បណ្ឌិត ហ៊ុន ម៉ាណែត ថ្លែងថារាជរដ្ឋាភិបាលប្តេជ្ញាការពារទឹកដីមិនឱ្យបាត់បង់សូម្បី១មីលីម៉ែត្រ (Video Inside)
បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថារាជរដ្ឋាភិបាលប្តេជ្ញា អនុវត្តយ៉ាងម៉ឺងម៉ាត់នូវគោលការណ៍ ការពារបូរណភាពទឹកដី ដោយមិនឱ្យបាត់បង់សូម្បី ១មីលីម៉ែត្រ។
ប្រសាសន៍បញ្ជាក់របស់ បណ្ឌិត ហ៊ុន ម៉ាណែត បានធ្វើឡើងក្នុងឱកាសធ្វើជាតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងពិធីកាត់ឫសសីមាព្រះវិហារថ្មី និងសម្ពោធឆ្លងសមិទ្ធផល នានាក្នុង “វត្តមរតកតេជោបុរីស្វរៈ” ដែលស្ថិតនៅភូមិធម្មជាតិសម្តេចតេជោ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ពិធីព្រះពុទ្ធសាសនានេះ គឺធ្វើឡើងជាមួយនឹងពិធីអបអរ សាទរខួបលើកទី១៤ នៃការចុះបញ្ជីប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភព លោក ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២ផងដែរ។
បណ្ឌិត ហ៊ុន ម៉ាណែត ដែលជាបេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជាបានថ្លែង ថារាជរដ្ឋាភិបាលកម្ពុជា នៅបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់នូវគោល ការណ៍ការពារបូរណភាពទឹកដី ដោយមិនឱ្យបាត់បង់សូម្បី ១ មីលីម៉ែត្រ ហើយក៏មិនរំលោភ បំពានប្រទេសជិតខាងសូម្បី ១ មីលីម៉ែត្រដូចគ្នា។
លោកបានថ្លែងទៀតថារាជរដ្ឋាភិបាល ប្តេជ្ញាធានាការបន្តអភិវឌ្ឍនៅតំបន់ ព្រំដែន និងកែប្រែតំបន់អតីតសមរភូមិឱ្យប្រែក្លាយជាតំបន់ ពោរពេញដោយសុខសន្តិភាព ស្ថិរភាព និងកំណើនសេដ្ឋកិច្ច។
បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងទៀតថាសម្តេចតេជោ នឹងនៅ បន្តដឹកនាំធានាការពារដាច់ខាតនូវបូរណភាពរបស់ប្រាសាទព្រះវិហារ និងតំបន់ជុំវិញ ដែល ជាកេរដំណែលវប្បធម៌ប្រវត្តិសាស្ត្រ ព្រមជាមួយនឹងការបន្តខិតខំថែរក្សាអភិរក្សស្របតាម បទដ្ឋានបច្ចេកទេសរបស់អង្គការ UNESCO។