​សភាអ៊ីស្រាអែល​អនុម័ត​ច្បាប់​បើក​ផ្លូវ​រំលាយសភា​​ជាលើក​ទី៥​ក្នុង​រយៈពេលតិចជាង​​៤ឆ្នាំ

សភាអ៉ីស្រាអែលបានអនុម័តជាឯកច្ឆ័ន្ទកាលពីព្រឹកថ្ងៃអង្គារនូវសេចក្តីព្រាងច្បាប់ដើម្បី​រំលាយ​សភា ដែល​ជា​ជំហាន​នីតិបញ្ញត្តិ​ដ៏​សំខាន់​ដែល​ជំរុញ​ឱ្យ​ប្រទេស​នេះ​ខិត​ទៅជិត​ការបោះឆ្នោត​លើក​ទីប្រាំរបស់ខ្លួនក្នុងរយៈពេលតិចជាង៤​ឆ្នាំ។

ច្បាប់​បើក​ផ្លូវ​ឲ្យ​មាន​ការ​រំលាយ​សភា​​អ៊ីស្រាអែល «Knesset»​កើត​ឡើង​ចំពេល​រយៈពេល​១ឆ្នាំ​​ក្រោយ​ការ​​​ចូល​កាន់​​តួនាទី​ជា​នាយករដ្ឋ​មន្ត្រី​នៃ​ប្រទេស​អ៊ីស្រាអែល​​របស់​លោក ​ណាហ្វតាលី បេននិត (Naftali Bennett) តាមរយៈការ​បង្កើត​​​​រដ្ឋាភិបាល​ចម្រុះ​​គណបក្ស ដោយ​ផ្តួល​​​រំលំ​​​អតីត​នាយក​នាយករដ្ឋ​មន្ត្រី លោក​បែនចាមីន នែតានីញ៉ាហ៊ូ (Benjamin Netanyahu)ដែល​បាន​ដឹកនាំ​ប្រទេស​អ៊ីស្រាអែល​អស់រយៈពេល​១២​ឆ្នាំ។ ​នេះ​បើយោង​តាម CNN ​បណ្តាញ​ព័ត៌មាន​របស់​អាមេរិក។

ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP ​បាន​ផ្សាយ​ថា សមាជិកនៃ​​​ក្រុម​ចម្រុះ​​​បក្ស​​ដែលចាកចេញ​​ពី​ការ​ដឹកនាំ​រដ្ឋាភិបាល​ របស់លោក ​ណាហ្វតាលី បេននិត (Naftali Bennett) នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​និង​ក្រុមប្រឆាំង​ដែល​ដឹកនាំ​ដោយ​អតីតនាយករដ្ឋមន្ត្រី លោក​បែនចាមីន នែតានីញ៉ាហ៊ូ (Benjamin Netanyahu) បាន​និង​កំពុង​​វាយ​លុក​នៅក្នុង​សភាអ៊ីស្រាអែល Knesset ចាប់​តាំងពី​សប្តាហ៍​មុន​ជុំវិញ​សេចក្តី​ព្រាងច្បាប់រំលាយ។

ក្រុមចម្រុះ​ដឹក​នាំ​ដោយ​នាយរដ្ឋមន្ត្រី​បច្ចុប្បន្ន បាននិយាយថា ខ្លួនចង់បានការអនុម័តច្បាប់នេះឲ្យ​បាន​ឆាប់រហ័ស​ បន្ទាប់​​ពីលោក Bennett ​បានប្រកាសកាលពីសប្តាហ៍មុនថា សម្ព័ន្ធភាព​ប្រាំបី​ភាគី​ដែល​បែងចែក​ដោយ​មនោគមវិជ្ជា​របស់​គាត់​ មិន​អាច​ស្ថិត​ស្ថេរ​បានទៀតទេ។

ប៉ុន្តែ​លោក​ Netanyahu និងសម្ព័ន្ធមិត្តរបស់គាត់ បាននឹងកំពុងជួបពិភាក្សាគ្នា ដើម្បី​ស្វែងរក​ការ​បង្កើតរដ្ឋាភិបាលថ្មី ដែលដឹកនាំដោយអតីត​នាយករដ្ឋមន្ត្រី​រូបនេះនៅក្នុង​សភាបច្ចុប្បន្ន ដែល​​នឹង​រារាំង​ការ​បោះឆ្នោតថ្មី។

ភាគីទាំងសងខាងបានធ្វើការដោះដូរផ្នែកច្បាប់ ប៉ុន្តែទីបំផុតបានព្រមព្រៀងគ្នាកាលពីល្ងាចថ្ងៃចន្ទ ដើម្បី​ជំរុញ​សេចក្តីព្រាងច្បាប់ ដែល​នឹង​បញ្ចប់​ជា​ច្បាប់​នៅ​ថ្ងៃពុធ។

គណបក្សប្រឆាំងដឹកនាំ​ដោយ​​​អតីត​នាយករដ្ឋមន្ត្រី ​លោក Netanyahu ​ក៏បាន​ត្រៀម​ខ្លួន​បង្កើត​រដ្ឋាភិបាល​​ថ្មី​​ក្រោយ​ការ​រំលាយ​រដ្ឋសភា ប៉ុន្តែ​កិច្ចខិតខំប្រឹងប្រែង​​នោះ​បានជាប់​គាំង​ ហើយ​តម្រូវ​​ឲ្យប្រទេស​​នៅមជ្ឈឹម​បូព៌ា​នេះ​ត្រូវរៀប​ចំការ​បោះឆ្នោត​ឡើង​វិញ ដែល​ធ្វើ​ឲ្យ​ប្រទេស​នេះ​ប្រឈម​ការ​បោះឆ្នោត​ឡើង​វិញ​រហូត​៥លើក​ក្នុង​រយៈពេល​មិន​ដល់​៤​ឆ្នាំ​ផង។

យោង​តាម​​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង នៅព្រឹកថ្ងៃអង្គារ គណៈកម្មាធិការសភា Knesset​ របស់​អ៊ីស្រាអែល​ បាន​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​នេះ។ ​​ក្រោយ​មក​ច្បាប់​នេះ​ត្រូវបាននាំយកទៅ​​កិច្ច​ប្រជុំ​ពេញអង្គសម្រាប់​​​ពិនិត្យ​លើក​ដំបូង​​  ​និង​អនុម័ត​ដោយ​សំឡេង​ ៥៣​-០។

យោង​តាម​ច្បាប់​នេះ សភា​នឹង​រំលាយ​ដោយ​ការ​បោះ​ឆ្នោត​ថ្មី​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ២៥​ខែ​តុលា ឬ​ថ្ងៃ​ទី១​ខែ​វិច្ឆិកា ដោយ​នឹង​កំណត់​កាលបរិច្ឆេទ ​បន្ទាប់​ពី​ការ​ចរចា​បន្ថែម​ទៀត។

នៅពាក់កណ្តាលអធ្រាត្របន្ទាប់ពីការអនុម័តចុងក្រោយនៃច្បាប់នេះ លោក Bennett នឹង​ប្រគល់​​អំណាច​ទៅឱ្យ​រដ្ឋមន្ត្រី​ការបរទេស​លោក Yair Lapid ដោយ​អនុលោម​តាមកិច្ច​ព្រមព្រៀង​ចែក​រំលែក​អំណាច​ដែល​ពួកគេ​បាន​យល់​ព្រម​បន្ទាប់ពី​ការបោះឆ្នោត​មិន​ពេញលេញ​កាល​ពីឆ្នាំ​មុន។

សម្ព័ន្ធភាព​​របស់​នាយក​រដ្ឋមន្ត្រី Bennett ដែលជាសម្ព័ន្ធភាពនៃអ្នកជាតិនិយមខាងសាសនា អ្នក​និយម​សាសនា អ្នកនិយមកណ្តាល ព្រាប និងពួកឥស្លាមអារ៉ាប់ ត្រូវ​បាន​រារាំង​ដោយ​ការបែង​ចែក​មនោគមវិជ្ជា​របស់ខ្លួន​តាំងពីដើមដំបូងមក៕​

Lawmakers attend a preliminary vote on a bill to dissolve parliament, at the Knesset, Israel’s parliament, in Jerusalem, Wednesday, June 22, 2022. Lawmakers voted in favor of dissolving parliament in a preliminary vote, setting the wheels in motion to send the country to its fifth national election in just over three years. Once it passes, Bennett will step down as prime minister and hand over the reins to his ally, Lapid. (AP Photo/Maya Alleruzzo)
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner