លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អញ្ជើញជាអធិបតីប្រារព្ធមីទ្ទីងរំលឹកខួបអនុស្សាវរីយ៍ លើកទី ៧១ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (Video inside)

ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃទី ២ ខែកក្កដា ឆ្នាំ២០២២ លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី សមាជិកគណ:អចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានទី២នៃរដ្ឋសភា អនុប្រធានទី១ គណ:អចិន្ត្រៃយ៍ក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្តកណ្តាល និងជាប្រធានគណៈអចិន្រ្តៃយ៍ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកលើកដែក បានអញ្ជើញជាអធិបតីប្រារព្ធមីទ្ទីងរំលឹកខួបអនុស្សាវរីយ៍ លើកទី ៧១ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ អភិបាលស្រុកលើកដែក លោក លោកស្រី ជាសមាជិក សមាជិកា គណៈកម្មាធិការបក្សក្នុងជួរគណបក្សស្រុក-ឃុំ ក្រុមការងារស្រ្តី និងយុវជនជុំវិញស្រុក ប្រមាណ ៥០០នាក់ នៅទីស្នាក់ការបក្សស្រុកលើកដែក។

លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី បានថ្លែងទៅកាន់អ្នកចូលរួមដោយបានពាំនាំនូវការសាកសួរសុខទុក្ខរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្ររបស់ប្រជាពលរដ្ឋ សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ដល់មន្រ្តីមូលដ្ឋានបក្សគ្រប់ថ្នាក់ទាំងអស់ក្នុងការចូលរួម និងគាំទ្រជាបន្តបន្ទាប់ក្នុងការសម្រេចភារកិច្ចរបស់គណបក្សប្រជាជនកម្ពុជា។

លោកជំទាវ បានអានសុន្ទរកថាទាំងស្រុងរបស់ សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងអង្គមីន្ទីងរំលឹកខួបអនុស្សាវរីយ៍លើកទី៧១ ទៅកាន់សមាជិក-សមាជិកា ប្រមាណ ៥០០នាក់ ដោយបានលើកយកប្រវត្តិសង្ខេប នៃការចាប់បដិសន្ធិរបស់គណបក្សប្រជាជនកម្ពុជា គឺនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ ១៩៥១ ដោយមានឈ្មោះដើមថា «គណបក្សប្រជាជនបដិវត្តន៍ខ្មែរ» បន្ទាប់មកនៅឆ្នាំ១៩៩១ បានប្តូរឈ្មោះមកជា «គណបក្សប្រជាជនកម្ពុជា»។

លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី បញ្ជាក់ថា ចាប់តាំងថ្ងៃបដិសន្ធិរហូតមកដល់បច្ចុប្បន្ន គណបក្សបានប្រកាន់ខ្ជាប់នូវគោលបំណង និងឧត្តមគតិដោយឈរលើគោលការណ៍ តម្កល់ឧត្តមប្រយោជន៍ជាតិ និងប្រជាជនជាធំ រួមសុខរួមទុក្ខ ប្រមូល ឬកៀរគរកម្លាំង ប្រជាជាតិទាំងមូល ដែលមានឧត្តមគតិស្នេហាជាតិ មាតុភូមិ ស្រឡាញ់ប្រជាធិបតេយ្យ សេរីភាព សន្តិភាព ដោយមិនប្រកាន់និន្នាការនយោបាយ ជំនឿ សាសនា ជនជាតិ និងឋានៈ ដើម្បីរួបរួមគ្នា ជាកម្លាំងសាមគ្គីជាតិ យ៉ាងរឹងមាំ ក្នុងការការពារបូរណភាពទឹកដី កសាងប្រទេសជាតិ ឯករាជ្យ សេរីភាព អព្យាក្រឹត្យ ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម ស្ថិតក្រោមម្លប់ដ៏ត្រជាក់នៃសុខសន្តិភាព ដែលបានមកពីការដឹកនាំ របស់គណបក្សប្រជាជនកម្ពុជា ។

លោក ខឹម ចន្ទបូរមី តំណាងអង្គមីន្ទីងបានថ្លែងចំណាប់អារម្មណ៍ដោយបានសម្តែងនូវក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលទាំងថ្នាក់ដឹកនាំ និងសមាជិក សមាជិកា ជាច្រើនបានជួបជុំគ្នាអបអរសាទរខួបលើកទី ៧១ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា។ លោកស្រីបានថ្លែងនៅក្នុងអង្គមីន្ទីង ដោយបានបញ្ជាក់ពីគុណូបការៈដ៏វិសេសថ្លៃថ្លា ដែលគណបក្សប្រជាជនកម្ពុជា បានសម្រេចបានជាង ៤៧ឆ្នាំកន្លងមក ហើយនិងកំពុងបន្តដឹកនាំប្រទេសឆ្ពោះទៅមុខយ៉ាងរឹងមាំ លើមាគ៌ាសនិ្តភាព ប្រជាធិបតេយ្យ និងអភិវឌ្ឍន៍ ដែលតាងនាមឲ្យសមាជិក សមាជិកា ចូលរួមក្នុងថ្ងៃនេះអាចបញ្ជាក់បានពីការផ្តល់ជំនឿចិត្ត និងការគាំទ្រយ៉ាងធំធេង ចំពោះការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។ លោកស្រី ថ្លែងនៅចំពោះមុខអង្គមីន្ទីង ដោយបានធ្វើការបេជ្ញាចិត្តយ៉ាងមោះមុត និងគាំទ្រដាច់ខាតក្នុងការចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ដើម្បីបុព្វហេតុស្នេហាជាតិដ៏ឧត្តុងឧត្តម ហើយមិនអនុញ្ញាតឲ្យមានពន្លកនៃបដិវត្តពណ៌ កើតមានលើមាតុភូមិជាទីស្នេហាមួយនេះបានឡើយ។

ជាទីបញ្ចប់ លោកជំទាវ កិតិ្តសិង្គហបណ្ឌិត ឃួន សុដារី បានអំពាវនាវឲ្យសមាជិកទាំងអស់ បន្តពង្រឹង និងពង្រីកសេវាសង្គមកិច្ច សម្រាប់ជនងាយរងគ្រោះ លើកកម្ពស់ស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋឲ្យបានល្អប្រសើរ និងបន្តជំរុញធ្វើសមាហរណកម្មកម្ពុជា ជាមួយសហគមន៍អន្តរជាតិ ទាំងក្របខណ្ឌតំបន់ និងពិភពលោក ព្រមទាំងបន្តប្រកាន់ជំហរយ៉ាងរឹងមាំ ក្នុងការថែរក្សាសមិទ្ធផលធំធេង មិនអាចកាត់ថ្លៃបានរបស់សង្គមជាតិ ជាពិសេសសុខសន្តិភាព និងស្ថិរភាពនយោបាយ៕ ប្រភព ៖ រដ្ឋសភា

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner