ក្រសួងការបរទេសបង្ហាញលទ្ធផលនៃកិច្ចប្រជុំលើកទី១៤នៃគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី
ភ្នំពេញ៖តបតាមការអញ្ជើញរបស់ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម សាលើមសៃ គុំម៉ាស៊ីត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានដឹកនាំគណៈប្រតិភូអញ្ជើញចូលរួម និងធ្វើជាសហប្រធាននៃកិច្ចប្រជុំលើកទី១៤ នៃគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី (JCBC) នៅថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ ២០២២ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិថ្ងៃទី៧ខែកក្កដាឆ្នាំ២០២២បានឱ្យដឹងថា មុនពេលកិច្ចប្រជុំឯកឧត្តម សាលើមសៃ គុំម៉ាស៊ីត បានចូលជួបសម្តែងការគួរសមជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម បានសម្តែងនូវ ការ អបអរសាទរចំពោះជោគជ័យដ៏ធំធេងរបស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹក នាំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅក្នុងការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ លើកទី ៥ កាលពីថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ ២០២២។ ឯកឧត្តម សាលើមសៃ គុំម៉ាស៊ីត បានពាំនាំនូវការថ្លែងអំណរគុណ របស់ឯកឧត្តមបណ្ឌិត ផនខាំ វីផាវ៉ាន់ នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ជូនចំពោះ សម្តេចតេជោនាយករដ្ឋមន្ត្រី សម្រាប់ការផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុ និងគ្រឿងបរិក្ខារពេទ្យដល់ប្រទេសឡាវ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ និងបានគូសបញ្ជាក់នូវការគាំទ្រយ៉ាងពេញទំហឹងរបស់ឡាវសម្រាប់ការធ្វើជាប្រធានអាស៊ានរបស់កម្ពុជានៅឆ្នាំ ២០២២ នេះផងដែរ។
សម្ដេចតេជោនាយករដ្ឋមន្ត្រីបានអបអរសាទរចំពោះ ឯកឧត្តម សាលើមសៃ គុំម៉ាស៊ីត ដែលត្រូវបានតែងតាំងជាឧបនាយករដ្ឋមន្ត្រី បន្ថែមលើមុខតំណែងជារដ្ឋមន្ត្រីក្រសួងការបរទេសនាពេលបច្ចុប្បន្ន។ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានសម្តែងនូវការពេញចិត្តចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អដែលមានស្រាប់រវាងប្រទេសទាំងពីរ និងបានផ្តល់អនុសាសន៍ឱ្យភាគីទាំងពីរបន្តលើកកម្ពស់ទំនាក់ទំនងនេះឲ្យកើនឡើងដល់កម្រិតខ្ពស់ជាងនេះទៀត។
នៅក្នុងកិច្ចប្រជុំ JCBC លើកទី ១៤ ឯកឧត្តម ប្រាក់ សុខុន និងឯកឧត្តម សាលើមសៃ គុំម៉ាស៊ីត បានពិនិត្យ មើលអំពីវឌ្ឍនភាពនៃការអនុវត្តកំណត់ហេតុនៃកិច្ចប្រជុំ JCBC លើកទី ១៣ ក៏ដូចជាសេចក្តីសម្រេចនានារបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ដោយផ្ទៀងផ្ទាត់លើគ្រប់ទិដ្ឋភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគីរួមមាន នយោបាយ -សន្តិសុខ សេដ្ឋកិច្ច សង្គម កិច្ចសហប្រតិបត្តិការអនុតំបន់ និងតំបន់ ក៏ដូចជាការស្វែងរកវិស័យសក្តានុពលសម្រាប់ កិច្ចសហប្រតិបត្តិការនាពេលអនាគត។
រដ្ឋមន្ត្រីការបរទេសទាំងពីរ បានសម្តែងនូវការពេញចិត្តចំពោះការលើកកម្ពស់កម្រិតទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងឡាវ ទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង កាលពីឆ្នាំ ២០១៩ និបានលើក ឡើងពីលទ្ធផលដោយជោគជ័យនៃការផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់នាពេលថ្មីៗនេះរវាងប្រទេសទាំងពីរ ។
ភាគីទាំងពីរបានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នា ក្នុងការពង្រឹងភាពជាដៃគូឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ដើម្បីលើកកម្ពស់ការអភិវឌ្ឍជាតិ និងសុខុមាលភាពរបស់ប្រជាជននៃប្រទេសទាំងពីរព្រមទាំងដើម្បីដោះស្រាយ បញ្ហាប្រឈមក្នុងតំបន់ និងសកលលោកដ៏គួរឲ្យព្រួយបារម្ភនាពេលបច្ចុប្បន្ន ជាពិសេសជំងឺរាតត្បាតកូវីដ-១៩ ការស្តារសេដ្ឋកិច្ចឡើងវិញក្រោយជំងឺរាតត្បាត និងការរួមគ្នាលើកកម្ពស់សន្តិភាព ស្ថិរភាព វិបុលភាព និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុង និងក្រៅសហគមន៍អាស៊ាន។
សម្រាប់កិច្ចសហប្រតិបត្តិការនយោបាយ ភាគីទាំងពីរបានសម្ដែងនូវការពេញចិត្តចំពោះវឌ្ឍនភាពនៃការបញ្ចប់ «សេចក្តីព្រាងផែនការសកម្មភាពសម្រាប់ភាពជាដៃគូគ្រប់ជ្រុងជ្រោយ និងយូរអង្វែង ឆ្នាំ ២០២៣-២០២៧» រវាងប្រទេសទាំងពីរ ដែលនឹងត្រូវចុះហត្ថលេខា ក្នុងឱកាសគម្រោងដំណើរទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅកាន់ប្រទេស ឡាវ នាដើមឆ្នាំ២០២៣ ខាងមុខនេះ។
អង្គប្រជុំបានឯកភាពបន្តរក្សាដំណើរ ទស្សនកិច្ច និងកិច្ចប្រជុំជាប្រចាំ រវាងថ្នាក់ដឹកនាំ ក្រសួង ស្ថាប័ន អាជ្ញាធរមូលដ្ឋាន និងទំនាក់ទំនងរវាងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យនានា ក៏ដូចជាដើម្បីពង្រឹងទំនាក់ទំនងមិត្តភាពជាប្រពៃណីកម្ពុជា-ឡាវផងដែរ ។
សម្រាប់វិស័យការពារជាតិ និងសន្តិសុខ ភាគីទាំងពីរបានព្រមព្រៀងគ្នាបង្កើនការត្រួតពិនិត្យ ព្រំដែននៅក្នុងដែនដីរៀងៗខ្លួន និងចាត់វិធានការឲ្យបានទាន់ពេលវេលា ដើម្បីទប់ស្កាត់នូវរាល់បទល្មើសព្រហ្មទណ្ឌគ្រប់ ប្រភេទ តាមរយៈសកម្មភាពយាមល្បាត ដើម្បីទប់ស្កាត់ ត្រួតពិនិត្យ និងបង្ក្រាបបទល្មើស ធនធានធម្មជាតិ ការកាប់ឈើ និងបរបាញ់ខុសច្បាប់ និងបទល្មើសផ្សេងៗទៀតនៅ តាមបណ្ដោយព្រំដែនរវាងប្រទេសទាំងពីរ។ ភាគីទាំងពីរបានពិភាក្សា និងឯកភាពគ្នាលើចំណុចសកម្មភាពជាច្រើន ពាក់ព័ន្ធនឹងកិច្ចការព្រំដែន ជាពិសេសការជំរុញឲ្យភាគីទាំងពីរពន្លឿនការបញ្ចប់ការចរចាពាក់ព័ន្ធនឹងផ្នែកមួយនៃខ្សែព្រំដែនដែលមិនទាន់បោះបង្គោលចំនួន១៤ភាគរយដើម្បីធ្វើការកសាងខ្សែបន្ទាត់ព្រំដែនរវាងប្រទេសទាំងពីរ។
សម្រាប់វិស័យសេដ្ឋកិច្ច ភាគីទាំងពីរបានកត់សម្គាល់ដោយការពេញចិត្តចំពោះការកើនឡើងនៃពាណិជ្ជកម្មទ្វេភាគីក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះទោះបីជាមានជំងឺរាតត្បាតកូវីដ-១៩ ក៏ដោយ។ អង្គប្រជុំបានឯកភាពលើសារសំខាន់នៃការធ្វើការឲ្យកាន់តែជិតស្និទ្ធបន្ថែមទៀត ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យ នេះ រួមទាំងការរៀបចំសកម្មភាពរួមគ្នាដូចជា ការផ្គូផ្គងធុរកិច្ច ការតាំងពិព័រណ៍ និងសិក្ខាសាលា ដើម្បីលើកកម្ពស់កាលានុវត្តភាពពាណិជ្ជកម្មរវាងកម្ពុជា និងឡាវ ទន្ទឹមនឹងការជំរុញសកម្មភាពវិនិយោគទៅវិញទៅមករវាងប្រទេសទាំងពីរ។
សម្រាប់វិស័យអប់រំ ភាគីទាំងពីរបានកត់សម្គាល់អំពីកិច្ចសហប្រតិបត្តិការដ៏ល្អដែលមានស្រាប់ និងបានលើកទឹកចិត្តឲ្យពន្លឿនការអនុវត្តកិច្ចព្រមព្រៀង ស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំសម្រាប់ឆ្នាំ ២០១៩-២០២៣ និងការបន្តអនុស្សរណៈនៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិ-ការក្នុងវិស័យកីឡា។
សម្រាប់វិស័យទេសចរណ៍ ភាគីទាំងពីរបានស្វាគមន៍ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ កាលពីខែមករា ឆ្នាំ២០២២ កន្លងទៅនិងបានលើកទឹកចិត្តឲ្យមានការចាប់ផ្តើមនៃកិច្ចប្រជុំក្រុមការងារទេសចរណ៍ចម្រុះលើកទី១ នៅកម្ពុជា ក្នុងឆ្នាំ២០២២ នេះ។
អង្គប្រជុំក៏បានពិភាក្សា និងរិះរកមធ្យោបាយនានា ក្នុងការពង្រឹងបន្ថែមទៀតនូវកិច្ចសហ-ប្រតិបត្តិការលើវិស័យសំខាន់ៗផ្សេងទៀតផងដែររួមមាន៖ វិស័យហិរញ្ញវត្ថុ វប្បធម៌ ការងារ សុខាភិបាល ឧស្សាហកម្ម ថាមពល កសិកម្ម បរិស្ថាន ដឹកជញ្ជូន ព័ត៌មាន ទូរគមនាគមន៍និងព័ត៌មានវិទ្យា វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍ និងការតភ្ជាប់រវាងប្រជាជននិងប្រជាជន។
សម្រាប់កិច្ចសហប្រតិបត្តិការអនុតំបន់ និងតំបន់ រដ្ឋមន្ត្រីការបរទេសទាំងពីរបានឯកភាពពង្រឹងកិច្ចសហការ និងការគាំទ្រគ្នាទៅវិញទៅមកនៅក្នុងអង្គការអន្តរជាតិ តំបន់ និងអនុតំបន់នានា ដែលប្រទេសទាំងពីរជាសមាជិក។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាលើមសៃ គុំម៉ាស៊ីត បានគូសបញ្ជាក់ពីការគាំទ្រយ៉ាងពេញទំហឹងរបស់ឯកឧត្តម និងបានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងមិនខ្លាចនឿយហត់របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក្នុងតួនាទីជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា ក៏ដូចជាលទ្ធផលជាផ្លែផ្កាដែលទទួលបានកន្លងមក។
កិច្ចប្រជុំលើកទី១៤ នៃគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី (JCBC) ត្រូវបានបញ្ចប់ដោយ រដ្ឋមន្ត្រីការបរទេសទាំងពីរ បានចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចប្រជុំ ដែលនឹងក្លាយជាផែនទីចង្អុលផ្លូវសម្រាប់ប្រទេសទាំងពីរ ក្នុងការធ្វើការរួមគ្នាដើម្បីលើកស្ទួយភាពជាដៃគូដែលមានស្រាប់ឲ្យកើនឡើងទៅកម្រិតថ្មីមួយទៀត។ភាគីទាំងពីរក៏បានឯកភាពរៀបចំកិច្ចប្រជុំ JCBC លើកទី១៥ នៅឆ្នាំ ២០២៤ នៅប្រទេសឡាវ ផងដែរ៕ដោយ៖ពលជ័យ