សង្វៀនគុនខ្មែរ ជើងឯកពិភពលោក នឹងក្លាយជាចំណែកមួយជំរុញអភិវឌ្ឍសមត្ថភាព អត្តពលិកជម្រើសជាតិ ឆ្ពោះទៅរកគុណភាពស៊ីហ្គេមឆ្នាំ២០២៣

លោក ហេង សុខឃន អគ្គលេខាធិការ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានគូសបញ្ជាក់ ក្នុងសន្និសីទសារព័ត៌មាន សង្វៀនគុនខ្មែរជើងឯកពិភពលោក ឆ្ពោះទៅកីឡាស៊ីហ្គេម ឆ្នាំ២០២៣ នាព្រឹក ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ ថា កិច្ចសហការរួមគ្នារវាងសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងស្ថាប័ន World Fight នេះ មានគោលបំណងពង្រឹងសមត្ថភាពកីឡាករការិនីគុនខ្មែរ ឆ្ពោះទៅរកគុណភាព ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

លោក អគ្គលេខាធិការ បានបញ្ជាក់ថា កម្មវិធីប្រដាល់ជើងឯកពិភពលោកនេះ កីឡាករកីឡាការិនីសុទ្ធសឹងជាអ្នកល្បីនៅក្រៅប្រទេស។ ដូច្នោះការប្រកួតប្រជែងជាមួយអ្នកខ្លាំងនឹងធ្វើឲ្យកីឡាយើងរីកចំរើនសមត្ថភាព ទទួលបានបទពិសោធន៍អន្តរជាតិ និងបច្ចេកទេសប្រកួតកាន់តែល្អប្រសើរ ហើយ ក៏ជាការជម្រុញឲ្យគុនខ្មែរកាន់តែល្បីលុះសាយទៅកាន់ពិភពលោកផងដែរ។

លោក តូ នីអាន់ ប្រធានWorld Fight បានលើកឡើងថា កត្តាចម្បងរបស់ World Fight ចាប់ដៃជាមួយសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ដើម្បីរួមចំណែកពង្រឹងសមត្ថភាពកីឡាករ កីឡាការិនីកម្ពុជាឆ្ពោះទៅកម្រិតអន្តរជាតិ ជាការឆ្លើយតបក្នុងការប្រជែងដោយគុណភាពនៅស៊ីហ្គេម ឆ្នាំ២០២៣ស៊ីហ្គេមរៀបចំនៅកម្ពុជា។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការជាតិជាតិអូឡាំពិកកម្ពុជា និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិCAMSOC បានគូបញ្ជាក់ថា នេះជាសញ្ញាណដ៏ល្អមួយដែលមានដៃគូសហការឧបត្ថម្ភធំជួយជ្រោមជ្រែងជួយដល់វិស័យកីឡាជាតិស្របតាមយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលដែលបានជម្រុញឲ្យក្រសួងអប់រំយុវជន និងកីឡា គណៈកម្មាធិការជាតិ CAMSOC ផ្សព្វផ្សាយកីឡាអត្តសញ្ញាណជាតិឲ្យកាន់តែផុសផុល ខណៈកីឡាល្បុកក្តតោនិងប្រដាល់គុនខ្មែរសុទ្ធសឹងជាកីឡាអត្តសញ្ញាណរបស់ជាតិ ហើយកីឡាទាំងពីរនេះជាក្តីរំពឹងខ្ពស់ក្នុងការប្រជែងដណ្តើមបានមេដាយមាស ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ផងដែរ។

ឯកឧត្តម បានសង្កត់ធ្ងន់ថា មន្រ្តីសហព័ន្ធកីឡាជាតិទាំងអស់ត្រូវយកចិត្តទុកដាក់ថែលើកីឡាករកីឡាការិនីឲ្យបានល្អ និងចាត់ទុកពួកគាត់ជាតួអង្គដ៏សំខាន់ ព្រោះថា បើពួកគេមិនទទួលបានភាពកក់ក្តៅពីថ្នាក់ដឹកនាំផ្នែកផ្លូវកាយ និងផ្លូវចិត្តនោះទេ សិទ្ធិផលរបស់ពួកគេក៏មិនអាចឡើងខ្ពស់ដែរ។

ឯកឧត្តម បានចាត់ទុកព្រឹត្តិការណ៍មួយនេះ ជាការរួមចំណែកមួយយ៉ាងសំខាន់ ក្នុងការបង្កើនសិទ្ធិផលអត្តពលិកគុនខ្មែរត្រៀមស៊ីហ្គេម ឆ្នាំ២០២៣។ ជាមួយគ្នាដែរ ឯកឧត្តម អគ្គលេខាធិការCAMSOC បានក្រើនរំលឹកដល់កីឡាករកីឡាការិនីដែលត្រូវប្រកួតទាំងអស់ត្រូវប្រកាន់ភ្ជាប់នូវក្រមសិល៍ធម៌វិជីជីវជាអ្នកកីឡា ដើម្បីយកឈ្នះចិត្តអ្នកគាំទ្រ និងត្រូវផ្តល់ក្តីគោរពដល់ដៃគូ ដើម្បីនាំមកវិញនូវមិត្តភាព សាមគ្គីភាព។

សូមបញ្ជាក់ថា កម្មវិធីប្រដាល់សង្វៀនជើងឯកពិភពលោក ដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣នេះ រៀបចំដោយស្ថាប័នWorld Fight សហការដោយ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ គាំទ្រ ដោយក្រសួងអប់រំយុវជននិងកីឡា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងគណៈកម្មាធិការជាតិរៀបចំកីឡាអាស៊ីអាគ្នេយ៍ឆ្នាំ២០២៣។ កម្មវិធីប្រដាល់គុនខ្មែរឯកពិភពលោក នឹងប្រព្រឹត្តិទៅនៅថ្ងៃទី៦ ខែ កក្តដា ឆ្នាំ២០២២ខាងមុខ ចាប់ពីវេលាម៉ោង៥ល្ងាចនៅក្នុងពហុកីឡដ្ឋានមរតកតេជោ៕ អត្ថបទ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner