ស្រីលង្កា​​​បន្ថយភាពវឹកវរ​នៅក្នុង​ប្រទេស​ដែល​មាន​វិបត្តិ​ប្រេង​​ឥន្ធនៈធ្ងន់ធ្ងរ​​ ដោយ​បង្គាប់​​ឲ្យ «​ប្រជាជន​នៅផ្ទះ​​»

ប្រទេសស្រីលង្កា​ដែល​កំពុង​ល្បីល្បាញ​​​​​​ក្នុង​វិបត្តិចាក់ស្រែះ​​​​ដោយ​ផ្តើម​ចេញ​ពី​វិបត្តិ​ហិរញ្ញវត្ថុ​ ​ថាមពល រហូត​ដល់​​​ម្ហូបអាហារ​ចាប់តាំង​ពី​​ដើម​ឆ្នាំ​នេះ បាន​​​ឈាន​ដល់​ការ​ដាក់​កំហិត​ការផ្គត់ផ្គង់​​ប្រេង​ឥន្ធនៈភ្លាមៗ​ ហើយ​ប្រាប់​ប្រជាជន​​​ឱ្យស្នាក់នៅផ្ទះ ដើម្បី​បញ្ចៀស​ភាព​ចលាចល​​​​​ក្នុង​ប្រទេស​កាន់តែ​ខ្លាំងឡើងៗ ​ខណៈ​ដែល​រដ្ឋាភិបាល​កំពុង​តស៊ូ​ក្នុង​ការផ្តល់​ទំនិញ​សំខាន់ៗ ដោយសារ​វិបត្តិ​បំណុល​​ជាតិដ៏កំសត់ ដែល​បាន​អង្រួន​ប្រទេស​អស់​រយៈពេល​ជាច្រើនខែ។

​លោក បានឌុលឡា ហ្គូណា​​វ៉ាដេណា (Bandula Gunawardena) ​អ្នកនាំពាក្យ​របស់​នាយករដ្ឋមន្ត្រី​​​​ស្រីលង្កា បាននិយាយ​នៅក្នុងសេចក្តីថ្លែងការណ៍​ប្រកាស​តាមទូរទស្សន៍ថា ខុទ្ទកាល័យគណៈ​រដ្ឋមន្ត្រី​របស់​ប្រទេស​កោះ​​​​​ដែល​មាន​ប្រជាជន​​​ប្រមាណ​២២​លាន​នាក់​ បាន​សម្រេច​ចិត្ត​កំណត់​ការ​ចែកចាយ​ប្រេង​ឥន្ធនៈ​ដល់​សេវាកម្ម​សំខាន់ៗរហូតដល់ថ្ងៃទី១០​​ខែកក្កដា ដោយបន្ថែមថា ការដឹកជញ្ជូន​សាធារណៈ​អន្តរខេត្ត​ទំនងជានឹងមានការផ្អាក។ ​នេះ​​យោង​តាម​បណ្តាញ​ព័ត៌មាន BLOOMBERG។​

លោក ហ្គូណា​​វ៉ាដេណា បាននិយាយថា៖​«កំពង់ផែ សេវាសុខភាព ការដឹកជញ្ជូនម្ហូបអាហារ នឹង​ត្រូវ​បានផ្តល់ជូនប្រេងឥន្ធនៈ និងប្រេងម៉ាស៊ូត ខណៈ​ដែល​វិស័យ​ផ្សេង​ទៀត​ទាំងអស់​ត្រូវ​បាន​ស្នើ​សុំ​ឱ្យស្នាក់នៅផ្ទះ​ និង​ផ្តល់​សេវាកម្មតាមអ៊ីនធឺណិត​ក្នុងគ្រាដ៏លំបាកនេះ។ ប្រទេស​របស់​យើង​កំពុងប្រឈម​មុខ​នឹង​ស្ថានភាព​ហិរញ្ញវត្ថុ និង​វិបត្តិ​រូបិយប័ណ្ណ​បរទេស​ដែល​មិន​ធ្លាប់​មានពីមុនមក»។

​ទីភ្នាក់ងារ​​សារព័ត៌មានបារាំង បាន​ផ្សាយថា ប្រទេស​ដែន​កោះ​ដែលមាន​ប្រជាជន​ប្រមាណ​២២លាន​នាក់ ស្ថិតនៅ​អាស៊ី​ខាងត្បូង បាន​ធ្លាក់​ចូលទៅក្នុង​វិបត្តិ​ជា​បន្តបន្ទាប់ ចាប់​តាំង​វិបត្តិ​ជំងឺ​កូ​វីដ១៩បាន​ផ្ទុះឡើង ដែល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​វិស័យ​ទេសចរណ៍​ដែល​ប្រទេស​នេះ​ពឹងផ្អែក​ដើម្បី​បង្កើត​រូបិយប័ណ្ណ​អន្តរជាតិ​ដើម្បី​បញ្ជា​ទិញ​ឧស្ម័ន និង​ម្ហូបអាហារ​ពី​ទីផ្សារ​អន្តរជាតិ។

សេដ្ឋកិច្ច​​របស់​ប្រទេស​ស្រីលង្កាបាន«ដួល​រលំ​ទាំងស្រុង»​​ហើយ។ នេះ​បើតាម​ការ​អះអាង​​នាយករដ្ឋ​មន្ត្រី​ស្រីលង្កា  រ៉ានី​ល វី​ក​ក្រេ​ម៉េ​ស៊ី​ង​ហេ (Ranil Wickremesinghe) បាន​ប្រាប់​សមាជិក​​សភាកាល​ពី​សប្តាហ៍​មុន​ ដែល​ចុះ​ផ្សាយ​ដោយ​ BLOOMBERG។

រដ្ឋាភិបាល​របស់​លោក​កំពុងពិភាក្សាជាមួយមូលនិធិរូបិយវត្ថុអន្តរជាតិ ក៏ដូច​ជាម្ចាស់​បំណុល​ទ្វេភាគី​ដូច​ជា​ឥណ្ឌា និងចិនសម្រាប់មូលនិធិ​​​​​ថ្មី​ៗ​​បន្ថែមទៀត​​ ដើម្បីទូទាត់សម្រាប់ការនាំចូល បន្ទាប់​ពីខ្លួន​បាន​ខកខាន​​​ទូទាត់​បំណុល​​សញ្ញាប័ណ្ណប្រាក់ដុល្លាររបស់ខ្លួន​កាលពីដើមឆ្នាំនេះ ហើយ​ឃើញថាទុនបម្រុងបរទេសធ្លាក់ចុះ។

រដ្ឋាភិបាល​បាន​បិទ​សាលារៀន​សាធារណៈរួច​ជា​ស្រេច​ទៅហើយ​ និង​ បាន​ស្នើ​ឱ្យ​មន្ត្រី​រាជការ​ធ្វើការ​ពីផ្ទះ ដើម្បីកាត់បន្ថយការដឹកជញ្ជូន ដោយ​ធ្វើ​ឲ្យ​​ផ្លូវជាច្រើនក្នុង និង​ជុំវិញ​រដ្ឋធានី​កូឡុំបូ​ត្រូវគេ​បោះបង់ចោលក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ សូម្បីតែ​រថយន្ត​រាប់ពាន់​គ្រឿង​បានតម្រង់ជួរជាជួរៗរាប់គីឡូម៉ែត្ររង់ចាំនៅ​តាម​ស្ថានីយ៍សម្រាប់​ការ​ចាក់​ប្រេង​​។

ការខ្វះខាត​ឥន្ធនៈ​ជំរុញ​ឲ្យ​មាន​អតិផរណា​ទំនិញ​គ្រប់​ប្រភេទ​ជាពិសេស​ម្ហូបអាហារ សម្រាប់​បំពេញតម្រូវការ​ក្នុងប្រទេស ហើយ​វា​ក៏បង្ក​ឲ្យ​មាន​តវ៉ា​ដ៏​ខ្លាំង​នៅក្នុង​ប្រទេស​ស្រីលង្កា ដោយ​ទាមទារ​ទម្លាក់​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​ខ្សែស្រឡាយ​បងប្អូន របស់លោក​ប្រធានាធិបតី ហ្គោ​តា​បា​យ៉ា រាជា​បា​ក្សា ( Gotabaya Rajapaksa )។ ជា​លទ្ធផល នាយករដ្ឋមន្ត្រី Mahinda Rajapaksa ដែលជា​បងប្រុស​របស់​ប្រធានាធិបតី​ក៏បាន​ប្រកាស​លាលែង​ពី​ដំណែង​កាលពីដើម​ខែឧសភា។

វិបត្តិ​ម្ហូបអាហារ​របស់​ប្រទេស​ស្រីលង្កា ក៏​កើតចេញ​ផងដែរ ពី​គោលនយោបាយ​មិន​ត្រឹមត្រូវ​ក្នុង​វិស័យ​កសិកម្ម ដែល​ប្រទេស​នេះ​មានបំណង​ប្រែក្លាយជា​ប្រទេស​ផលិត​ផលិតកម្ម​សរីរាង្គ១០០ភាគរយ​ដំបូង​បំផុត​នៅលើ​ពិភពលោក ដោយ​ការហាមឃាត់​ការ​នាំចូល​ជីគីមី​ទាំងអស់​សម្រាប់​បម្រើការ​បង្កបង្កើនផល​ក្នុងស្រុក។ ផ្ទុយទៅវិញ កសិករ​ជាច្រើន​បាក់​ទឹកចិត្ត​ព្រមទាំង​បោះបង់ចោល​ស្រែចម្ការ ដោយសារ​កសិកម្ម​រប​ស់​ខ្លួន​រង​ការបំផ្លិចបំផ្លាញ​ពី​សត្វល្អិត និង ការទទួលបាន​ទិន្នផល​ទាប។

កាសែត New York Times របស់​របស់​អាមេរិក​កាលពី​ថ្ងៃ២២ខែមេសា​បាន​ចុះផ្សាយ​ថា ដើម្បី​ធានា​អនាគត​នយោបាយ​របស់​គ្រួសារ​លោក ប្រធានាធិបតី Rajapaksa អាយុ៧២ឆ្នាំ បាន​បំផ្លាញ​ប្រព័ន្ធយុត្តិធម៌​ព្រហ្មទណ្ឌ ចាប់​ដាក់គុក​អ្នកប្រឆាំង និង​កម្ចាត់​បក្សប្រឆាំង ក្នុងពេល​កន្លងមក។  គាត់​បាន​ពង្រីក​អំណាច​ប្រធានាធិបតី​របស់គាត់​យ៉ាងខ្លាំង ដោយ​ស្តុក​ទុក​រដ្ឋាភិបាល​ជាមួយ​សាច់ញាតិ​របស់គាត់ បុរស​ជា​យោធា និង​ព្រះសង្ឃ​ស្តាំនិយម​ដែល​ស្រប​នឹង​គំនិត​ច្បាប់​និង​សណ្តាប់ធ្នាប់​របស់គាត់។

ចាប់តាំងពី​វិបត្តិ​កើតឡើង រដ្ឋាភិបាល​ស្រីលង្កា បាន​ខកខាន​បង់​បំណុល​បរទេស​ចំនួន​៥១ពាន់​លាន​ដុល្លារ​របស់ខ្លួន ហើយ​កំពុង​ស្វែងរក​ការសង្គ្រោះ​ពី​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ។​នេះ​បើតាម​ AFP។​

ទោះបីជា​ការអំពាវនាវ​ឲ្យ​លោក Gotabaya លាលែង​ពី​តំណែង ប្រ​ធានា​ធិ​តី​ដែល​ចូល​ការិយាល័យ​ប្រធានាធិបតី​ស្រីលង្កា​ក្នុង​ឆ្នាំ២០១៩ ប៉ុន្តែ​លោក​​ទទួលបាន​ការ​ទុកចិត្ត​ពីសភាស្រីលង្កា ហើយ​នៅតែ​បន្តកាន់កាប់​តួនាទី​និង​ប្តេជ្ញា​បន្ត​រហូត​ចប់​អាណត្តិ​ដោយ​មិន​ធ្វើតាម​ការស្នើ​ឲ្យ​ចុះ​ចេញពី​ដំណែង​និង​រៀបចំ​ការបោះឆ្នោត​ឡើងវិញ​នោះទេ។ នេះ​បើតាម​ការចេញផ្សាយ​រប​ស់ Bloomberg។​

ការតវ៉ាដោយ​​កើត​មាន​អំពើ​ហិង្សា​បានផ្ទុះឡើងក្នុងខែ​ឧសភា បន្ទាប់​ពី​​បងប្រុស​របស់​ប្រធានាធិបតី Gotabaya Rajapaksa បានលាលែងពីតំណែងជានាយករដ្ឋមន្ត្រី ក្រោម​មាន​ការ​ប៉ះ​ទង្គិចគ្នា​រវាង​អ្នកគាំទ្រ​រដ្ឋាភិបាល និង​ក្រុមប្រឆាំង។ ទោះបីជា ​ចាប់​តាំង​ពីពេលនោះ​មកលោក Rajapaksa បានគាំទ្រនៅក្នុងសភា និង​បាន​ប្តេជ្ញា​ថានឹង​បម្រើ​រយៈពេល​ពីរ​ឆ្នាំ​ចុងក្រោយ​ក្នុងអាណត្តិរបស់គាត់ក៏ដោយ ក៏ភាព​តានតឹង​នៅតែ​មាន​កម្រិតខ្ពស់។​

ប្រទេស​ស្រីលង្កា​គ្រោង​នឹងអនុញ្ញាត​ឱ្យក្រុមហ៊ុន​បរទេស​ចែកចាយ​ឥន្ធនៈ​ក្នុងការដេញថ្លៃ​ដើម្បី​បន្ធូរបន្ថយ​ការខ្វះខាតដែលបានធ្វើឱ្យសកម្មភាពសេដ្ឋកិច្ចភាគច្រើន​​​ដែល​ធ្លាក់​ពិកា​រ នេះ​បើ​តាម​រដ្ឋមន្ត្រីថាមពល Kanchana Wijesekera បាននិយាយកាលពីថ្ងៃអាទិត្យ។

ការិយាល័យ​ប្រធានាធិបតី​បាននិយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍មួយ​កាលពីល្ងាចថ្ងៃចន្ទថា ទេសាភិបាលនៃធនាគារកណ្តាលនៃប្រទេសស្រីលង្កាបានយល់ព្រមបង់ថ្លៃសងដល់ក្រុមហ៊ុនសម្រាប់ការផ្គត់ផ្គង់ប្រេងឥន្ធនៈ​«ជាមួយនឹងផែនការ»។

លោក​ប្រធានាធិបតី Rajapaksa ក៏បាន​ណែនាំ​ដល់​មន្ត្រី​ឱ្យ​ចាត់​វិធានការ​ជា​បន្ទាន់​ក្នុង​ការ​នាំចូល​​ប្រេងឥន្ធនៈដោយប្រើមូលនិធិដែលមានស្រាប់រហូតដល់ពេលនោះ។

រដ្ឋាភិបាល​កំពុង​បញ្ជូន​បេសកជន​របស់ខ្លួនទៅកាន់ប្រទេសកាតា និងរុស្ស៊ីក្នុងសប្តាហ៍នេះ ដើម្បី​ទទួលបានការផ្គត់ផ្គង់ថ្មីៗ ហើយ​កំពុង​សង្ឃឹម​ថា​នឹង​មាន​ការយល់​ព្រម​ពីប្រទេស​ឥណ្ឌា​នូវ​​ខ្សែឥណទានចំនួន ៥០០​លានដុល្លារអាមេរិក សម្រាប់​ការនាំចូល​ប្រេង​ឥន្ធនៈ។

ឧត្តមស្នងការនៃប្រទេសស្រីលង្កា​ប្រចាំ​​​ទីក្រុង New Delhi លោក Milinda Moragoda បានជួបជាមួយ លោក​ Hardeep Singh Puri រដ្ឋមន្ត្រីក្រសួងប្រេង និង​ឧស្ម័ន​ធម្មជាតិ​របស់​ប្រទេស​ឥណ្ឌា និង​កិច្ចការ​លំនៅដ្ឋាន នៅទីក្រុង New Delhi កាលពីថ្ងៃចន្ទ ដើម្បី​ពិភាក្សា​អំពី​លទ្ធភាព​នៃ​ការធានាការផ្គត់ផ្គង់ប្រេងឥន្ធនៈ និងប្រេងម៉ាស៊ូត ដែល​តម្រូវ​ដោយ​ប្រទេស​កោះនេះ​​​​ផ្អែក​លើ​មូលដ្ឋានបន្ទាន់។

លោក Moragoda ក៏បានជម្រាប​លោក Puri អំពី «បញ្ហា​ប្រឈម​ធ្ងន់ធ្ងរ​ដែល​ស្រីលង្កា​កំពុង​ជួបប្រទះ​នាពេលបច្ចុប្បន្ន ទាក់ទងនឹងការផ្គត់ផ្គង់ និងការចែកចាយផលិតផលប្រេង និង​ការលំបាក​ធ្ងន់ធ្ងរដែល​ប្រជាជន​កំពុង​ជួបប្រទះ»។ នេះបើយោងតាមការបង្ហោះលើ Facebook របស់គណៈកម្មការជាន់ខ្ពស់។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner