញ​បាន​ច្រើន​ក្ដី​។​ ​

លើស​ពី​នេះ​អ្នក​វិភាគ​និយាយថា​ ការ​ព្រួយបា​រម្ភ​ធំ​បំផុត​មួយ​នោះ​គឺ​ការ​ប្រជែង​គ្នា​នា​ពេល​បច្ចុប្បន្ន​សម្រាប់​ការ​ផ្គត់​ផ្គង់​ឧស្ម័ន​ធម្មជាតិ​ ​ដែល​នឹង​ធ្វើ​ឱ្យ​វា​ស្ទើរ​តែ​មិន​អាច​សម្រេច​បាន​នូវ​គោលដៅកំ​ណត់​ការ​ឡើង​កំដៅ​ផែន​ដី​មិន​ឱ្យ​លើស​ពី​១,៥​អង្សាសេ​។​​ អ្នក​វិភាគ​គោល​នយោបាយ​បរិស្ថាន​ និង​បរទេស​​អះ​អាង​ថា​ប្រទេស​G-៧​អាច​គាំទ្រ​ការ​វិនិយោគ​លើ​ថាមពល​កកើត​ឡើង​វិញ​ និងកាត់​បន្ថយ​​ថាមពល​ ខណៈ​​សន្យា​ផ្តល់​មូលនិធិ​សម្រាប់​ប្រទេស​ក្រីក្រ​ដែល​រង​គ្រោះ​ដោយ​គ្រោះ​មហន្តរាយ​អាកាស​ធាតុ​។​សំខាន់​ជាង​នេះ​ទៅ​ទៀត​ សកម្មជន​​ព្រមាន​ថា​ ប្រទេស​អ្នក​មាន​ចាំ​បាច់​ត្រូវ​ទប់​ទល់​នឹង​ការ​ល្បួង​ឱ្យ​ឆ្លើយ​តប​ទៅ​នឹង​កង្វះ​ថាមពល​រយៈ​ពេល​ខ្លី​ដោយ​រំពឹង​ម្តង​ទៀត​លើ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ឥន្ធនៈ​ហ្វូស៊ីល​។​

ប្រភព៖ CNBC

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner