ប្រតិភូកីឡាប៉េតង់ចេញទៅប្រកួតកីឡាពិភពលោក នៅសហរដ្ឋអាមេរិក

ក្រុមប្រតិភូកីឡាប៉េតង់កម្ពុជាបានទៅដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដើម្បីត្រៀមហោះហើរនៅវេលាម៉ោង១២ និង៤០នាទីរំលងអាធ្រាតយប់ថ្ងៃទី៨ ខែកក្កដានេះ ទៅកាន់សហរដ្ឋអាមេរិក ដែលជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាពិភពលោក ឆ្នាំ២០២២។

ប្រតិភូកីឡាប៉េតង់កម្ពុជាមានចំនួន៥នាក់ គឺកីឡាការិនី អ៊ុក ស្រីមុំ និងកីឡាការិនី អ៊ុន ស្រីយ៉ា ដឹកនាំដោយកញ្ញា គិន សំណាង អគ្គលេខាធិការង សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា លោក ហៀន ថាវរ: មន្រ្តីសហព័ន្ធ និងលោក ចាន់ វិចិត្រ មន្រ្តីព័ត៌មាន។

តាមការបញ្ជាក់ពីកញ្ញា គិន សំណាង គូសបញ្ជាក់ថា ការប្រកួតកីឡាពិភពលោកនេះមានប្រភេទកីឡាច្រើនចម្រុះ ប៉ុន្តែកម្ពុជាបានបញ្ជូនផ្នែកប៉េតង់ចូលរួម ដោយមានកីឡាការិនី២នាក់ គឺកីឡាការិនី អ៊ុក ស្រីមុំ និងកីឡាការិនី អ៊ុន ស្រីយ៉ា ដោយត្រូវប្រកួតលើ២វិញ្ញាសា គឺវិញ្ញាសា២នាក់ទល់២នាក់ និងវិញ្ញាសាវាយកយកពិន្ទុ។ អគ្គលេខាធិការងរូបនេះបន្តថា ប៉េតង់កម្ពុជាសង្ឃឹមថានឹងទទួលបានលទ្ធផលល្អ ដោយសារសហព័ន្ធមានផែនការច្បាស់លាស់ ក្នុងការសម្រិតសម្រាំងកីឡាការិនី ដែលមានបទពិសោធន៍ និងបច្ចេកទេសខ្ពស់ ដោយធ្លាប់ឆ្លងកាត់ការប្រកួតកម្រិតអន្តរជាតិញឹកញាប់ ព្រមទាំងជាម្ចាស់មេដាយមាសកម្រិតអន្តរជាតិទៀតផង។

កីឡាការិនី អ៊ុន ស្រីយ៉ា បានបញ្ជាក់ថា ការចេញទៅលើកនេះ គឺខ្លួនបានត្រៀមលក្ខណៈបានល្អ ដោយបានហ្វឹកហាត់ និងសមផ្នែកបច្ចេទេសជាមួយកីឡាការិនី អ៊ុក ស្រីមុំ ក្នុងការសហការប្រកួតជាក្រុម នៅសហរដ្ឋអាមេរិកនេះ។ កីឡាការិនី អ៊ុន ស្រីយ៉ា បញ្ជាក់ថា ប្រទេសជាឧបសគ្គសម្រាប់ប៉េតង់កម្ពុជា មានចម្លោះពី៨ ទៅ១០ប្រទេស ដូចជា ថៃ បារាំង ដាណាម៉ាកជាដើម ដែលតែងតែប្រកួតយ៉ាងស្វិតស្វាញជាមួយក្រុមជម្រើសជាតិកម្ពុជាលើឆាកអន្តរជាតិ ក្នុងព្រឹត្តការណ៍ធំៗ ដូចជាការប្រកួតកីឡាស៊ីហ្គេម កម្រិតអាស៊ី និងជើងឯកពិភពលោក។

សូមបញ្ជាក់ថា ការប្រកួតកីឡាពិភពលោក ឆ្នាំ២០២២ ធ្វើនៅ ទីក្រុង Birmingham រដ្ឋ អាលឡាបាម៉ា នៃសហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner