ចំនួនជនភៀសខ្លួនស្លាប់ដែលរកឃើញនៅក្នុងរថយន្តដឹកទំនិញនៅសហរដ្ឋអាមេរិកកើនដល់ ៥០នាក់

ហូស្តុន ៖ អាជ្ញាធរអាមេរិកនៅថ្ងៃអង្គារម្សិលមិញបានបញ្ជាក់ថា តួលេខជនចំណាកស្រុកបាត់បង់ជីវិតដែលត្រូវបានរកឃើញនៅថ្ងៃចន្ទដើមសប្តាហ៍នេះ នៅក្នុងរថយន្តដឹកទំនិញដែលគេបោះបង់ចោលនៅ San Antonio ដែលជាទីក្រុងសំខាន់មួយនៅភាគកណ្តាលនៃរដ្ឋតិចសាស់ បានកើនឡើងដល់ ៥០នាក់ ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា សោកនាដកម្មនេះហាក់ដូចជាប្រតិបត្តិការរត់ពន្ធជនចំណាកស្រុកដ៏សាហាវបំផុតមួយក្នុងប្រវត្តិសាស្ត្រអាមេរិកនាពេលថ្មីៗនេះ។ សារព័ត៌មាន Texas Public Radio បានរាយការណ៍ថា មនុស្សចំនួន ៤៦នាក់ត្រូវបានគេប្រទះឃើញស្លាប់នៅកន្លែងកើតហេតុ ហើយ ៤នាក់ផ្សេងទៀតត្រូវបានគេប្រកាសថា បានស្លាប់នៅមន្ទីរពេទ្យក្នុងតំបន់។

បើតាមសេចក្តីរាយការណ៍នោះ មនុស្ស ២២នាក់ជាជនជាតិម៉ិកស៊ិក ៧នាក់មកពីហ្គាតេម៉ាឡា ២នាក់ជាជនជាតិហុងឌូរ៉ាស់ ហើយអ្នកស្លាប់ ១៩នាក់ទៀតមិនទាន់ត្រូវបានកំណត់អត្តសញ្ញាណនៅឡើយ។ មន្ត្រីក្នុងតំបន់បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា យ៉ាងហោចណាស់មនុស្ស ១៦នាក់ផ្សេងទៀត រួមទាំងកុមារ ៤នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងតំបន់ ដោយសារតែអស់កម្លាំង និងខ្វះជាតិទឹក ។ មនុស្សជិត ១០០នាក់ត្រូវបានគេរាយការណ៍ថា បានកកកុញនៅខាងក្នុងរថយន្តដឹកទំនិញធុនធំកង់១៨ ។

មេប៉ូលីសក្រុង San Antonio លោក William McManus បានប្រាប់សន្និសីទសារព័ត៌មានមួយកាលពីយប់ថ្ងៃចន្ទថា មនុស្សបីនាក់កំពុងស្ថិតនៅក្នុងការឃុំឃាំងរបស់ប៉ូលីស ប៉ុន្តែវាមិនច្បាស់ថាតើពួកគេជាប់ពាក់ព័ន្ធក្នុងសោកនាដកម្មនេះឬយ៉ាងណានោះទេ។ ដោយឡែក អភិបាលក្រុង San Antonio លោក Ron Nirenberg បានបង្ហោះសារនៅលើបណ្តាញសង្គមកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះថា ជនចំណាកស្រុកដែលស្វែងរកសិទ្ធិជ្រកកោន គួរតែត្រូវបានចាត់ទុកជាវិបត្តិមនុស្សធម៌ ប៉ុន្តែនៅល្ងាចនេះ យើងកំពុងប្រឈមមុខនឹងសោកនាដកម្មដ៏គួរឱ្យរន្ធត់មួយ។

ជាមួយគ្នានេះ អភិបាលរដ្ឋតិចសាស់លោក Greg Abbott ដែលកំពុងស្វែងរកអាណត្តិទីពីរ កាលពីយប់ថ្ងៃចន្ទដដែលនេះ ក៏បានថ្កោលទោសប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ចំពោះសោកនាដកម្មនេះ ដោយសរសេរសារបង្ហោះនៅលើ Twitter ថា ករណីស្លាប់ទាំងនេះគឺនៅលើលោក បៃដិន… ពួកគេ (ជនចំណាកស្រុក) គឺជាលទ្ធផលនៃគោលនយោបាយព្រំដែនបើកចំហដ៏ប្រល័យរបស់គាត់។ ក្នុងខែកក្កដា ឆ្នាំ២០១៧ ជនចំណាកស្រុកចំនួន ១០នាក់បានស្លាប់នៅក្នុងឡានដឹកទំនិញដែលផ្ទុកមនុស្សចំនួន ៣៩នាក់នៅក្រុង San Antonio៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner