របាយការណ៍៖ ការបាញ់ប្រហារនៅតាមសាលារៀនក្នុងសហរដ្ឋអាមេរិក កើនឡើងដល់ចំនួនខ្ពស់បំផុត ក្នុងរយៈពេល ២០ឆ្នាំ

វ៉ាស៊ីនតោន ៖ របាយការណ៍ថ្មីមួយដែលបានចេញផ្សាយនៅថ្ងៃអង្គារសប្តាហ៍នេះបានឱ្យដឹងថា ការបាញ់ប្រហារនៅតាមសាលារៀនក្នុងឆ្នាំសិក្សា ២០២០-២០២១ បានកើនឡើងដល់ចំនួនខ្ពស់បំផុតក្នុងរយៈពេល២០ឆ្នាំ ។

យោងតាមរបាយការណ៍ចំនួន ៣១ទំព័រ ដែលបានចេញផ្សាយដោយមជ្ឈមណ្ឌលជាតិអប់រំ (NCES) ដែលមានទីតាំងនៅក្នុងនាយកដ្ឋានអប់រំ និងវិទ្យាស្ថានវិទ្យាសាស្ត្រអប់រំសហរដ្ឋអាមេរិក បានឱ្យដឹងថា ការបាញ់ប្រហារនៅតាមសាលារៀនសរុបមានចំនួន ៩៣លើក ជាមួយនឹងករណីស្លាប់ និងរបួសបានកើតឡើងនៅតាមសាលាបឋមសិក្សា និងមធ្យមសិក្សារដ្ឋ និងឯកជន ក្នុងអំឡុងឆ្នាំសិក្សាចុងក្រោយនេះ។

របាយការណ៍ចុងក្រោយនេះ កើតឡើងប៉ុន្មានសប្តាហ៍បន្ទាប់ពីការបាញ់ប្រហារ ដ៏ឃោរឃៅនៅសាលាបឋមសិក្សា Robb ក្នុងទីក្រុង Uvalde រដ្ឋតិចសាស់ ដែលបណ្តាលឲ្យកុមារ ១៩នាក់ និងមនុស្សពេញវ័យ ២នាក់បានស្លាប់កាលពីថ្ងៃទី២៤ ខែឧសភា។

គួរបញ្ជាក់ថា គិតមកទល់ពេលនេះ មនុស្សជាង ២១,៥០០នាក់បានស្លាប់ដោយសារអំពើហិង្សាដោយកាំភ្លើងនៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមទិន្នន័យចុងក្រោយពី Gun Violence Archive ដែលជាអង្គការមិនរកប្រាក់ចំណេញ ដែលតាមដានអំពើហិង្សាទាក់ទងនឹងកាំភ្លើងនៅក្នុងប្រទេស ៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner