ជ្រូកគូលេន កំពុងមានតម្រូវការទីផ្សារខ្ពស់ ខណៈដែលការផ្គត់ផ្គង់នៅមានកម្រិត

(សៀមរាប)៖ ជ្រូកគូលេន ដែលត្រូវបានប្រជាពលរដ្ឋចិញ្ចឹមនៅលើខ្នងភ្នំគូលេន កំពុងមានតម្រូវការទីផ្សារខ្ពស់ ដោយសារតែមានរសជាតិឆ្ងាញ់ ហើយមានការកើនឡើងជារៀងរាល់ថ្ងៃនូវការបញ្ជាទិញយកទៅលក់នៅខេត្តសៀមរាប និងនៅរាជធានីភ្នំពេញ សំរាប់ការផ្គត់ផ្គង់ទៅអតិថិជនវិញនោះគឺនៅមានកម្រិតនៅឡើយ ។

បើតាមការបញ្ជាក់ពីប្រជាសហគមន៍បានឱ្យដឹងថា ជ្រូកគូលេន បច្ចុប្បន្ននេះ កំពុងមានតម្រូវការទីផ្សារខ្ពស់បំផុត ពោលគឺប្រសិនបើចង់ហូបគឺត្រូវប្រាប់មុនទើប អាចផ្គត់ផ្គង់ទៅដល់ភ្ញៀវបាន ព្រោះថាសាច់វាឥតមានខ្លាញ់ និងមានឱជារសឆ្ងាញ់ សាច់វារសជាតិបែបធម្មជាតិ ទើបប្រជាពលរដ្ឋឥឡូវនិយមចូលចិត្តទិញជ្រូកភ្នំគូលេនខ្វៃទៅបរិភោគជាងជ្រូកធម្មតា។

លោក ហាប់ ឈៀវ សមាជិកសហគមន៍តំបន់ការពារព្រៃធំអន្លងធំ ដែលជាអ្នកទទួលខ្វៃជ្រូកផងនោះ បានឱ្យដឹងថា «ជ្រូកភ្នំគូលេន ឬជ្រូកគូលេន វាខុសនឹងជ្រូកចិញ្ចឹម ដោយសារជ្រូកចិញ្ចឹមវាអត់ឆ្ងាញ់ វាមានខ្លាញ់ច្រើន ហើយជ្រូកភ្នំគូលេនវាអត់សូវមានខ្លាញ់នោះទេ ប្រជាពលរដ្ឋតែងតែចូលចិត្តញ៉ាំវាខ្លាំង។ ជ្រូកនេះយើងអាចហៅថាជាជ្រូកធម្មជាតិក៏បានដែរ ពលរដ្ឋគាត់ចិញ្ចឹមមិនប្រើថ្នាំនោះទេ គេព្រលែងវាចោលឱ្យស៊ីបាយ នឹងដើមចេក អ៊ីចឹងការចិញ្ចឹមជ្រូកបែបធម្មជាតិ វាតែងតែមានរសជាតិឆ្ងាញ់ជាងជ្រូក ដែលចិញ្ចឹមស៊ីចំណីហើយ »។

ពាក់ព័ន្ធនឹងការចិញ្ចឹមជ្រូកបែបធម្មជាតិនេះ គឺងាយស្រួល និងមិនស្មុគស្មាញឡើយ ទាំងចំណី ការចិញ្ចឹម និងការមើលថែ។ បើតាមអ្នកស្រុកស្វាយលើ ខេត្តសៀមរាបរូបនេះ ចំណីសម្រាប់ប្រភេទជ្រូកភ្នំគូលេនេះ មានដូចជា បបរ បាយ ផង់អង្ករ ដំឡូងមី និងដើមចេកជាដើម។ បន្ទាប់ពីផ្ដល់ចំណីហើយ ជ្រូកទាំងនោះត្រូវបាន កសិករលែងឱ្យដើរ។ ក្រោយចិញ្ចឹមបានប្រមាណ ២ខែកន្លះ ទៅបីខែ និងមានទម្ងន់ចន្លោះពី៨-១៣គីឡូក្រាម កសិករអាចចាប់លក់ បានតំលៃចាប់ពី៤៥ម៉ឺនរៀលទៅ៥៥ម៉ឺនរៀលតាមតូចតាមធំ។ ប៉ុន្តែពលរដ្ឋចំនួនក៏បានខាត់បង់ដែរដោយសាររតែវាឆាប់ងាប់ដោយសាររតែជំងឺ។

យោងតាមការបញ្ជាក់ពី ឯកឧត្តម ខៀវ បូរិន អគ្គនាយកនៃអគ្គនាយកដ្ឋានមូលដ្ឋាននៃក្រសួងបរិស្ថាន និងជានាយកគម្រោង «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា» បានឱ្យដឹងថា ជ្រូកព្រៃត្រូវបានបែងចែកជាច្រើនប្រភេទទៅតាមតមបន់ សំរាប់ជ្រូកកណ្តុរ គឺជាប្រភេទជ្រូកតូចៗច្រមុះស្រួចដែល ខ្លួនវែង ភាគច្រើនគេចិញ្ចឹមនៅខេត្តកំពត ។

ឯជ្រូកចិញ្ចឹមនៅភ្នំគូលេនគឺវាពិសេស ដោយសារការចិញ្ចឹមគឺលក្ខណៈធម្មជាតិ ហើយត្រូវបានប្រជាជនចិញ្ចឹមនៅលើដងភ្នំគូលេនតែម្តង ។ នៅពេលដែលមេជ្រូកស្រុករកឈ្មោលវាដើរចូលព្រៃបានបង្កាត់ជាមួយបាជ្រូកព្រៃ ហើយបង្កើតបានជាជ្រូកគូលេនមួយដែលមានលក្ខណៈជាក់លាក់មួយ។ កន្លងមកក្រសួងបរិស្ថានធ្លាប់បានជំរុញឱ្យកសិករចិញ្ចឹមជ្រូកប្រភេទនេះ ឱ្យបានច្រើននៅតាមតំបន់ សហគមន៍ធម្មជាតិ ព្រមទាំងការចែកឱ្យចិញ្ចឹមផងដែរ ដើម្បីជាស្បៀងសម្រាប់ហូបចុកក្នុងក្រុមគ្រួសារ និងសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ហើយធ្វើឱ្យកសិករអាចរកប្រាក់ចំណូលបន្ថែម ដោយមិនត្រូវពឹងផ្អែកតែការធ្វើស្រែចម្ការមួយមុខឡើយ៕ ដោយ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner