សម្តេចតេជោដាស់តឿនកីឡាករជនពិការប្រុងប្រយ័ត្នការឆ្លងកូវីដ១៩ (Video Inside)
សម្តេចតេជោ ហ៊ុន សែន បានដាស់តឿនកីឡាជនពិការកម្ពុជាត្រូវប្រុងប្រយ័ត្នការឆ្លងជម្ងឺកូវីដ ១៩ ខណៈដែលត្រូវត្រៀមចូលរួមប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១១ នៅប្រទេសឥណ្ឌូនេស៊ី រវាងពីថ្ងៃទី៣០ខែកក្កដា ដល់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២។
ប្រសាសន៍ដាស់តឿននៅ ថ្ងៃទី៦កក្កដាក្នុងឱកាសទទួលជួបគណៈប្រតិភូកីឡាជនពិការកម្ពុជានេះ បានធ្វើឡើងខណៈ តួលេខឆ្លងកូវីដ១៩ទាំងក្នុងតំបន់អាស៊ាននិងក្នុងពិភពលោកនៅមិនទាន់បានស្ងប់ស្ងាត់នៅ ឡើយទេ។
សម្តេចបានបញ្ជាក់ថាក្នុងអាស៊ាននេះ ប្រទេសដែលមានការឆ្លងខ្ពស់គឺប្រទេសសឹង្ហបុរី, ខណៈ វៀតណាមនិងប្រទេសថៃ តួលេខឆ្លងបានធ្លាក់ចុះខណៈកម្ពុជានេះវិញការឆ្លងមានតូលេខទាប ។
សម្តេចបានថ្លែងបន្តថាស្ថានភាពឆ្លងកូវីដ១៩នៅលើពិភពលោក នៅតែមានសភាពមិនធម្មតាខណៈដែលនៅទ្វីបអឺរ៉ុប គឺនៅប្រទេសបារាំងនិងអ៊ីតាលី រលកឆ្លងខ្លាំងនៅទីនោះត្រូវគេ ចាត់ទុកជារលកឆ្លងលើកទី៧ហើយ។
សម្តេចបានថ្លែងថានៅបារាំងក្នុងរយៈពេល២៤ម៉ោង ចុងក្រោយនេះ មានករណីឆ្លងជាង២០ម៉ឺននាក់និងស្លាប់៧៥នាក់, ចំណែកនៅប្រទេស អ៊ីតាលី មានចំនួនអ្នកឆ្លងជាង១៣ម៉ឺននាក់និងមានអ្នកស្លាប់៩៤នាក់ រីឯការឆ្លងក្នុងប្រទេសអេស្ប៉ាញ មានចំនួនប្រមាណ១ម៉ឺន៧ពាន់នាក់។ ចំណែកក្នុងប្រទេសកម្ពុជានេះវិញក្នុងរយៈពេល២៤ ម៉ោងចុងក្រោយនេះ ការឆ្លងមានចំនួន៧នាក់ ប៉ុន្តែទោះជាមានចំនួនតិច សម្តេចបានថ្លែង អំពាវនាវពលរដ្ឋបន្តការប្រុងប្រយ័ត្ននិងការបន្តទទួលវ៉ាក់សាំងដូសជំរុញដោយមិនត្រូវភ្លេច ឡើយ។ សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងថាការទទួលបានការចាក់វ៉ាក់សាំងដូសជម្រុញកាន់ តែច្រើនគឺកាន់តែជំរុញធ្វើឱ្យប្រទេសកាន់តែមានភាពស៊ាំខ្លាំងក្នុងសហគមន៍។
យោងតាមក្រសួងសុខាភិបាល យុទ្ធនាការចាក់វ៉ាក់សាំងដូសទី៥ រយៈពេល ២៧ថ្ងៃមកនេះ មានពលរដ្ឋទៅចាក់បានចំនួន ៣៣ម៉ឺន ៤ពាន់ ៧៨៤នាក់។ តួលេខអ្នកចាក់វ៉ាក់សាំងដូសទី៤ ក្នុងរយៈពេល ២៤ម៉ោង មក នេះបានចំនួន ១ម៉ឺន ២ពាន់ ៣០នាក់ ដែលកើនឡើងចំនួន ២ពាន់ ៥០៨នាក់ បើប្រៀបធៀបនឹងម្សិលមិញ, ចំណែកតួលេខអ្នកចាក់វ៉ាក់សាំង ដូសទី៣ នោះវិញ, រយៈពេល ២៤ម៉ោងមកនេះមានចំនួន ៧ពាន់ ១៦៥ ដែលច្រើនជាងម្សិលមិញចំនួន ១ពាន់ ២២៩នាក់ ផងដែរ ។ តួលេខអ្នកចាក់វ៉ាក់សាំងដូសមូលដ្ឋានទូទាំង ប្រទេសគិតត្រឹម ថ្ងៃ០៦ កក្កដា បានកើនដល់ ចំនួន ១៥លាន ៩ម៉ឺន ២ពាន់ ៥៥១នាក់ ដែលស្មើនឹង ៩៤,៣៣ ភាគរយ ។