ឧបនាយករដ្ឋមន្ត្រីប្រចាំការ ជួបពិភាក្សាការងារជាមួយ តំណាង ប្រទេសផ្តល់ជំនួយ សម្រាប់សាលាក្តីខ្មែរក្រហម
ភ្នំពេញ៖ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិនឧបនាយករដ្ឋមន្ត្រី ប្រចាំការរដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីនិងជាប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលសម្រាប់ទ្រទ្រង់ដំណើរការកាត់សេចក្តីរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា(អ.វ.ត.ក.)ឬហៅកាត់ថាសាលាក្តីខ្មែរក្រហម កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ នៅទីស្តីការ គណៈរដ្ឋមន្ត្រី បានជួបពិភាក្សាការងារជាមួយ បណ្តាប្រទេស ផ្តល់ជំនួយសំខាន់ៗ ប្រមាណ១០ប្រទេស រួមមាន៖ អូស្ត្រាលី សហភាពអឺរ៉ុប បារាំង ជប៉ុន ស៊ុយអែត អង់គ្លេស និងតំណាង ទូតមួយចំនួននៅរាជធានីភ្នំពេញ។ គណៈប្រតិភូនេះ គឺមានលោកស្រី Alexandra Hutchison តំណាងប្រទេសអូស្ត្រាលី ជាប្រធានប្រតិភូ តំណាងប្រទេសផ្តល់ជំនួយ និងជាអ្នកធ្វើរបាយការណ៍ ទៅបណ្តា ប្រទេសផ្តល់ជំនួយទៅទីក្រុងញូវយ៉ក។ ដោយឡែកលោកស្រី Hanna Dreifeldt គឺជាមន្ត្រីច្បាប់ជាន់ខ្ពស់របស់ការិយាល័យ ទទួលបន្ទុក កិច្ចការច្បាប់របស់ អ.ស.ប ក៏បានអញ្ជើញ ចូលរួមនៅក្នុងកិច្ច ប្រជុំ នេះផងដែរ ។
ក្នុងឱកាសនេះឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានមានប្រសាសន៍ថា រហូតមកដល់ ពេលនេះ អ.វ.ត.ក. បានដំណើរការកាត់សេចក្តីប្រកបដោយជោគជ័យ និងជិតបិទបញ្ចប់ ដំណើរការកាត់សេចក្តីហើយ គឺគ្រោងនឹងបញ្ចប់ សំណុំរឿងចុងក្រោយ របស់ខ្លួននៅត្រឹមត្រីមាសទី៤ ឆ្នាំ២០២២នេះ។ ជំនួសមុខឱ្យ រាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន បានថ្លែងអំណរគុណដល់បណ្តាប្រទេសផ្តល់ជំនួយទាំងអស់ ដែលបានរួមចំណែកផ្តល់ថវិកាដល់ អ.វ.ត.ក. ដែលសម្រេចបាន សមិទ្ធផល ការងារប្រកបដោយជោគជ័យ ហើយដែលជោគជ័យនេះ គឺជា ជោគជ័យរួមទាំងអស់គ្នា ទាំងរាជរដ្ឋាភិបាលកម្ពុជា អង្គការសហ ប្រជាជាតិ និងសហគមន៍អន្តរជាតិ ដែលកន្លងមកបានរួមសហការគ្នា បានយ៉ាងល្អ ហើយដែល អ.វ.ត.ក. អាចក្លាយជាគំរូតុលាការមួយ សម្រាប់ ការវិនិច្ឆ័យទោសចំពោះឧក្រិដ្ឋកម្មធ្ងន់ៗ និងការសម្លាប់ រង្គាលនាពេលអនាគតលើឆាកអន្តរជាតិ និងជាពិសេសនៅថ្នាក់តំបន់។
ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន បានមានប្រសាសន៍ បន្ថែមថា អ.វ.ត.ក. នៅមានការងារសំខាន់ៗចំនួនពីរទៀត ដែល រាជរដ្ឋាភិបាលកម្ពុជា សម្រេចបាននូវកិច្ចព្រមព្រៀងបន្ថែម ជាមួយ អង្គការសហប្រជាជាតិ សម្រាប់អនុញ្ញាតឱ្យ អ.វ.ត.ក. អនុវត្តបន្តនូវ មុខងារដែលនៅសេសសល់ រួមមាន៖ ទី១) ការគ្រប់គ្រង បណ្ណសារ នៃសំណុំរឿងកាត់សេចក្តីរបស់អ.វ.ត.ក. គឺត្រូវរក្សាទុកឱ្យអនុលោម ទៅតាមស្តង់ដារអន្តរជាតិ និងអនុញ្ញាតឱ្យសាធារណជន អាចចូល ពិនិត្យមើល និងសិក្សាបានយ៉ាងទូលំទូលាយ និងទី២) ការងារអប់រំ និងផ្សព្វផ្សាយស្តីពីសមិទ្ធផលរបស់អ.វ.ត.ក. គឺមានសារៈសំខាន់ ដែលគប្បីជំរុញអនុវត្តឱ្យកាន់តែទូលំទូលាយដល់សាធារណជន និងអ្នកស្រាវជ្រាវជាតិ-អន្តរជាតិ ព្រមទាំងលើកកម្ពស់ការងារកេរ ដំណែល របស់អ.វ.ត.ក.ឱ្យកាន់តែមានលក្ខណៈរឹងមាំ ដើម្បីបន្តអប់រំ ដល់មនុស្សជំនាន់ក្រោយ ក្នុងគោលដៅទប់ស្កាត់ការវិលត្រឡប់មកវិញ នៃរបបប្រល័យពូជសាសន៍នៅកម្ពុជា ក៏ដូចជានៅលើសកលលោក។
ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន បានប្រាប់ទៅ តំណាង ប្រទេស ផ្តល់ជំនួយផងដែរថា រាជរដ្ឋាភិបាលកម្ពុជានឹងបន្តផ្តល់ ថវិកាដល់ អ.វ.ត.ក. នៅអំឡុងពេលអនុវត្តមុខងារសេសសល់និង ក៏បានសំណូមពរស្នើសុំឱ្យប្រទេសផ្តល់ជំនួយបន្តផ្តល់ការគាំទ្រដល់អ.វ.ត.ក.ជាបន្តទៀត ដោយ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន បានសង្កាត់ធ្ងន់ថា ការចូលរួមបន្តកិច្ចសហការរបស់សហគមន៍ អន្តរជាតិ ក្នុងការបន្តផ្តល់ថវិកា គឺដើម្បីឱ្យ អ.វ.ត.ក. ដំណើរការទៅ ដោយរលូន ជោគជ័យ និងប្រកបដោយកិត្តិយស។
ជាការឆ្លើយតប ទាំងលោកស្រី Alexandra Hutchison តំណាង ប្រទេសផ្តល់ជំនួយសម្រាប់សម្របសម្រួលដឹកនាំកិច្ចប្រជុំ និង លោកស្រី Hanna Dreifeldt មន្ត្រីច្បាប់ជាន់ខ្ពស់ របស់ការិយាល័យ ទទួលបន្ទុកកិច្ចការច្បាប់របស់ អ.ស.ប. បានវាយតម្លៃខ្ពស់ ចំពោះ ជោគជ័យរបស់ អ.វ.ត.ក. ដែលរាជរដ្ឋាភិបាលកម្ពុជា បានគាំទ្រ ចូលរួមយ៉ាងមោះមុត និងបានបញ្ជាក់ថាជោគជ័យ ដែលសម្រេច បានរបស់ អ.វ.ត.ក. គឺពិតជាកើតចេញពីការជឿទុកចិត្តគ្នា និងការរួម សហការគ្នាបានល្អក្នុងគ្រប់ដំណាក់កាលនៃដំណើរការកាត់សេចក្តី។ ដោយសារតែជំនឿទុកចិត្តនេះហើយ លោកស្រី Alexandra Hutchison បានបញ្ជាក់នូវគោលជំហរយ៉ាងច្បាស់លាស់ថា បណ្តាប្រទេសផ្តល់ជំនួយប្តេជ្ញាបន្តគាំទ្រកិច្ចសហការក្នុងដំណើរការរបស់តុលាការដែលនៅសេសសល់នេះ ទាំងការគ្រប់គ្រងបណ្ណាសារ ការផ្សព្វផ្សាយ រួមទាំងការរក្សាកេរដំណែលរបស់តុលាការ ធ្វើយ៉ាង ណាឱ្យ អ.វ.ត.ក. សម្រេចបានជោគជ័យ ដោយការបិទ បញ្ចប់កិច្ចការ របស់ខ្លួន នៅចុងឆ្នាំ២០២២នេះ ប្រកបដោយកិត្តិយស។
ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន បានគូសបញ្ជាក់ថា ការផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ គឺមិនមែនជាការសងសឹក ប៉ុន្តែ គឺជាការផ្តល់ទំនុកចិត្តដល់តុលាការកាត់សេចក្តី និងបានសម្តែង នូវការថ្លែងអំណរគុណដល់ក្រុមកាងារនៃបណ្តាប្រទេសផ្តល់ជំនួយដែលបានជួបពិភាក្សាការងារ ព្រមទាំងបានប្តេជ្ញាបន្តគាំទ្រការងារ ដែលនៅសេសសល់របស់ អ.វ.ត.ក. ឱ្យបន្តដំណើរការ ដើម្បីឈាន ដល់ការបិទបញ្ចប់ក្នុងពេលអនាគតខាងមុខ ដែលសមិទ្ធផល ទាំងអស់កើតចេញពីកិច្ចសហការរួមគ្នានេះ ធ្វើឱ្យអ.វ.ត.ក. សម្រេចបានជោគជ័យដ៏ធំធេង មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ៕
ដោយ៖ ង៉ាន់ ទិត្យ